នៅក្នុងឆ្នាំ២០២២ ជំងឺគ្រុនឈាម អាចនឹងមានការកើនឡើងខ្ពស់ ដោយសារតែឆ្នាំនេះ ជាឆ្នាំ ដែលស្ថិតក្នុងវ័ន្តនៃការផ្ទុះជំងឺគ្រុនឈាមទ្រង់ទ្រាយធំ។ នេះបើតាមប្រធានកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម នៃក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត លាង ឫទ្ធា។
គេហទំព័រកម្ពុជាថ្មី បានស្រង់ប្រសាសន៍របស់លោកវេជ្ជបណ្ឌិត លាង ឫទ្ធា មកផ្សាយនៅព្រឹកថ្ងៃទី៩ ខែមីនានេះថា ការព្រួយបារម្ភពីការកើនឡើងនៃករណីជំងឺគ្រុនឈាម នៅឆ្នាំនេះ ដោយសារកត្តាបម្រែបម្រួលអាកាសធាតុ ពិសេសអាកាសធាតុក្តៅ អាចបង្កលក្ខណៈងាយស្រួល ក្នុងការកកើតមូសខ្លាច្រើន ខណៈមានការសាងសង់សំណង់អគារធំៗ ដែលមានមនុស្សរស់នៅកកកុញ និងមានបរិស្ថានមិនល្អ ដែលងាយកកើតមូសច្រើន ពិសេសនៅឆ្នាំ២០២២នេះ ជាឆ្នាំទី៣ ស្ថិតក្នុងវ័ន្តឆ្នាំមានការផ្ទុះជំងឺគ្រុនឈាម ដែលមានរយៈពេល ៥ឆ្នាំម្តង។
លោកវេជ្ជបណ្ឌិត លាង ឫទ្ធា បានបន្តថា ក្នុងការទប់ស្កាត់ជំងឺគ្រុនឈាម នៅឆ្នាំនេះ កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម បានត្រៀមថ្នាំអាបេត ប្រមាណ ១០០តោន សេរ៉ូម ៦ ទៅ ៧ម៉ឺនប្លោក ទឹកថ្នាំបាញ់សម្លាប់មូស ៦ពាន់លីត្រ ផលិតខិតប័ណ្ណអប់រំ ស្តីពី ជំងឺគ្រុនឈាម ដើម្បីបង្ការ និងការពារទប់ស្កាត់ ក្នុងករណីជំងឺគ្រុនឈាម មានការរាតត្បាតលក្ខណៈទ្រង់ទ្រាយធំ។
លោកវេជ្ជបណ្ឌិត លាង ឬទ្ធា បានបន្តទៀតថា កម្មវិធីជាតិ ក៏បានបណ្តុះបណ្តាលដល់គ្រូបង្គោលផ្នែកជំងឺគ្រុនឈាម នៅទូទាំងប្រទេស ដើម្បីបង្ហាត់បង្រៀនបន្ត ដល់គ្រូពេទ្យរដ្ឋ និងឯកជន ឲ្យចេះពីវិធីព្យាបាលជំងឺ និងចុះអប់រំផ្សព្វផ្សាយ ស្តីពី ជំងឺគ្រុនឈាម នៅតាមសហគមន៍នានា ពិសេសនៅតាមបណ្តារាជធានីខេត្ត ដែលមានករណីជំងឺគ្រុនឈាមច្រើនជាងគេ។
លោកវេជ្ជបណ្ឌិត បានអំពាវនាវដល់សាធារណជន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវចូលរួមសម្អាតអនាម័យ នៅជុំវិញលំនៅដ្ឋាន និងទីសាធារណៈ ឲ្យបានស្អាត ដូចជា លុបបំបាត់សំបកកង់ឡាន សំបកកង់ម៉ូតូចាស់ៗ និងរាល់វត្ថុ ដែលអាចដក់ទឹកបាន ព្រោះវាជាជម្រកនៃការកកើតដង្កូវទឹក ដែលវិវត្តន៍ ទៅជាមូសខ្លា ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម ដើម្បីការពារកុំឲ្យឆ្លងជំងឺគ្រុនឈាមដល់កុមារ និងមនុស្សគ្រប់វ័យ។
លោកប្រធានកម្មវិធីជាតិ បានណែនាំដល់ប្រជាពលរដ្ឋគ្រប់រូប បើសង្ស័យថា មានជំងឺគ្រុនឈាម ដូចជា មានអាការៈក្តៅខ្លួន ចាប់ពី ៣៩ ទៅដល់ ៤០ អង្សារ និងមានរោគសញ្ញាផ្សេងៗទៀត ដូចជា មុខក្រហម ឈឺប្រឡង់កែវភ្នែក ចាក់ទៅក្រោយ ឈឺក្បាល ចង់ក្អួត ឬក្អួត ឈឺពោះ ឈឺសាច់ដុំ ឈឺសន្លាក់ដៃជើង មានស្នាមអុចៗក្រហមលើស្បែក ឬមានហូរឈាមតាមអញ្ចាញធ្មេញ ជាដើម ត្រូវរួសរាន់បញ្ជួនអ្នកជំងឺ ទៅកាន់មន្ទីរពេទ្យជាបន្ទាន់ ដើម្បីឲ្យគ្រូពេទ្យពិនិត្យ និងព្យាបាលបានទាន់ពេលវេលា។
មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ បានឲ្យដឹងថា នៅឆ្នាំ២០២១ មានកុមារ និងមនុស្សពេញវ័យ កើតជំងឺគ្រុនឈាម ចំនួន ១ ៨១១នាក់ និងស្លាប់ ៨នាក់។ ចំនួននេះ បានថយចុះប្រហែលជាង ៦ដង បើធៀបនឹងឆ្នាំ២០២០។ ឆ្នាំ២០២០ មានអ្នកឆ្លងជំងឺគ្រុនឈាម ចំនួន ១១ ៦៩៩នាក់ និងស្លាប់ចំនួន ១៦នាក់៕
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង