វិធីធ្វើតេស្ត Endoscopy គឺជាវិធីវេជ្ជសាស្ត្រ ដែលអនុវត្ត សម្រាប់ពិនិត្យសរីរាង្គ និងសរសៃឈាមខាងក្នុងរាងកាយ ដើម្បីធ្វើរោគវិនិច្ឆ័យ។ ក្នុងការអនុវត្តវិធីនេះ វេជ្ជបណ្ឌិត ប្រើបំពង់តូច ភ្ជាប់ជាមួយកាមេរ៉ាតូចមួយ នៅខាងចុង សម្រាប់ថតពិនិត្យរូបភាពផ្នែកខាងក្នុង។ វេជ្ជបណ្ឌិតស៊កបំពង់នោះ ចូលតាមមាត់របស់អ្នកជំងឺ ឬតាមចំណុចមួយ ដែលពេទ្យវះ ដើម្បីយកប្រហោង។ ប៉ុន្តែមុនទទួលការពិនិត្យ Endoscopy តើអ្នកគួរត្រៀមខ្លួន បែបណា ឲ្យបានរួចរាល់គ្រប់ជ្រុងជ្រោយ?
អ្វីដែលអ្នកត្រូវរៀបចំ មុនពិនិត្យ Endoscopy៖
១. ពិភាក្សាពីបញ្ហាសុខភាពរបស់អ្នក ជាមួយវេជ្ជបណ្ឌិត៖ ក្នុងករណីអ្នកមានផ្ទៃពោះ ឬជំងឺផ្សេងៗ អ្នកត្រូវពិចារណា
២. ប្រាប់វេជ្ជបណ្ឌិត អំពីថ្នាំ ដែលអ្នកទទួលទាន និងប្រភេទអាលែកហ្ស៊ី ដែលអ្នកមាន៖ វានឹងជួយអ្នកជៀសវាងបញ្ហាសុខភាពផ្សេងៗ ពាក់ព័ន្ធនឹងដំណើរការតេស្តនេះ
៣. យល់ដឹងឲ្យបានច្បាស់អំពីហានិភ័យនៃដំណើរការតេស្ត
៤. គួរមានមនុស្សម្នាក់ទៀត ជូនអ្នកទៅមក បន្ទាប់ពីធ្វើតេស្តរួច៖ ព្រោះក្រោយពេលធ្វើតេស្ត អ្នកអាចមានអារម្មណ៍មិនមូល ដោយសារការប្រើថ្នាំ សម្រាប់ការធ្វើតេស្ត
៥. កុំញ៉ាំអាហារ ឬផឹកទឹក នៅពេលយប់ មុនធ្វើតេស្ត
៦. ស្លៀកពាក់ឲ្យមានផាសុកភាព
៧. ទុកពេលវេលា សម្រាប់ឲ្យអ្នកស្បើយពីការធ្វើតេស្ត៖ បន្ទាប់ពីធ្វើតេស្ត អ្នកអាចឈឺបំពង់ក ឬឈឺស្នាមវះ ហើយអ្នកត្រូវការពេលវេលា សម្រាប់ឲ្យការឈឺចាប់ជាសះស្បើយ។ ក្នុងពេលនោះ អ្នកគួរសម្រាកពីការងារ ឬកិច្ចការសំខាន់ណាមួយ ក្នុងរយៈពេលខ្លីមួយសិន៕
ប្រភព៖ Healthline II https://www.healthline.com/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង