វិធីទប់ស្កាត់ហានិភ័យនៃការរលូតកូន

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2022-02-02

ការសិក្សា​ បង្ហាញថា ប្រហែល ១៥% នៃស្ត្រីមានផ្ទៃពោះ ជួបប្រទះនឹងការរលូតកូន។ ការបាត់បង់គភ៌ដំបូង​ភាគ​ច្រើន បណ្តាលមកពីភាពមិនប្រក្រតីនៃក្រូម៉ូសូម ហើយវាមានអត្រាខ្ពស់រហូតដល់ ៧០% និងភាគច្រើន ការបាត់បង់នេះ ស្ថិតក្នុងរយៈ ២០ សប្តាហ៍ដំបូងនៃការមានផ្ទៃពោះ។

ហានិភ័យនៃការរលូតកូន មានកត្តារួមផ្សំដទៃទៀត ដូចជា កត្តាអាយុ ភាពធាត់ និងជំងឺរ៉ាំរ៉ៃ ដូចជាជំងឺទឹកនោមផ្អែម ជំងឺក្រពេញទីរ៉ូអ៊ីត និងជំងឺលើសឈាម ជាដើម។ ៨ ចំណុចខាងក្រោមនេះ ជាវិធីសាស្ត្រទប់ស្កាត់ ហានិភ័យនៃការរលូតកូន៖

១. លាងសំអាតដៃអោយបានស្អាត៖ មានការ​ឆ្លង​មេរោគ​មួយចំនួន អាចបណ្តាលឱ្យមានការរលូតកូន ការស្លាប់នៅក្នុងពោះរបស់ម្តាយ។ ដើម្បីចៀសវាងការឆ្លងមេរោគ ឬបាក់តេរីផ្សេងៗ ស្ត្រីជាម្តាយ គួរអនុវត្តអនាម័យដៃឱ្យបានល្អ និង​នៅ​ឆ្ងាយ​ពី​អ្នក​ជំងឺ​។

២. ឈប់ជក់បារីស្ត្រី ដែល​ជក់​បារី អាច​​ជួបនឹងបញ្ហា​គ្មាន​កូន ការរលូតកូន ការសម្រាលកូនមិនគ្រប់ខែ ឬទារកមិនគ្រប់គីឡូ។ ទារក ដែលកើតពី​ស្ត្រី ជក់បារី​មានហានិភ័យខ្ពស់ និងអាចប្រឈមនឹងអត្រាមរណៈ។ ការឈប់ជក់បារី មិនត្រឹមតែជួយជីវិតកូនរបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែវា​អាច​នឹង​ធ្វើ​ឱ្យសុខភាពអ្នក​នៅ​ជុំវិញ​ខ្លួន​អ្នក​ល្អ និងរស់នៅ​បានយូរ។

៣. ប្រុង​ប្រយ័ត្ន​ចំពោះ​អាហារ៖ សម្រាប់​ស្ត្រី ​ដែល​​​​មាន​​​​ផ្ទៃ​ពោះ ឬ​ព្យាយាម​មាន​ផ្ទៃពោះ ការ​គ្រប់គ្រង​អាហារ​ដោយ​​​​សុវត្ថិភាព ​គឺ​​សំខាន់​​ណាស់ សម្រាប់​​ខ្លួន និង​​ទា​រក​។

៤. ចាក់វ៉ាក់សាំង​ការពារគ្រុនផ្តា​សាយ៖ ស្ត្រីមួយចំនួន មានការភ័យខ្លាច ចំពោះការចាក់ថ្នាំបង្ការគ្រុនផ្តាសាយ ព្រោះគិតថា វាអាចបណ្តាលឱ្យមានការរលូតកូន។ ប៉ុន្តែការសិក្សា១ បានបង្ហាញថា មិនមានការកើន​ឡើង​ហានិភ័យនៃការរលូតកូន បន្ទាប់ពីការចាក់ថ្នាំផ្តា​សាយនោះទេ។ វ៉ាក់សាំងផ្តាសាយ ត្រូវបានណែនាំ​​ឱ្យ​ចាក់ ដោយមិនគិតពីដំណាក់កាលនៃការមានផ្ទៃ​ពោះ។

៥. សម្រកទម្ងន់មុនពេលមានផ្ទៃពោះ៖ ភាពធាត់មិនទាន់មានភស្តុតាង ដែលបញ្ជាក់ថា ជាមូលហេតុបណ្តាលឱ្យមានការរលូតកូននោះទេ ប៉ុន្តែការសិក្សានៅទូទាំងពិភពលោក កំពុងស្វែងរកលទ្ធផលដូចគ្នា ព្រោះស្ត្រី ដែលធាត់ មានហានិភ័យខ្ពស់ក្នុងការរលូតកូន។

៦. តាមដានសុខភាព៖ ស្ត្រីមានផ្ទៃពោះមួយចំនួន មានបញ្ហាសុខភាព ដូចជា ជំងឺលើសសំពាធឈាម ជំងឺទឹកនោមផ្អែម បញ្ហាមាត់ស្បូន និងបញ្ហាផ្សេងៗទៀតនៅមាត់ស្បូន។ ដូច្នេះស្ត្រីមានផ្ទៃពោះ គួរតាមដានសុខភាពឱ្យបានត្រឹមត្រូវតាមការណែនាំរបស់វេជ្ជបណ្ឌិត ដើម្បីជៀសវាងហានិភ័យដល់ខ្លួន និងទារក។

៧. លេបថ្នាំឱ្យបានត្រឹមត្រូវ៖ ប្រសិនបើអ្នកកំពុងពិចារណាយកកូន គួរចាប់ផ្តើមប្រើថ្នាំវីតាមីន មុនពេលមានផ្ទៃពោះ។ អត្ថប្រយោជន៍នៃអាស៊ីតហ្វូលិក គឺមានសារៈសំខាន់បំផុត នៅក្នុងដំណាក់កាលដំបូងនៃការមានផ្ទៃពោះ។ ការទទួលទានអាស៊ីតហ្វូលិកគ្រប់គ្រាន់ មានសារៈសំខាន់ណាស់ ក្នុងការការពារការខូចប្រព័ន្ធសរសៃប្រសាទរបស់ទារក ដែលជាកត្តាបណ្តាលអោយមានការស្លាប់ក្នុងពោះ។

៨. កុំពិសារគ្រឿងស្រវឹង៖ ការពិសារគ្រឿងស្រវឹង ជាហានិភ័យបង្កអោយផលប៉ះពាល់ការរលូតកូនក្នុងផ្ទៃ ឬសម្រាលកូនមិនរួច ជាពិសេសការប្រើប្រាស់គ្រឿងស្រវឹងជាប្រចាំ ឬលើសកម្រិត៕

ប្រភព៖ Everywellfamily:  https://www.verywellfamily.com/reduce-risk-pregnancy-loss-2371453

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង