ការប្រើប្រាស់បច្ចេកវិទ្យា ពិតជាមានសារៈសំខាន់ សម្រាប់សេវាសុខាភិបាល ក្នុងនោះ មានបច្ចេកវិទ្យា Virtual Reality (VR) ផងដែរ។ អ្នកផ្ដល់សេវាសុខាភិបាល មានជំនឿលើការប្រើប្រាស់បច្ចេកវិទ្យា VR ក្នុងការជួយដល់អ្នកជំងឺផ្លូវចិត្តមួយចំនួន រួមមាន ជំងឺស្ត្រេសក្រោយការប៉ះទង្គិចផ្លូវចិត្ត (PTSD) និងជំងឺថប់បារម្ភ ជាដើម។ល។
ការសិក្សាក្នុងឆ្នាំ១៩៩៥ បានរកឃើញថា ការប្រើប្រាស់បច្ចេកវិទ្យា VR អាចជួយឲ្យមនុស្សមួយចំនួន កាត់បន្ថយភាពភ័យខ្លាចនៅទីកន្លែងខ្ពស់។ ក្នុងការសិក្សានោះ គេឃើញថា ដោយប្រើ VR នៅទីតាំងខ្ពស់ មនុស្សមានអាការៈថប់បារម្ភទាបជាងមុន និងអាចជម្នះការគេចវេសពីទីតាំងខ្ពស់។
បច្ចេកវិទ្យា VR គឺជាបច្ចេកវិទ្យា ដែលអ្នកផ្ដល់សេវាសុខភាព អាចគ្រប់គ្រងបានពេញលេញ និងបង្ហាញរូបភាព ដែលខ្លួនចង់បង្ហាញ។ Virtual Reality គឺជារូបភាពបរិយាកាស ឬមជ្ឈដ្ឋានជុំវិញខ្លួន ជាលក្ខណៈ 3D ដែលមនុស្សអាចមើលឃើញ ដោយពាក់នូវឧបករណ៍ VR ហើយមនុស្សអាចធ្វើអន្តរកម្មបាន ជាមួយបរិយាកាសនោះបាន។ អន្តរកម្មនេះ ជាអន្តរកម្មសិប្បនិម្មិត ដែលបង្រៀនឱ្យអ្នកជំងឺប្រឈមនឹងស្ថានភាពតានតឹង ឬភាពភ័យខ្លាចរបស់ខ្លួន។
ក្នុងការព្យាបាលបញ្ហាផ្លូវចិត្ត VR មាននាទីស្រដៀងនឹងថ្នាំវេជ្ជសាស្ត្រ ដែលគ្រូពេទ្យផ្ដល់ក្នុងការព្យាបាលអ្នកជំងឺដែរ។ បច្ចេកវិទ្យា VR ផ្ដល់នូវជម្រើស Prescription ច្រើន សម្រាប់អ្នកជំងឺក្នុងការជ្រើសរើស វេទិកា បទពិសោធន៍ និងវិធីប្រើប្រាស់ផ្សេងៗ ដែលសមស្របទៅតាមស្ថានភាព និងភាពដែលអាចទទួលយកបានរបស់អ្នកជំងឺ។
គួរបញ្ជាក់ថា ការប្រើប្រាស់បច្ចេកវិទ្យា VR ក្នុងវិធីព្យាបាលនេះ អាចបង្កឲ្យអ្នកជំងឺមួយចំនួន ជួបអាការៈក្អួតចង្អោរ។ ទន្ទឹមនឹងនេះ ព័ត៌មានរបស់អ្នកជំងឺ ក៏ត្រូវបានគេកត់ត្រាទុក ដូចនេះ ការរក្សាឯកជនភាពរបស់អ្នកជំងឺ គឺជារឿងសំខាន់ និងគួរមានការរក្សា និងព្រមព្រៀងឲ្យបានល្អ។
ក្រៅពីនេះ ការប្រើប្រាស់បច្ចេកវិទ្យា VR នៅមានកម្រិតទាបនៅឡើយ។ អ្នកស្រាវជ្រាវជឿថា ភាពច្នៃប្រឌិត និងការលូតលាស់នៃបច្ចេកវិទ្យា អាចជួយឲ្យវិធីព្យាបាលនេះ រីកចម្រើន កាន់តែខ្លាំង៕
ប្រភព៖ Smithsonian II https://www.smithsonianmag.com/category/science-nature/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង