គ្រប់គ្នា សុទ្ធតែដឹងថា ផឹកស្រា គ្រឿងស្រវឹងគ្រប់ប្រភេទ ប៉ះពាល់ និងធ្វើឱ្យខូចសុខភាព។ ប៉ុន្តែក្នុងសង្គមយើងសព្វថ្ងៃ មិនថា ក្មេងចាស់ ស្រីប្រុសទេ គឺចូលចិត្ដផឹកស្រា ពិសេសនៅពេលជួបជុំគ្នា ពេលចូលឆ្នាំ ជាដើម។
អ្នកជំនាញ បានលើកបង្ហាញពីឥទ្ធិពលអាក្រក់របស់ស្រា ដែលធ្វើឲ្យប៉ះពាល់ខ្លាំងដល់សុខភាព មិនថាតែសុខភាពផ្នែកបញ្ញា ស្មារតីនោះទេ សូម្បីតែសុខភាពផ្លូវភេទ ក៏ប៉ះពាល់ខ្លាំងដែរ។
ប្រសិនជាការផឹកស្រាច្រើន រហូតស្រវឹង នឹងបង្កផលប៉ះពាល់ខ្លាំង គឺលែងមានទំនួលខុសត្រូវ លែងម្ចាស់ការលើខ្លួនឯង។ កត្ដានេះ អាចបង្កគ្រោះថ្នាក់ មិនថា សុខភាពទេ សូម្បីតែរាងកាយខ្លួនឯង ក៏គ្រោះថ្នាក់ដែរ។ ក្រៅពីនោះ ក៏ធ្វើឲ្យបាត់បង់ចំណង់ផ្លូវភេទ ព្រោះប្រព័ន្ធសរសៃប្រសាទ និងខួរក្បាល ទទួលរងសម្ពាធយ៉ាងធ្ងន់ធ្ងរពីជាតិអាល់កុល មិនអាចផ្ដោតសំខាន់ ទៅលើអ្វីមួយឲ្យប្រាកដ។
អ្នកជំនាញសុខភាព ក៏លើកឡើងថា អ្នកផឹកស្រាច្រើន នឹងបង្កផលប៉ះពាល់ទៅដល់ចំណង់ផ្លូវភេទ ព្រោះជាតិស្រវឹង បានកាត់បន្ថយលំហូរឈាមទៅកាន់លឹង្គ។ ក្នុងកំឡុងពេលមានអារម្មណ៍ស្រើបស្រាល ឈាមហូរទៅកាន់លឹង្គបានគ្រប់គ្រាន់ ដែលជំរុញឲ្យលឹង្គ ឡើងរឹង។ គ្រឿងស្រវឹង ក៏បានធ្វើបុរសជាច្រើន ជួបប្រទះនឹងបញ្ហាឆាប់ចេញទឹកកាម ឬលឹង្គមិនឡើងរឹង ហើយក៏អាចឈានទៅដល់បញ្ហាងាប់លឹង្គតែម្ដង។ ម្យ៉ាងទៀត ស្រា ឬជាតិអាល់កុល ក៏អាចជាដើមហេតុ នាំឱ្យការរួមភេទ មិនឈានដល់ចំណុចកំពូល ផងដែរ។
ក្រៅពីនេះ អ្នកជំនាញ ក៏បានបន្ថែមថា ក្រៅពីសុខភាពផ្លូវភេទចុះខ្សោយ គឺអ្នកផឹកស្រាច្រើន ក៏នាំឱ្យសុខភាពរាងកាយទ្រុឌទ្រោមផងដែរ។ ការផឹកស្រា មិនខុសពីការជក់បារីនោះទេ ព្រោះស្រា ក៏ជាមូលហេតុ នាំឱ្យកើតជំងឺមហារីក។ ការផឹកស្រាជាប្រចាំ នឹងអាចបង្កហានិភ័យ វិវឌ្ឍជាជំងឺមហារីកលើសរីរាង្គសំខាន់ៗ ហើយរងគ្រោះធ្ងន់ជាងគេ គឺថ្លើម ដូចជា ក្រិនថ្លើម ខ្លាញ់រុំថ្លើម និងមហារីកថ្លើម។ ក្រៅពីនោះ បេះដូង ខួរក្បាល បញ្ហាតម្រង់នោម ជាដើម៕
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង