តើអ្នកដឹងទេថា មនុស្សប្រុសមិនតិចនោះទេ កំពុងមានជំងឺធ្ងន់ធ្ងរ ដោយមិនដឹងខ្លួន? ករណីនេះ ជាអត្រា កំពុងមានកំណើនផងដែរ។ អ្នកជំនាញផ្នែកសុខភាព ប្រាប់ឲ្យដឹងថា បុរសប្រមាណ ១៤ ០០០នាក់ ក្នុងប្រទេសស្កុតឡេន និងប្រទេសអង់គ្លេស អាចនឹងរស់នៅជាមួយជំងឺមហារីកក្រពេញប្រូស្តាត ដោយមិនដឹងខ្លួន។ ប៉ុន្តែទម្លាប់ក្នុងបន្ទប់ទឹក អាចប្រាប់អ្នកឲ្យដឹង អំពីរោគសញ្ញានៃជំងឺនេះ។
ដោយសារបញ្ហាជំងឺរាតត្បាតកូវីដ១៩ មួយភាគបីនៃចំនួនអ្នកជំងឺខាងលើ មានផ្ទុកជំងឺមហារីកក្រពេញប្រូស្តាត និងមិនបានទទួលការព្យាបាលនោះទេ។ ជំងឺមហារីកក្រពេញប្រូស្តាត បញ្ចេញរោគសញ្ញា នៅពេលវាធ្ងន់ធ្ងរទៅហើយ។
វាជាជំងឺ ដែលកើតឡើង ញឹកញាប់បំផុតលើបុរស។ បុរសម្នាក់ ក្នុងចំណោមបុរស ៤១នាក់ ក្នុងសហរដ្ឋអាមេរិក ស្លាប់ដោយសារជំងឺមហារីកប្រភេទនេះ។ មនុស្សមិនតិចជាង ២៦៨ ៤៩០នាក់នោះទេ ដែលកើតមាន និងប្រមាណ ៣៤ ៥០០នាក់ បានបាត់បង់ជីវិត ដោយសារជំងឺមហារីកក្រពេញប្រូស្តាត ក្នុងឆ្នាំ២០២២ ក្នុងសហរដ្ឋអាមេរិក។
រោគសញ្ញាជំងឺមហារីកក្រពេញប្រូស្តាត៖
១. ពិបាកបញ្ចេញទឹកនោម ឬពិបាកបញ្ចេញឲ្យអស់ពីប្លោកនោម
២. លំហូរទឹកនោមចេញខ្សោយ
៣. មានអារម្មណ៍ថា ខ្លួនមិនបាននោមអស់
៤. មានហៀរទឹកនោមចេញ បន្ទាប់ពីនោមរួច
៥. នោមញឹកជាងធម្មតា ជាពិសេសពេលរាត្រី
៦. មានរំញោចចង់នោមភ្លាមៗ ពេលខ្លះ ទប់មិនទាន់
៧. ត្រូវការពេលយូរ សម្រាប់នោម
៨. មានឈាមក្នុងទឹកនោម ឬទឹកកាម
ដូចនេះ អ្នកគួរពិនិត្យសុខភាព ស្វែងរកជំងឺមហារីកក្រពេញប្រូស្តាត ឲ្យបានល្អ កុំទុកយូរ និងទទួលការព្យាបាលឱ្យបានត្រឹមត្រូវ៕
ប្រភព៖ Daily Record II https://www.dailyrecord.co.uk/ & American Cancer Society II https://www.cancer.org/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង