ការហាត់ប្រាណ ជួយឲ្យយើងរក្សាទម្ងន់ខ្លួនឲ្យនៅល្អ និងផ្តល់អត្ថប្រយោជន៍ចំពោះសុខភាព។ ការហាត់ប្រាណ ក៏ជួយឲ្យរាងកាយយើង គ្រប់គ្រងកម្រិតអ័រម៉ូន បានល្អ ពីព្រោះការកើនឡើងកម្រិតអ័រម៉ូនមួយចំនួន អាចធ្វើឲ្យយើង ប្រឈមកើតជំងឺមហារីក។ ក្រៅពីនេះ លំហាត់ប្រាណ ជួយសម្រួលដល់ការរំលាយអាហារ ដែលអាចកាត់បន្ថយរយៈពេលនៃសារធាតុគ្រោះថ្នាក់ នៅក្នុងពោះវៀនធំ។
ដំណើរការរំលាយអាហារក្នុងរាង្គកាយ កាន់តែចុះខ្សោយ នៅពេលយើង ឈានចូលវ័យចាស់។ ដូចនេះ វិធីសាស្រ្តតែមួយគត់ ក្នុងការបង្កើនល្បឿននៃការរំលាយអាហារ គឺការហាត់ប្រាណ។
ដំណើរការរំលាយអាហារ ឡើងដល់កម្រិតកំពូល នៅពេលអ្នកមានអាយុប្រហែល ២៥ឆ្នាំ បន្ទាប់មក វាក៏ចាប់ផ្ដើមធ្លាក់ចុះបន្តិចម្ដងៗ។ បន្ទាប់ពីនេះ រាង្គកាយរបស់អ្នក ចាប់ផ្ដើមដុតកម្ទេចកាឡូរី ក្នុងល្បឿនយឺតៗ ដែលជាសញ្ញា បង្ហាញថា វាលឿនជាងការឡើងទម្ងន់ធម្មតា។
ការហាត់ប្រាណ ក្រៅពីធ្វើឲ្យរាង្គកាយរឹងមាំ ក៏បានដុតជាតិខ្លាញ់ក្នុងខ្លួន និងផលិតសារជាតិអ័រម៉ូន សម្រាប់លូតលាស់។ សកម្មភាពទាំងនេះ ជាសកម្មភាពបង្កើនដំណើរការរំលាយអាហារក្នុងខ្លួន។
មិនថា អ្នកស្ថិតក្នុងវ័យណាទេ ការធ្វើលំហាត់ប្រាណដ៏ទៀងទាត់ គឺ ៣០នាទី ជារៀងរាល់ថ្ងៃ ឬក៏យ៉ាងហោចណាស់ ២-៣ដង ក្នុងមួយសប្ដាហ៍ នឹងផ្ដល់អត្ថប្រយោជន៍ច្រើនយ៉ាងដល់សុខភាព ដូចជា ការពារជំងឺផ្សេង កាត់បន្ថយស្រ្តេស ជួយសម្រកទម្ងន់ ឬរក្សាទម្ងន់ឲ្យនៅថេរល្អ ជាដើម។
អ្នកជំនាញ បានណែនាំមនុស្សពេញវ័យ គួរហាត់ប្រាណកម្រិតមធ្យម លើប្រភេទលំហាត់ប្រាណ យ៉ាងហោចណាស់ ពី ៧៥នាទី ទៅ ១៥០នាទី ក្នុងមួយសប្ដាហ៍។ ប៉ុន្តែការហាត់ប្រាណ បានកាន់តែច្រើន ក៏ផ្ដល់គុណប្រយោជន៍កាន់តែច្រើនដល់សុខភាពដែរ។ ប៉ុន្តែទោះបីជាយើងមិនសូវបានហាត់ប្រាណមែន តែបើយើង ជាមនុស្សបញ្ចេញសកម្មភាពរាងកាយច្រើន ក៏មានប្រយោជន៍ ដល់សុខភាពដូចគ្នា។
ជាទូទៅ ការហាត់ប្រាណ ដើម្បីសុខភាព គឺប្រើពេលហាត់ប្រាណកម្រិតមធ្យម ប្រហែល ៣០នាទី ក្នុងមួយថ្ងៃ។ ប្រសិនបើយើងមានបំណង ចង់សម្រកទម្ងន់ ឬបានរាងស្អាត យើងត្រូវហាត់ប្រាណឱ្យបានយូរជាងនេះ ដោយអាចចំណាយពេលហាត់ រហូតដល់ ៣០០នាទី ក្នុងមួយសប្ដាហ៍ ឬច្រើនជាងនេះ។
ក្រៅពីហាត់ប្រាណ ដើម្បីមានសុខភាពល្អ យើងក៏ត្រូវកាត់បន្ថយនូវការទទួលទានគ្រឿងស្រវឹងគ្រប់ប្រភេទ ជាពិសេសកីឡាករ ត្រូវបានអ្នកជំនាញ ណែនាំមិនឱ្យទទួលទានគ្រឿងស្រវឹងជាដាច់ខាត៕
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង