អ្នកជំនាញផ្នែកសុខភាព បានលើកឡើងថា ការរត់ហាត់ប្រាណ ត្រូវបានគេចាត់ទុកថា ជាលំហាត់ចង្វាក់បេះដូង ដែលល្អជាងគេបំផុត។ ការរត់ហាត់ប្រាណ បានជួយពង្រឹងចលនាបេះដូង និងប្រព័ន្ធសរសៃឈាម ក្នុងអំឡុងពេលដុតកម្ទេចខ្លាញ់ កាឡូរី និងធ្វើឲ្យរាងកាយមាំមួន។ អ្នកជំនាញ បានលើកឡើងនូវអត្ថប្រយោជន៍យ៉ាងហោចណាស់ ៤យ៉ាង ដែលទទួលបានពីការរត់ហាត់ប្រាណ។
១- រត់ហាត់ប្រាណ ជួយឲ្យយើងមានអារម្មណ៍កាន់តែមោះមុត៖
ការរត់ហាត់ប្រាណ យ៉ាងហោចណាស់ ៣០នាទី រៀងរាល់ថ្ងៃ អាចជួយខាងផ្នែកបញ្ញារបស់យើង ដោយបង្កើនលំហូរឈាមចូល ទៅក្នុងខួរក្បាល និងសារពាង្គកាយ។ អ្នករត់បានទៀងទាត់ តែងតែពូកែធ្វើការវិនិច្ឆ័យ មានគំនិតមោះមុត និងមានការយកចិត្តទុកដាក់ខ្ពស់ បើប្រៀបធៀបជាមួយនឹងអ្នកដែលមិនសូវមានសកម្មភាពកីឡា។
២-ហាត់ប្រាណ ដោយរត់ អាចជួយកម្ចាត់ការថប់អារម្មណ៍
អ្នកជំនាញ លើកឡើងថា ការរត់ហាតប្រាណ មិនត្រឹមតែកាត់បន្ថយភាពស្មុគស្មាញប៉ុណ្ណោះទេ តែវាថែមទាំងអាចទប់ស្កាត់ មិនឲ្យយើងងាយរងនូវភាពតានតឹង នៅពេលខាងមុខទៀតផង។ អ្នកដែលធ្លាប់រងទុក្ខដោយជំងឺភ័យស្លន់ស្លោ ប្រាកដជានឹងទទួលបាននូវប្រយោជន៍អំពីការរត់ហាត់ប្រាណនេះ។
៣- រត់ហាត់ប្រាណ ធ្វើឱ្យមានចំណង់អាហារ
សុខភាពរាងកាយ និងសុខភាពផ្លូវចិត្ត ពឹងផ្អែកលើរបបអាហារ។ ការរត់ហាត់ប្រាណ និងការហាត់ប្រាណគ្រប់ប្រភេទ ធ្វើឱ្យយើងទទួលទានអាហារច្រើនខុសពីធម្មតា។ ពោលគឺឃ្លានរហូត។ ដូច្នេះអ្នកហាត់ប្រាណ គួរតែទទួលទានអាហារ ឱ្យមានតុល្យភាព ជៀសវាងហាត់ប្រាណ ហើយនៅតែឡើងគីឡូ។
៤-ការរត់ហាត់ប្រាណ ជួយឲ្យដំណេកប្រសើរជាងមុន
បើអ្នកមានអារម្មណ៍មិនល្អ ឬមានបញ្ហាដំណេក អ្នកត្រូវសាកល្បង រត់ហាត់ប្រាណ។ អ្នកប្រាកដជាភ្ញាក់ផ្អើល ដោយនឹងមានអារម្មណ៍ថា សុខភាពបានប្រសើរឡើងបន្ទាប់ពីរត់ហាត់ប្រាណទៀងទាត់ ក្នុងរយៈពេល ២ ទៅ ៣សប្តាហ៍ប៉ុណ្ណោះ។
ទោះជាយ៉ាងណា អ្នកជំនាញ បានណែនាំថា អ្នកមានធាត់ ឬមានទម្ងន់ធ្ងន់ និងអ្នកមានបញ្ហាឈឺឆ្អឹងសន្លាក់ ពិសេសឈឺជើង ក្បាលជង្គង់ គឺមិនគួរហាត់ប្រាណ ដោយរត់ទេ។ អ្នកប្រភេទទាំងនេះ គួរតែហាត់ប្រាណដោយដើរ ធាក់កង់ ឬហែលទឹក។
អ្នកក៏មិនគួររត់ហាត់ប្រាណ ឬក៏ហាត់ប្រាណគ្រប់ប្រភេទកីឡា មុនពេលចូលគេងនោះឡើយ។ អ្នកគួរតែរត់ហាត់ប្រាណ នៅពេលព្រឹក ឬពេលល្ងាច ជាពេលដែលទទួលបាននូវប្រសិទ្ធភាពបំផុត។ អ្នកក៏គួតែចាប់ផ្តើមកំណត់គោលដៅហាត់ប្រាណ ឬរត់ហាត់ប្រាណ ត្រឹមតែ ៣ដង ទៅ ៤ដង ក្នុងមួយសប្តាហ៍ ហើយហាត់ប្រាណម្តងៗ ត្រឹមតែ ៣០នាទី គឺគ្រប់គ្រាន់ហើយ៕
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង