អ្នកជំនាញខាងកីឡា បានណែនាំឱ្យចូលចិត្តហាត់ប្រាណទាំងឡាយ ត្រូវតែមួម៉ង់ ឬសម្រួលសរសៃ កម្តៅសាច់ដុំ ដើម្បីឲ្យការហាត់ប្រាណនោះ ទទួលបានសុខភាពល្អ រាងកាយរឹងមាំ និងមិនប៉ះពាល់ដល់សរសៃសរសូង ឬជាប់គ្រិចសរសៃ ជាដើម។
ការកម្តៅសាច់ដុំ សម្រួលសរសៃ ឬពាក្យបច្ចេកទេសហៅថា មួម៉ង់ មុនហាត់ប្រាណ អាចជួយពង្រីកសរសៃឈាម និងរៀបចំទាំងអារម្មណ៍ និងស្មារតី ឲ្យបានល្អ សម្រាប់ការហាត់ប្រាណប្រភេទអ្វីក៏ដោយ។ ការកម្តៅសាច់ដុំ ធ្វើឡើងតាមរយៈការពត់ដៃជើង ចាប់ពីក្បាល ដល់ចុងជើង ឱ្យបានយ៉ាងហោចណាស់ ៥នាទីមុនពេលហាត់ប្រាណ។ ធ្វើដូច្នេះ ដើម្បីកាត់បន្ថយការឈឺចាប់ ឬថ្លោះ គ្រិច ជាប់សរសៃ អំឡុងពេលហាត់ប្រាណ។
ប៉ុន្តែអ្នកត្រូវចាំថា ការកម្តៅសាច់ដុំ ឬសម្រួលសរសៃនេះ បើធ្វើពីក្បាល ក ត្រូវធ្វើតាមលំដាប់លំដោយ ពីលើចុះក្រោម ឬក៏បើធ្វើពីចុងជើងមុន គឺត្រូវធ្វើពីក្រោម ឡើងលើ តាមលំដាប់លំដោយ។ ឧទាហរណ៍ អ្នកសម្រួលសរសៃ ឬកម្តៅសាច់ដុំ ពីចុងជើង គឺបន្ទាប់មក ត្រូវមួម៉ង់ នៅកជើង ជង្គង់ ក្រលៀន ចង្កេះ ស្មា កដៃ ម្រាមដៃ និងក។ បើអ្នកធ្វើពីក្បាលមុន គឺចុះមកក ស្មា កដៃ ម្រាមដៃ ចង្កេះ ក្រលៀន ជង្គង់ កជើង និងម្រាមជើង។
ក្រៅពីនោះ អ្នកអាចដើរ ដោយចាប់ផ្តើមពីយឺតៗ រហូតដល់ដើររាងញាប់បន្តិច។ ដើរ អាចជួយបង្កើនល្បឿនចង្វាក់បេះដូង សាច់ដុំ សីតុណ្ហភាពក្នុងខ្លួន និងជួយសម្រួលលំហូរឈាម។ យើងអាចចំណាយពេលដើរ ត្រឹម ៣-៥នាទី ដោយប្រើដង្ហើម ចេញ-ចូលឲ្យបានល្អ មុនពេលរត់ហាត់ប្រាណ ឬក៏លើកដុំដែក។
អ្នកជំនាញសុខភាព ក៏បានណែនាំថា អ្នកគួរតែគេង ឲ្យបានគ្រប់គ្រាន់ មុនពេលហាត់ប្រាណ គឺយ៉ាងហោចណាស់គេង ១យប់ ឱ្យបាន ៨ម៉ោង ទើបការហាត់ប្រាណរបស់អ្នក មានប្រសិទ្ធភាព។ ការគេងលក់ស្រួល និងស្ងប់ មិនត្រឹមតែជួយបង្កើនថាមពលទេ ថែមទាំងអាចជួយឲ្យសាច់ដុំ បានសម្រាក និងអ័រម៉ូន ដំណើរការបានល្អទៀតផង។
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង