ស្វែងយល់ពីប្រភេទនៃជំងឺឈឺក្បាល

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2022-04-21

ឈឺក្បាល សំដៅទៅលើការឈឺចុកចាប់ នៅចំពីលើលលាដ៍ក្បាល។ ការឈឺក្បាល មានច្រើនប្រភេទ អាស្រ័យ​ទៅតាមពេល ដែលឈឺ កន្លែងដែលឈឺ និ​ងកម្រិតនៃការឈឺចាប់​។

មូលហេតុនៃការឈឺក្បាល អាចបណ្តាលមកពីការបំពុលនៃបរិយាកាស ការប្រើថ្នាំមួយចំនួន ឬការសេពគ្រឿងស្រវឹង ក្នុងបរិមាណយ៉ាងច្រើន។ ​បាក់​ទឹក​ចិត្ដ ឬ​អារម្មណ៍​មិន​ស្ងប់ គេង​មិន​គ្រប់ អង្គុយ​ ឬ​ឈ​រ​មិន​ត្រូវ​ជាមួយ​ដង​ខ្លួន ការ​ឆ្លង​មេរោគ និងស្ត្រេស ក៏ជាមូលហេតុ​ បណ្តាលឱ្យឈឺក្បាលផងដែរ​។

​​ជាទូទៅជំងឺឈឺក្បាល មានពីរប្រភេទធំៗ គឺរោគឈឺក្បាលខ្លាំង និងរោគឈឺមួយចំហៀងក្បាល។

រោគឈឺក្បាលខ្លាំង ជាទូទៅ បណ្តាលមកពីការឈឺក្បាល ក្នុងរយៈពេលយូរ។ ជំងឺនេះ កើតមកពីអារម្មណ៍ភ័យព្រួយបារម្ភ និងការកន្រ្តាក់សាច់ដុំ នៅបរិវេណក​។ ក្នុង​ករណី​នេះ អាការឈឺក្បាល អាចបន្តតិចៗ ជាមធ្យម និង​ឈឺ​ពេញក្បាល​។ អាការនេះ អាចមានរយៈពេលយូរ។ អ្នកជំងឺ គ្មានអាការចង់ក្អួតចង្អោរ ឬក្អួតទេ ហើយក៏មិនធ្ងន់ធ្ងរដែរ។

ស្ត្រេស អាចធ្វើឲ្យមានការឈឺក្បាលកាន់តែខ្លាំង ហើយអាចមានអាការធូរស្បើយ នៅពេលសម្រាក។ អារម្មណ៍ពិបាកប្រមូលផ្តុំ​ ឬអារម្មណ៍ធ្ងន់ក្បាល អាចធ្វើឲ្យមានការឈឺក្បាល​ដែរ។

នៅពេលអ្នកឈឺក្បាល ពេលព្រឹក នៅខាងក្រោយក្បាល ឬលើលលាដ៍ក្បាល គឺអាចបណ្តាលមកពីជំងឺលើសឈាម។

ម្យ៉ាងវិញទៀត អាការឈឺក្បាលញឹកញាប់ អាចបណ្តាលមកពីបញ្ហាភ្នែក (បញ្ហាវ៉ែនតា ឬការអង្គុយខុសលក្ខណៈនៅពីមុខកុំព្យូទ័រ)។

​វិធាន​ការសាមញ្ញ អាចជួយបន្ថយ​ការឈឺក្បាល មានដូចជា ព្យាយាមបន្ថយស្រ្តេស បន្ថយការសេពគ្រឿងស្រវឹង និងហាត់ប្រាណជាប្រចាំ ដូចជា ហែលទឹក ឬដើរ ជាដើម។ ការអង្គុយធ្វើការក្នុងលក្ខណៈត្រឹមត្រូវ នៅមុខកុំព្យួទ័រ ក៏អាចជួយបន្ថយការតឹងនៃឆ្អឹងកងក និងបន្ថយការឈឺក្បាល​ផងដែរ។

ថ្នាំប្រឆាំងនឹងការឈឺចាប់ ដូចជា ថ្នាំប៉ារ៉ាសេតាម៉ុល ឬអេដវៀល ​អាចជួយបន្ថយការឈឺក្បាលរបស់អ្នកបាន​។ ក្រោយញ៉ាំថ្នាំរួច អ្នកគេងសម្រាកបន្តិច នឹងបានធូរស្បើយ។

​ប៉ុន្តែក្រោយញ៉ាំថ្នាំរួចហើយ នៅតែមិនធូរស្បើយ គឺអ្នកគួរតែទៅជួបគ្រូពេទ្យ នៅពេលអ្នកឈឺក្បាលខ្លាំង និងភ្លាមៗ ឬនៅពេលអាការឈឺក្បាលរបស់អ្នក​ប្តូរទៅជាការឈឺក្បាលខ្លាំង ឬមានរោគសញ្ញាថ្មីប្លែក ឬនៅពេលអ្នកឈឺក្បាល ហើយមានគ្រុនក្តៅ ជាប់ក វិល​មុខ ភាំងស្មារតី ស្រវាំងភ្នែក ពិបាកនិយាយ ឬគាំង​ដៃជើង ស្ពឹករាងកាយ ជាដើម៕

 

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង