មានមនុស្សមិនតិចទេ ដែលជួបប្រទះនឹងបញ្ហាគេងមិនលក់។ បញ្ហានេះ មកពីកត្តាជាច្រើន ហើយបើគេងមិនបានគ្រប់គ្រាន់ នឹងបង្កជាបញ្ហាមួយចំនួន រួមមាន ងងុយគេងនៅពេលថ្ងៃ អស់កម្លាំង ការចងចាំថយចុះ អន្ទះអន្ទែង ងាយមានគ្រោះថ្នាក់ និងខួរក្បាលដំណើរការមិនសូវល្អ ជាដើម។
មូលហេតុ បណ្ដាលឲ្យគេង មិនលក់៖
.ផ្លូវកាយ
ក្រពះមិនរំលាយអាហារ ការឈឺចាប់លើរាងកាយ ជំងឺបេះដូង ជំងឺហឺត រលាកឆ្អឹងប្រហោងមុខ ជាដើម។
.ផ្លូវចិត្ត
មានអារម្មណ៍តានតឹង ព្រួយបារម្ភច្រើន មានអារម្មណ៍ជ្រួលច្របល់ ខឹងសម្បារ មានអារម្មណ៍សោកសៅ។
.របៀបរស់នៅ
ផឹកកាហ្វេ ផឹកតែច្រើនពេក ផឹកភេសជ្ជៈហ្គាស ដូចជា កូកាកូឡា ឬក៏ផឹកស្រានៅពេលយប់ ក៏អាចរំខានដល់ដំណេកដែរ។ អ្នកញ៉ាំអាហារច្រើនពេក មុនចូលគេង ជក់បារីច្រើន ធ្វើការខ្លាំងមុនចូលគេង មិនសូវបានហាត់ប្រាណ គេងថ្ងៃច្រើន និងគេងមិនទៀងពេល ក៏បណ្តាលឱ្យគេងមិនលក់ដែរ នៅពេលយប់ៗ។
.បរិស្ថានជុំវិញ
កន្លែងគេង មានសំឡេងរំខាន បរិយាកាសអាប់អួរ ហើយកន្លែងគេង មានពន្លឺខ្លាំងពេក ក៏ជាមូលហេតុ ធ្វើឱ្យអ្នកគេងមិនលក់ដែរ។
ផលប៉ះពាល់ពីការគេងមិនលក់៖
អ្នកគេងមិនលក់ ប្រឈមនឹងជំងឺទាំងនេះ៖
.ជំងឺមហារីក
.ជំងឺបេះដូង
.ជំងឺទឹកនោមផ្អែម
.ជំងឺក្រពេញទីរ៉ូអ៊ីត
.ច្រាលអាស៊ីដក្រពះ
.ជំងឺទាក់ទងនឹងខួរក្បាល
.ស្រេ្តស
.បាក់ទឹកចិត្ត
ដំណោះស្រាយសម្រាប់អ្នកគេងមិនលក់៖
គ្រូពេទ្យឯកទេស បានណែនាំថា អ្នកមានបញ្ហាគេងមិនលក់ញឹកញាប់ និងក្នុងរយៈពេលយូរ ត្រូវតែជួបគ្រូពេទ្យឯកទេស ដើម្បីពិគ្រោះឲ្យបានដិតដល់ ស្វែងរកដំណោះស្រាយត្រឹមត្រូវ ជាជាងការប្រើប្រាស់ថ្នាំងងុយគេង។
.រៀបចំកំណត់ម៉ោងគេងទៀងទាត់
ត្រូវគេងចន្លោះពី ៧ ទៅ ៨ម៉ោង ក្នុង ១យប់ ហើយចូលគេង និងក្រោកពីគេងទៀងម៉ោង ជារៀងរាល់យប់។ បើគេងមិនលក់ ត្រូវបន្ធូរអារម្មណ៍ ដោយអានសៀវភៅ ឬស្តាប់ចម្រៀង។
.របបអាហារ
មិនគួរចូលគេងទាំងឃ្លាន ឬឆ្អែតពេកទេ។ មុនចូលគេង ២ម៉ោង យើងគួរចៀសវាងញ៉ាំអាហារច្រើន ឬអាហារ ដែលពិបាករំលាយ ព្រោះថា អាចនឹងមានអារម្មណ៍មិនស្រួលក្នុងខ្លួន ដែលរំខានដល់ការគេង។ ចៀសវាងការទទួលទានភេសជ្ជៈ មាននីកូទីន កាហ្វេអ៊ីន និងគ្រឿងស្រវឹង។ គ្រឿងស្រវឹង អាចធ្វើឲ្យងងុយគេង តែវាក៏អាចរំខានដំណេកដែរ។
.បរិយាកាសបន្ទប់គេង
បន្ទប់គេង គួររៀបចំឲ្យត្រជាក់ ងងឹត និងស្ងប់ស្ងាត់។ គួរចៀសវាងប្រើប្រាស់គ្រឿងអេឡិចត្រូនិច ដូចជា មើលទូរស័ព្ទ មុនចូលគេង។ យើងអាចបន្ធូរអារម្មណ៍ មុនចូលគេង ដោយងូតទឹក សមាធិ ឬស្តាប់ចម្រៀង។
.ការគេងថ្ងៃ
ចៀសវាង កុំគេងថ្ងៃយូរពេក។ ប្រសិនជាគេងពេលថ្ងៃ គួរកំណត់ត្រឹម ៣០នាទី។
.ការហាត់ប្រាណ
ការហាត់ប្រាណរាល់ថ្ងៃ អាចជួយដល់ការគេង កាន់តែប្រសើរឡើង ព្រោះការហាត់ប្រាណ ជួយបន្ថយភាពតានតឹង និងធ្វើឲ្យយើងហត់។ ប៉ុន្តែមិនត្រូវហាត់ប្រាណ នៅពេលជិតចូលគេងទេ។
. ការគិតច្រើន
ការគ្រប់គ្រងភាពតានតឹង អាចជួយយើងបាន ដោយចាប់ផ្តើមពីការរៀបចំ កំណត់អាទិភាព និងបែងចែកការងារនីមួយៗ។ ការធ្វើសមាធិ ក៏អាចជួយបន្ថយការថប់បារម្ភដែរ។ សម្រាប់អ្នកមានបញ្ហាគេងមិនលក់រាល់ថ្ងៃ គួរទៅពិគ្រោះ ជាមួយគ្រូពេទ្យ ដើម្បីដឹងពីមូលហេតុ និងការព្យាបាល៕
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង