ញ៉ាំទឹកឱ្យបានច្រើន និងហាត់ប្រាណ អាចការពារ មិនឱ្យកើតជំងឺទល់លាមក

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2022-02-09

នៅក្នុង​កម្មវិធី​សន្ទនា​អំពី​សុខភាព​របស់​ពេទ្យ​យើង លោក​វេជ្ជបណ្ឌិត ឆាយ ណារិន ផ្នែក​ជំងឺ​ទូទៅ​នៃ​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព គង់ គីម​ចាន់ បានលើកឡើង​ពី «​ការ​ទល់លាមក​រ៉ាំរ៉ៃ​»​។ ការ​ទល់លាមក​រ៉ាំរ៉ៃ មាន​អាកា​រៈ ដូចជា អ្នកជំងឺ​ពិបាក​បត់ជើង លាមក​រឹងៗ ឬ​ដុំៗ មាន​អារម្មណ៍​ថា បត់ជើង ឬ​បន្ទោ​របង់​មិន​អស់ មាន​អារម្មណ៍ ស្ទះៗ នៅ​ក្រសា​គូទ ដែល​បត់ជើង​មិន​អស់ ឬក៏​បត់ជើង ៣​ដង ក្នុង ១​សប្តាហ៍ ឬក៏​ច្រើនជាង​នេះ​។ តែ​បត់ជើង ឬ​បន្ទោ​របង់​មក​តិចតួច​។​ ការ​ទល់លាមក ​ដូច​រៀបរាប់​​ទាំង​នេះ ចាប់ពី ៦​ខែ​ឡើងទៅ គេ​ហៅថា ការ​ទល់លាមក​រ៉ាំរ៉ៃ​។​

 

​មូលហេតុ ​ដែល​នាំ​ដល់​កា​រ​ទល់លាមក​រ៉ាំរ៉ៃ បណ្តាលមកពី​អ្នកជំងឺ ​មិនសូវ​បរិភោគ​អាហារ ដែលមាន​ជាតិ​សរសៃ​ហ្វៃ​ប័​រ មិន​ញ៉ាំ​ទឹក​ច្រើន មិន​ចូលចិត្ត​លេង​កីឡា គិត​ច្រើន ហើយ​ពិសេស​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​។​

 

​ការ​ទល់លាមក​នេះ ភាគច្រើន កើតឡើង​អ្នកមាន​អាយុ ៥០​ឆ្នាំ​ឡើង ហើយ​កើត​លើ​ស្ត្រី ច្រើនជាង​មនុស្ស​ប្រុស និង​ភាគច្រើន កើត​លើ​មនុស្ស​ធាត់​។​

 

​លោក​វេជ្ជបណ្ឌិត ឆាយ ណារិន បាន​បន្ថែមថា ការ​ទល់លាមក ក៏​អាច​បណ្តាលមកពី​ជំងឺ​ផ្សេងទៀត​ដែរ ដូចជា ជំងឺមហារីក​បេះដូង មាន​ដុំ​នៅ​ពោះវៀន ហើយ​ទាក់ទង​នឹង​ក្រ​ពេញទី​រ៉ូ​អ៊ី​ត ចុះ​ទាប​ពេក ព្រមទាំង​ទាក់ទង​នឹង​ការបាត់បង់​ប៉ូ​តា​ស្យូ​ម​ច្រើនពេក ក៏​ធ្វើឱ្យ​ទល់លាមក ហើយ​ទាក់ទង​ជាមួយនឹង​ការឡើង​កាល់ស្យូម​ច្រើន ក៏​ធ្វើឱ្យ​ទល់លាមក​ដែរ​។ ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ក៏​ធ្វើឱ្យ​អ្នកជំងឺ​ទល់លាមក​ដែរ​។​

 

​ផលវិបាក​នៃ​ជំងឺ​ទល់លាមក ដែល​មិនបាន​ព្យាបាល ត្រូវបាន​លោក​វេជ្ជបណ្ឌិត ឆាយ ណារិន លើកឡើងថា ធ្វើឱ្យ​អ្នកជំងឺ​រហែក​ក្រសា​គូទ ធ្វើឱ្យមាន​ឫសដូងបាត មាន​ដំបៅ​ពោះវៀនធំ ស្ទះ​ពោះវៀន ធ្វើឱ្យ​ហូរឈាម​តាម​លាមក ជាដើម​។ នៅពេល​ស្ទះ​ខ្លាំង យើង​ប្រឹង​បត់ជើង ក៏​ធ្វើ​ឱ្យដាច់​សរសៃឈាម ហើយក៏​ហូរឈាម​តាម​លាមក​។ ករណីនេះ ភាគច្រើន​កើតឡើង​លើ​មនុស្ស​ចាស់ ដែល​មិន​បានមក​ព្យាបាល​នៅពេល​កើតមាន​ជំងឺ​ទល់លាមក​។​

 

​លោក​វេជ្ជបណ្ឌិត ឆាយ ណារិន បន្ថែមថា អ្នកជំងឺ​ទល់លាមក ដែល​ត្រូវ​មក​ពិនិត្យ​ព្យាបាល ជាមួយ​គ្រូពេទ្យ នៅពេល​ក្តៅខ្លួន​ខ្លាំង ចុកពោះ​ខ្លាំង ពោះ​ហើម​ខ្លាំង និង​មានការ​ហូរឈាម​តាម​លាមក ត្រូវ​រួសរាន់​មកកាន់​មន្ទីរពេទ្យ ដើម្បី​ពិនិត្យ​ព្យាបាល​ឱ្យទាន់​ពេលវេលា​។ អ្នកជំងឺ​ទល់លាមក ត្រូវ​ផ្លាស់ប្តូរ​ទម្លាប់​នៃ​ការរស់នៅ ញ៉ាំ​អាហារ​ដែលមាន​ជាតិ​ហ្វៃ​ប័​រ ញ៉ាំ​ទឹកដោះគោ ញ៉ាំ​ទឹក​ឱ្យបាន​ច្រើន ចាប់ពី ២​លីត្រ ទៅ ៣​លីត្រ ក្នុង ១​ថ្ងៃៗ​។ ក្រៅពីនោះ ក៏​នៅមាន​ថ្នាំពេទ្យ​មួយចំនួនទៀត​។ ប៉ុន្តែ​បើ​ព្យាបាល​ដោយ​វិធី​ខាងលើនេះ មិន​ជោគជ័យ​ទេ គ្រូពេទ្យ​ក៏ត្រូវ​វះកាត់ ប្រសិនបើ​ជំងឺ​ទល់លាមក​នោះ បណ្តាលមកពី​ដុំ​សាច់​នៅក្នុង​ពោះវៀន​។

 

​ចំពោះ​វិធី​ការពារ​ជំងឺ​ទល់លាមក​រ៉ាំរ៉ៃ ត្រូវបាន​លោក​វេជ្ជបណ្ឌិត ឆាយ ណារិន លើកឡើងថា យើង​ត្រូវ​ញ៉ាំ​ទឹក​ឱ្យបាន​ច្រើន ចាប់ពី ២​លីត្រ​ឡើង ក្នុង​១​ថ្ងៃ ហាត់ប្រាណ​ឲ្យ​បាន​យ៉ាងហោចណាស់ ៣​ដង ក្នុង ១​សប្តាហ៍ ដោយ​ម្តងៗ រយៈពេល ២០​នាទី​ឡើងលើ ហើយ​ពេល​មាន​អារម្មណ៍​ថា ឈឺ​បត់ជើង ឬ​បន្ទោ​របង់ ត្រូវ​ទៅកាន់​បន្ទប់ទឹក បត់ជើង ឬ​បន្ទោ​របង់ កុំ​នៅ​រង់ចាំ​យូរ​។ ក្នុងនោះ យើង​ក៏ត្រូវ​ញ៉ាំ​អាហារ ដែលមាន​ជាតិ​សរសៃ​ហ្វៃ​ប័​រ ឱ្យបាន​ច្រើន ញ៉ាំ​ផ្លែឈើ និង​ញ៉ាំ​គ្រាប់​ធញ្ញជាតិ ជាដើម​។​

 

​សូមបញ្ជាក់ថា មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព គង់ គីម​ចាន់ បាន​ប្រើប្រាស់​នូវ​កម្មវិធី​ពេទ្យ​យើង​។ កម្មវិធី​ពេទ្យ​យើង បង្កើត​ដោយ​ក្រុមហ៊ុន ហ្វឺ​ស វី​ម៉ិ​ន​ថេ​ក អេ​ស៊ា ជា​ប្រព័ន្ធគ្រប់គ្រង​មន្ទីរពេទ្យ​ឌីជីថល​ដំបូង​គេ​នៅ​កម្ពុជា ដើម្បី​ចូលរួមចំណែក​កសាង​ប្រព័ន្ធ​សុខាភិបាល​ទំនើប បែប​ឌីជីថល នៅ​កម្ពុជា  និង​សម្រាប់​សហគមន៍​អាស៊ាន តាមរយៈ​ការផ្តល់​សុវត្ថិភាព​ដល់កំណត់​ត្រា​ព្យាបាល ទិន្នន័យ​សុខភាព​អ្នកជំងឺ និង​ជួយ​ឲ្យ​គ្លីនិក និង​មន្ទីរពេទ្យ​ដៃគូ​ដំណើរការ​រលូន និង​ពុំមាន​ការរំខាន​៕

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង