រៀបចំ ៦យ៉ាងនេះ នៅពេលហាត់ប្រាណ

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2022-04-19

អ្នកជំនាញបានផ្តល់គន្លឹះ​ថា មុនពេលចេញទៅ​ហាត់​ប្រាណ ​អ្នកគួរ​រៀបចំ​ខ្លួន​ យ៉ាងហោចណាស់ ៦ចំណុច គឺ​​​សម្លៀកបំពាក់ ស្បែកជើង ​ស្រោមដៃ កាបូបដាក់សម្ភារៈ សក់ ​និង​ដបទឹក។

-សម្លៀកបំពាក់៖

សម្រាប់បុរស អាចស្លៀកពាក់ ខោកីឡាធម្មតា និងពាក់អាវយឺតបែបកីឡា ឬក៏អាវយឺតធម្មតាក៏បាន។ តែសម្រាប់ស្ត្រីវិញ សម្លៀកបំពាក់ពេលហាត់ប្រាណ ជារឿងសំខាន់។ ស្ត្រី​ត្រូវ​ស្លៀក​​​ខោ​រឹប និង​អាវ​យឺត ដោយ​មាន​អាវ​ក្នុង ​ជា​ប្រភេទ​កីឡា ដើម្បី​ទប់​​សុដន់ ​មិន​​ឲ្យ​ខូច​ទ្រង់ទ្រាយ ឬ​​មាន​​ចលនា។ ឯកសណ្ឋានកីឡា ​ធ្វើឲ្យ​អ្នក​​មាន​ទំនុក​ចិត្ត និង​​សាច់​មិន​រយីករយាក ជាពិសេស​ពី​ចង្កេះ​ចុះ​ក្រោម ​រឹប​ណែន​ល្អ។ 

២- ស្បែក​ជើង៖

អ្នកហាត់ប្រាណ ត្រូវពាក់ស្បែកជើងប៉ាត់តា ប្រភេទហាត់កីឡា ដោយមិន​អាច​ហាត់​ដោយ​ជើង​ទទេ ឬ​ពាក់​ស្បែក​​ជើង​ផ្ទាត់​ឡើយ។ បើហាត់ប្រាណដោយជើងទទេ ឬពាក់ស្បែកជើងផ្ទាត់ ​អាច​បណ្ដាល​ឲ្យអ្នក​​គ្រេច​ ឬថ្លោះ​ក​ជើង ​និង​ប្រអប់​ជើង​ ព្រោះ​ពេល​ហាត់ប្រាណ ​មាន​ក្បាច់​ខ្លះ ​ត្រូវ​ប្រើ​កម្លាំង​​បាត​ជើង​។ ម្យ៉ាងពេល​អ្នកពាក់ស្បែកជើងប៉ាត់តា ឬស្បែកជើងឃ្លុប សម្រាប់ហាត់ប្រាណ គឺអាចការពារជើងរបស់អ្នកពីការប៉ះ​ទង្គិច រលាត់ស្បែក​បាន​។

៣-ស្រោមដៃ

សម្រាប់​អ្នកលើកដុំដែក យកសាច់ដុំ ត្រូវ​តែមានស្រោមដៃ និងកន្លែងផ្ទាល់ខ្លួន សម្រាប់ជូតញើសផងដែរ។ ស្រោមដៃ អាចការពារដៃរបស់អ្នក មិនឱ្យឈឺ ឬរលាក នៅពេលលើកដុំដែក។ រីកន្លែង ក្រៅពីជូតញើស អ្នកក៏អាចក្រាលលើកៅអី អង្គុយ ឬគេងលើកដុំដែក ជៀសវាង​ឆ្លងរោគ តាមរយៈញើសពីអ្នកដទៃផងដែរ។​

៤-កាបូប​​​ដាក់​សម្ភារៈ

អ្នកហាត់ប្រាណ គួរតែមានកាបូបដាក់សម្ភារៈ ​សម្រាប់​ដាក់កាបូបលុយ ទូរស័ព្ទ ឬ​សម្លៀកបំពាក់កីឡា ​និងកន្សែង​ជូត​ញើស​ ជាដើម។ 

៥- សក់៖

ការរៀប​ចំ​សក់ សម្រាប់បុរស មិនមានបញ្ហាអ្វីទេ។ តែបើអ្នកមានសក់វែង ដែលអាចធ្លាក់ក្របភ្នែក និងមុខ គឺគួរតែចងឡើង ឬប្រើប្រាស់​ក្រណាត់រឹប​ក្បាល ដែលអាច​រុំ​សក់​ការពារ​មិន​ឲ្យ​ញើស​ធ្លាក់​ដល់​មុខ ( សម្រាប់អ្នកហាត់កីឡា )។ ចំណែកស្ត្រីវិញ ត្រូវតែ​ចងសក់ ឬ​បួង​សក់ឡើងលើ ទៅក្រោយ ​ឲ្យ​ស្រឡះ ដើម្បី​ធ្លាក់ចូល​មុខ​មាត់ ហើយនៅពេលហាត់ប្រាណ បែកញើស​ នឹងរញ៉េរញ៉ៃ ហើយញើសទទឹកសក់ផង​។

៦- ដប​ទឹក​៖

អ្នកហាត់ប្រាណទាំងឡាយ ត្រូវតែមាន​ដប​ទឹក ឬកំប៉ុងទឹក ​សម្រាប់ញ៉ាំ នៅពេលហាត់ប្រាណ ព្រោះ​ពេលហា​ត់​ប្រាណ អ្នកបានបញ្ចេញជាតិទឹកច្រើន តាមរយៈញើស។ ដូច្នេះក្រោយ​ពេល​ឈប់​សម្រាក​​​មួយ​សន្ទុះ  អ្ន​ក​​អាចញ៉ាំ​​ផឹក​ ដែលអាចផ្តល់សុវត្ថិភាព​ផ្ទាល់ខ្លួន ដោយមិនប្រើប្រាស់កែវទឹករួម នៅកន្លែង​ហាត់ប្រាណនោះទេ​៕

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង