អាការៈញាក់ត្របកភ្នែក មិនថា ខាងឆ្វេង ឬខាងស្តាំទេ បងប្អូនខ្មែរយើងមួយចំនួន តែងតែមានជំនឿតៗគ្នា ថានឹងមានរឿងហេតុអ្វីកើតឡើង ដែលជារឿងល្អ និងរឿងអាក្រក់ តាមការកត់សម្គាល់តៗគ្នា រៀងៗខ្លួន។ ប៉ុន្តែអាការៈញាក់ត្របកភ្នែក ក៏មានមូលហេតុតាមបែបវេជ្ជសាស្ត្រផងដែរ។
តាមផ្នែកវេជ្ជសាស្ត្រ ការញាក់ត្របកភ្នែក គឺអាចកើតឡើង មកពីអាការៈស្រវាំងភ្នែក ស្ត្រេស ការអស់កម្លាំង ការប្រើប្រាស់ភ្នែក ក្នុងរយៈពេលយូរពេក និងមកពីការញ៉ាំជាតិអាល់កុល ឬកាហ្វេអ៊ីន ច្រើនពេក ជាដើម។
ចំណែកជំនឿតៗគ្នា ក៏តែងតែលើកឡើងថា ញាក់ត្របកភ្នែកឆ្វេង គឺជួបសំណាងល្អ ឯញាក់ភ្នែកស្ដាំ តែងមានរឿង ជាដើម។ រីឯអ្នកខ្លះ កត់សម្គាល់ខ្លួនឯងថា បើញាក់ត្របកភ្នែកស្តាំ គឺជួបសំណាងល្អ ហើយញាក់ត្របកភ្នែកឆ្វេង ជួបរឿងអាក្រក់ ក៏មាន។
មានការបកស្រាយពីជំនឿខុសៗគ្នា ទាក់ទងនឹងការញាក់ត្របកភ្នែក។ តាមក្បួនចិនសែ ការញាក់ត្របកភ្នែកឆ្វេង ជាប្រផ្នូលបង្ហាញថា មានសំណាងល្អ។ រីឯការញាក់ត្របកភ្នែកខាងស្តាំ អាចនឹងមានរឿងមិនល្អកើតឡើងច្រើន។
តែយ៉ាងណាក៏ដោយ សំណាងល្អ ឬក៏រឿងអាក្រក់ អាចកែប្រែមកជាល្អវិញ នៅពេលបន្ទាប់ ហើយការញាក់ត្របកភ្នែក អាចធ្វើឱ្យសាម៉ីខ្លួន ដែលញាក់ត្របកភ្នែក បង្កើនការប្រុងប្រយ័ត្ន ដើម្បីកុំឱ្យមានរឿងហេតុអាក្រក់កើតឡើង ទាំងការធ្វើដំណើរ និងប្រុងប្រយ័ត្នទាំងពាក្យសម្តី រួមទាំងសកម្មភាពប្រចាំថ្ងៃរបស់ខ្លួន ជាដើម៕
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង