ដំណេក គឺជារឿងសំខាន់ចម្បង សម្រាប់សុខភាពរបស់មនុស្ស។ ប៉ុន្តែក្នុងសម័យអ៊ីនធើណែត បច្ចេកវិទ្យាបានប៉ះពាល់ដល់ការគេងយ៉ាងគំហុក ជាពិសេសទៅលើកុមារ។ ការសិក្សា ក្នុងឆ្នាំ២០១៨ បានបង្ហាញថា កុមារក្នុងប្រទេសអង់គ្លេស មានបញ្ហាដំណេក ដោយសារកំណើនប្រព័ន្ធសង្គម និងទម្លាប់ថែសុខភាពមិនល្អ។ ប៉ុន្តែតើអ្នកដឹងទេថា មានបច្ចេកវិទ្យាក៏មានចំនុចវិជ្ជមាន សម្រាប់ការគេងផងដែរ។ មានបច្ចេកវិទ្យាជាច្រើន ដែលពេទ្យយើងនឹងណែនាំជូនលោកអ្នក ដែលត្រូវបានបង្កើតឡើង ដើម្បីជួយការគេង។
១. ឧបករណ៍ពាក់ដៃតាមដានការគេង៖ ជាប្រភេទខ្សែដៃអេឡិចត្រូនិច ដែលកំណត់សម្គាល់ និងរក្សាព័ត៌មាននៃសកម្មភាពកុមារ។ ព័ត៌មាននេះ នឹងត្រូវបានផ្ញើទៅកាន់កម្មវិធី ឬគេហទំព័រគ្រប់គ្រងទិន្នន័យមួយ ដែលអាណាព្យាបាល និងកុមារអាចតាមដានបាន។ ការតាមដានសម្មភាព ដែលបានធ្វើ ជួយឲ្យងាយស្រួលធ្វើការកំណត់ ឬកែប្រែទម្លាប់ ដើម្បីឲ្យគេងបានប្រសើរ។
២. កម្មវិធីគេងសម្រាប់កុមារ៖ កម្មវិធីគេង មានភ្ជាប់មុខងារចាក់ចម្រៀង រឿងនិទាន និងសមាធិ ដើម្បីជួយឲ្យកុមារគេងស្ងប់។
៣. បច្ចេកវិទ្យាភ្លើង៖ មានបច្ចេកវិទ្យាភ្លើងជាច្រើន ត្រូវបានបង្កើត ក្នុងនោះ រួមមាន អំពូលដែលភ្ជាប់ទៅទូរស័ព្ទដៃ ដើម្បីដំឡើង បន្ថយ និងបិទភ្លើង អំពូលដែលអាចធ្វើត្រាប់តាមពន្លឺព្រះអាទិត្យ អំពូលដែលមានសំឡេងដាស់ពីដំណេក និងភ្លើង ដែលបង្ហាញចេញជារូបភាព ចាក់ភ្លេង ជាដើម។
៤. ម៉ាស៊ីនចាក់សំឡេងស្ងប់៖ ម៉ាស៊ីនទាំងនេះ ត្រូវបានបង្កើតឡើង ដើម្បីចាក់ភ្លេងស្ងប់ៗ លុបបំបាត់សំឡេងរំខានផ្សេងៗ។
៥. ឧបករណ៍ភ្ជាប់នៅគ្រែ៖ បច្ចេកវិទ្យាទាំងនេះ មានពីរប្រភេទ។ ទីមួយ គឺឧបករណ៍ភ្ជាប់នឹងកម្រាលពូក ដែលអាចតាមដានការបម្លាស់ទី និងសំឡេងរបស់កុមារ។ ទីពីរគឺ ឧបករណ៍ខ្នើយគេងវៃឆ្លាត ដែលអាចតាមដានការស្រមុករបស់កុមារ ល្អក្នុងការការពារកុមារពីការស្ទះដង្ហើម ជាដើម។
៦. ម៉ាស៊ីនបន្សុទ្ធខ្យល់៖ ម៉ាស៊ីននេះ អាចជួយឲ្យកុមារ មានប្រព័ន្ធដង្ហើមប្រសើរជាងមុន នៅពេលគេង។
៧. កាស់សម្រាប់ការគេង៖ ប្រភេទកាស់ទាំងនេះ ជួយកាត់បន្ថយសំឡេងជុំវិញ និងអាចឱ្យកុមារ ស្តាប់រឿងនិទាន ឬភ្លេងសមាធិ៕
ប្រភព៖ Slumber Yard II https://myslumberyard.com/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង