បច្ចុប្បន្ននេះកុមារភាគច្រើនធំឡើងជាមួយនឹងឧបករណ៍អេឡិកត្រូវនិកដែលមានដូចជា ទូរទស្សន៍ ទូរសព្ទ ថេប្លេត កុំព្យូទ័រ កុំព្យូទ័រយួរដៃ និងវីដេអូហ្គេមជាដើម។ ថ្វីត្បិតតែឧបករណ៍នេះបានផ្តល់អត្ថប្រយោជន៍ចំ ពោះការអភិវឌ្ឍន៍ចំណេះដឹងរបស់កុមារក្តី ប៉ុន្តែវាក៏បានផ្តល់ហានិភ័យខ្លាំងផងដែរ នៅពេលដែលកុមារប្រើប្រាស់អេក្រង់ច្រើនម៉ោងពេក។ ក្រុមគ្រូពេទ្យផ្នែករោគកុមារតែងតែណែនាំ ម្តាយឪពុកមិនអោយកុមារ សម្លឹងមើលអេក្រង់អេឡិកត្រូនិកលើសពីពីរម៉ោងក្នុងមួយថ្ងៃព្រោះវាអាចបង្ករហានិភ័យដូចជា៖
១. ធាត់៖ ការសិក្សាបានបង្ហាញថា កុមារដែលចំណាយពេលមើលអេក្រង់ច្រើនអំឡុងពេលថ្ងៃ មានការកើនឡើងអត្រាធាត់ខ្ពស់។
២. គេងមិនគ្រប់គ្រាន់៖ ដោយសារចំនួនម៉ោងអេក្រង់កូនរបស់អ្នកកើនឡើង វាបានប៉ះពាល់ដល់ពេលវេលាដែលពួកគេគេងនៅយប់។ កុមារដែលមានទូរទស្សន៍ក្នុងបន្ទប់គេងរបស់ពួកគេ ឬអេក្រង់ផ្សេងៗនៅក្បែរពួកគេពេញមួយយប់ អាចបណ្តាលពួកគេគេងតិច និងប៉ះពាល់ដល់គុណភាពនៃការគេង។ ឧបករណ៍ទាំងនេះក៏មានឥទ្ធិលពលប៉ះពាល់ដល់ដំណេករបស់ទារកទើបនឹងកើតផងដែរ។
៣. ភ្នែក៖ ការសម្លឹងមើលអេក្រង់ទូរស័ព្ទ ឬទូរទស្សន៍ អាចបណ្តាលឱ្យភ្នែកកូនរបស់អ្នកមានភាពតានតឹងកាន់តែខ្លាំង ហើយវាអាចបណ្តាលឱ្យ ភ្នែកពួកគេ ឡើងក្រហម ឬស្ងួត មើលឃើញមិនច្បាស់ និងឧស្សាឈឺក្បាល។
៤. ប៉ះពាល់អាកប្បកិរិយារបស់កុមារ៖ កុមារដែលចំណាយពេលវេលាច្រើនជាមួយនឹង អេក្រង់ទូរស័ព្ទ Ipad ឬទូរទស្សន៍អាចប៉ះពាល់ដល់ការសិក្សា មានការគិតយឺត និងមានបញ្ហាអាកប្បកិរិយាកាន់តែច្រើនផងដែរ។
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង