បញ្ហាបម្រែបម្រួលអាកាសធាតុ កំពុងធ្វើអោយកើតមានគ្រោះទឹកជំនន់ និងមានភ្លៀងធ្លាក់កាន់តែខ្លាំងហើយវាអាចបណ្តាលអោយកើតមានគ្រោះថ្នាក់កាន់តែច្រើនថែមទៀតផង។ នេះបើយោងតាមវីដេអូខ្លីរបស់អង្គការសុខភាពពិភពលោក (WHO) ដែលបានផ្សាយ កាលពីល្ងាចថ្ងៃទី២៥ ខែតុលានេះ។
WHO បានបញ្ជាក់ទៀតថា គ្រោះទឹកជំនន់ អាចបង្កឲ្យមានរបួសរាងកាយ ការពុល ខ្វះទឹកស្អាត ការរំខានដល់សេវាសុខភាព ការផ្លាស់ទីលំនៅ ជំងឺគាំងបេះដូង ជំងឺផ្សេងៗ និងអាចបណ្តាលឱ្យមនុស្សស្លាប់ថែមទៀតផង។ ដូច្នេះវិបត្តិអាកាសធាតុ បានធ្វើអោយមានប៉ះពាល់ដល់សុខភាពរបស់យើង។
ពាក់ព័ន្ធនឹងគ្រោះទឹកជំនន់នេះ អង្គការសុខភាពពិភាពលោក (WHO) បានបង្ហាញថា វាអាចបង្កើនការចម្លងជំងឺនានា ដែលបណ្តាលមកពីទឹកមិនស្អាត ដូចជា គ្រុនពោះវៀន អាសន្នរោគ គ្រុនចាញ់ និងគ្រុនលឿង ជាដើម។ ជំងឺទាំងអស់នេះ អាចបណ្តាលមកពីការបរិភោគទឹកមិនស្អាត ហើយតំបន់រងគ្រោះដោយទឹកជំនន់ ក៏ជាតំបន់ ដែលសម្បូរទៅដោយសត្វមូស និងផលប៉ះពាល់ពីសារធាតុគីមីផ្សេងៗ។
វិធីការពារសុខភាព សុវត្ថិភាពរបស់អ្នក កំឡុងពេលមានទឹកជំនន់៖
១. ស្វែងយល់អំពីផ្លូវជម្លៀសខ្លួនពីទឹកជំនន់ សញ្ញាព្រមានរបស់សហគមន៍ និងតាមដានអំពីតំបន់ដែលងាយនឹងមានទឹកជំនន់ ឬបាក់ដី។
២. ប្រើក្លរីន (Chlorinating ) សម្រាប់ច្រោះទឹក ឬដាំទឹកឱ្យពុះ សម្រាប់យកមកបរិភោគ និងចំអិនអាហារ។
៣. រក្សាអនាម័យទាំងការរស់នៅ ការហូបចុកឱ្យបានខ្ជាប់ខ្ជួន ដើម្បីធានានូវសុខសុវត្ថិភាពរបស់ខ្លួនអ្នក។
៤. ជៀសវាងការដើរ ឬបើកបរឆ្លងកាត់ និងឈរនៅតំបន់លិចទឹក ព្រោះនៅក្នុងទឹក អាចមានសារធាតុគីមី ដែលអាចប៉ះពាល់ដល់សុខភាព ហើយនៅតបន់ខ្លះ អាចមានខ្សែភ្លើងអគ្គិសនីធ្លាក់ចូលទឹកផងដែរ។ ប្រសិនបើបើកបរនៅតំបន់លិចទឹក ដែលមិនស្គាល់ច្បាស់លាស់ អាចធ្វើអោយមានគ្រោះថ្នាក់ ជាដើម។
៥. បោះចោលអាហារណា ដែលបានប៉ះពាល់ ឬធ្លាក់ចូលក្នុងទឹកជំនន់ ព្រោះវាអាចធ្វើអោយអ្នកកើត ជំងឺនានា ដែលបង្កឡើងដោយបាក់តេរី បើសិនជាអ្នកបរិភោគចំណីអាហារ ដែលធ្លាក់ចូលទឹកនោះ។
៦. សម្អាតផ្ទះរបស់អ្នកជានិច្ច ប្រសិនផ្ទះរបស់អ្នកនៅក្នុងទឹកជំនន់៖ បោះចោលរបស់របរណា ដែលមិនអាចលាងសម្អាតបាន និងត្រូវបោកគក់ ខ្នើយ ពូក សម្អាតជញ្ជាំង កម្រាលឥដ្ឋ និងផ្ទៃផ្សេងទៀតទាំងអស់ ជាមួយសាប៊ូ។
៧. ការពារពីមូស៖ ប្រសិនបើផ្ទះរបស់អ្នកស្ថិតនៅក្នុងតំបន់ ដែលមានទឹកជន់លិច ឬទឹកហូរចូល ត្រូវប្រើថ្នាំសម្លាប់មូស តាមការណែនាំរបស់ក្រសួង លាបថ្នាំការពារមូសលើសម្លៀកបំពាក់ និងស្បែក។
៨. ស្លៀកពាក់ខោអាវដៃវែង ជើងវែង និងត្រូវដាក់មុងនៅពេលគេង៕
ប្រភព៖ WHO៖ www.who.int
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង