៨យ៉ាង ជួយបំបាត់ស្នាមជ្រួញលើផ្ទៃមុខ

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2022-04-11

អ្នកជំនាញសុខភាព បានលើកបង្ហាញពីមូលហេតុមួយចំនួន ដែលបង្កឱ្យស្បែកមុខមានស្នាមជ្រួញ ដូចជា កម្តៅព្រះអាទិត្យ បរិយាកាសមិនល្អ ការប្រើប្រាស់ឱសថមួយចំនួន តប់ប្រមល់ ស្រកទម្ងន់ និងការបាត់បង់វីតាមីន E ជាដើម។ ដើម្បីបំបាត់ស្នាមជ្រួញ អ្នកជំនាញសុខភាព បានណែនាំវិធីសាមញ្ញៗ ៨យ៉ាង។

១-ចេក៖

ច្របាច់ចេកទុំពីរផ្លែ ឲ្យម៉ត់ចូលគ្នា ហើយយកទៅលាបបិត នៅកន្លែង ដែលមានស្នាមជ្រួញ។ ទុកឱ្យបាន យ៉ាងតិចមួយម៉ោងកន្លះ រួចលាងសម្អាតមុខនឹងទឹកក្តៅឧណ្ហៗ។ គេអាចលាយចេកទុំ ដែលច្របាច់ម៉ត់ជាមួយនឹងផ្លែប៊័រ និងទឹកឃ្មុំបន្តិច ក៏បាន។ ពេលផ្សំរួច អាចលាបល្បាយនេះ នៅលើស្បែក ដែលជ្រួញ ហើយទុកវាចោលប្រមាណ ២០នាទី ហើយលាងសម្អាតនឹងទឹកក្តៅឧណ្ហៗ។

 

២-ម្នាស់៖ 

ចិតយកសាច់ម្នាស់ ហើយជូតលើស្បែក ដែលមានស្នាមជ្រួញ ដោយទុកវាឲ្យទៅជាស្ងួត ក្នុងរយៈពេលប្រមាណ ២០នាទី ហើយលាងសម្អាតនឹងទឹកក្តៅឧណ្ហៗ ឬទឹកស្អាតធម្មតា។ វិធីនេះ ក៏អាចជួយបំបាត់ស្នាមរង្វង់ខ្មៅ នៅជុំវិញភ្នែកផងដែរ។

 

៣-ខ្ញី៖ 

ខ្ញី ដែលឈូសរួច លាយជាមួយទឹកឃ្មុំ មួយស្លាបព្រា ហើយទទួលទានរៀងរាល់ព្រឹក ឬផឹកតែខ្ញី ពីរដង ក្នុង ១ថ្ងៃ។

 

៤-ការ៉ុត៖ 

ស្ងោរការ៉ុត ពីរ ឬបីមើម ហើយស្រង់ យកការ៉ុម ដែលឆ្អិននោះ ទៅលាយជាមួយទឹកឃ្មុំ ឲ្យមានជាតិទឹកតិចៗ។ កិនការ៉ុត និងទឹកឃ្មុំនោះ ហើយយកទៅលាបលើកន្លែងជ្រួញ។ ទុករយៈពេលប្រមាណ ១ម៉ោងកន្លះ ហើយលាងវាចេញជាមួយទឹកក្តៅឧណ្ហៗ។

 

៥-ទឹកក្រូចឆ្មារ៖  

យកទឹកក្រូចឆ្មារ លាបលើកន្លែងស្បែកជ្រួញ ហើយទុកវាចោលប្រមាណ ៥នាទី ឬ ១០នាទី ហើយសម្អាតនឹងទឹកស្អាតធម្មតា។ អ្នកអាចអនុវត្តដូច្នេះ ២ ទៅ ៣ដង ក្នុង ១ថ្ងៃ។ អ្នកក៏អាចយកទឹកក្រូចឆ្មារ ១ស្លាបព្រាកាហ្វេ លាយជាមួយយ៉ៅអួ ទឹកឃ្មុំ ប្រេងវីតាមីន E ហើយលាប លើស្បែកជ្រួញ ទុករយៈពេល ១៥នាទី ទៅ ២០នាទី មុននឹងលាងសម្អាត ដោយទឹកស្អាត។

 

៦-ប្រទាលកន្ទុយក្រពើ៖

កាត់ស្លឹកប្រទាលកន្ទុយក្រពើ ហើយសម្រក់យកជ័រ ទៅលាបលើស្បែកជ្រួញ។ ទុកវាពី ១៥នាទី ទៅ ២០នាទី មុនលាងសម្អាតនឹងទឹកក្តៅឧណ្ហៗ។ អ្នកក៏អាចយកប្រទាលកន្ទុយក្រពើមួយស្លាបព្រាកាហ្វេ លាយជាមួយថ្នាំគ្រាប់វីតាមីន E ហើយលាបវាលើស្បែក ដែលមានស្នាមជ្រួញ ទុកវាចោលកន្លះម៉ោង ហើយលុបលាងនឹងទឹកក្តៅឧណ្ហៗ។

 

៧-ទឹក៖ 

អ្នកត្រូវទទួលទឹកឱ្យគ្រប់គ្រាន់។ ក្នុង ១ថ្ងៃៗ ម្នាក់ៗគួរតែទទួលទានទឹកស្អាត ឱ្យបានចាប់ពី ២លីត្រ ទៅ ៣លីត្រ។ ជាតិទឹកក្នុងសារពាង្គកាយ ជួយរក្សាកម្រិតសំណើម នៅក្នុងស្បែក។ នៅពេលរាងកាយខ្វះជាតិទឹក នោះស្បែករបស់អ្នក នឹងជ្រាវជ្រួញ មើលទៅចាស់។

 

៨-ប្រេងអូលីវ៖

លាបប្រេងអូលីវទៀងទាត់ នៅត្រង់ស្បែក ដែលជ្រួញ ដើម្បីផ្តល់សំណើម និងបង្កើតកោសិកាស្បែក។ អ្នកក៏អាចលាយប្រេងអូលីវពីរបីដំណក់ ជាមួយទឹកឃ្មុំចំនួនពីរបីដំណក់ និងគ្លីសេរីន ហើយយកទៅលាបលើស្បែកជ្រួញនោះ ពីរដង ជារៀងរាល់ថ្ងៃ។

 

ក្រៅពីនេះ អ្នកក៏អាចម៉ាស្សាស្បែកមុខ នឹងប្រេងដូង ប្រេងអាល់ម៉ុន ឬប្រេងវីតាមីន E ដែលបង្ការ និងកាត់បន្ថយស្បែកជ្រួញបានផងដែរ៕

 

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង