អ្នកទទួលទានស្រា និងបារី ប្រឈមខ្ពស់នឹងការកើតអាការៈហឹងត្រចៀក

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2022-01-28

ក្នុង​កម្មវិធី​សន្ទនា​អំពី​សុខភាព​របស់​ពេទ្យ​យើង លោកស្រី​វេជ្ជបណ្ឌិត ង៉ូ​វ ចរិយា ឯកទេស​ត្រចៀក ច្រមុះ និង​បំពង់ក នៃ​មន្ទីរ​ពហុ​ព្យាបាល និង​សម្ភព អ​ឃី​ត ផ្លា​ហ្សា បានលើកឡើង​ពី​អាកា​រៈ​ហឹ​ង​ត្រចៀក​។ អាកា​រៈ​ហឹ​ង​ត្រចៀក ជាទូទៅ អ្នកជំងឺ​អាច​លឺ​សំឡេង​ក្នុង​ត្រចៀក​តែ​ម្ខាង ឬក៏​លឺ​នៅក្នុង​ត្រចៀក​ទាំងសង្ខាង ទោះបីជា​មិនមាន​សំឡេង​នៅ​មជ្ឈដ្ឋាន​ខាងក្រៅ​ក៏ដោយ ហើយ​សំឡេង​នោះ ស្តាប់លឺ​តែ​អ្នកជំងឺ​ទេ​។ ក្នុងនោះ អ្នកទទួល​ទាន​ស្រា និង​បារី ប្រឈម​ខ្ពស់​នឹង​ការកើត​អាកា​រៈ​ហឹ​ង​ត្រចៀក​។​

​អ្នក​ដែល​ងាយ​ប្រឈម​នឹង​អាកា​រៈ​ហឹ​ង​ត្រចៀក ត្រូវបាន​លោកស្រី​វេជ្ជបណ្ឌិត ង៉ូ​វ ចរិយា លើកឡើងថា អាចទាក់ទង​នឹង​អាជីព​ការងារ ដូចជា អ្នក​ដែល​ធ្វើការ​នៅក្បែរ​គ្រឿងចក្រ ដែល​លាន់លឺ​សំឡេង​ខ្លាំង អ្នក​ដែល​ស្ថិត​នៅក្បែរ​ការដ្ឋាន​សំណង់ ឬក៏​កម្មករសំណង់ ដែល​គាត់​ធ្វើការ​នៅក្បែរ​គ្រឿងចក្រ​លាន់លឺ​សំឡេង​ខ្លាំង​រយៈពេល​យូរ​។ មួយវិញទៀត ទាក់ទង​អាជីព​ការងារ​ដែរ ដូចជា គាត់​ជា​តន្ត្រីករ អ្នកភ្លេង អ្នកចម្រៀង ដែល​គាត់​ធ្វើការ​នៅក្បែរ​ឧបករណ៍​បំពង​សំឡេង​។ ក្នុងនោះ ប្រជាជន​ទូទៅ ដែល​ចូលចិត្ត​ប្រើ​កាស​ត្រចៀក ដោយ​ប្រើ​សំឡេង​ខ្លាំង រយៈពេល​យូរ ក៏​អាចមាន​កត្តា​ប្រឈម​ទៅនឹង​អាកា​រៈ​ហឹ​ង​ត្រចៀក​ដូចគ្នា​។ ទាហាន ដែល​ហាត់​សម រៀន​បាញ់កាំភ្លើង ឬក៏​នៅក្នុង​សមរភូមិ​ប្រយុទ្ធ​គ្នា ក៏​អាចមាន​ផលប៉ះពាល់​ទៅលើ​ត្រចៀក​របស់គាត់ បើ​គាត់​មិនបាន​ប្រើប្រាស់​ឧបករណ៍​ការពារ​ត្រចៀក​ឲ្យ​បាន​ត្រឹមត្រូវ​។​

​លោកស្រី​វេជ្ជបណ្ឌិត ង៉ូ​វ ចរិយា បន្តថា ពាក់ព័ន្ធ​នឹង​វ័យ អាយុ​អ្នកជំងឺ​ចាប់ពី ៥០​ឆ្នាំ​ឡើងទៅ គឺ​មុខងារ​របស់​ត្រចៀក មានការ​ធ្លាក់ចុះ ដូច្នេះ​គាត់​អាច​ចេញ​ជា​រោគសញ្ញា​នៃ​ការ​ស្តាប់​ធ្លាក់ចុះ និង​អាកា​រៈ​ហឹ​ង​ត្រចៀក​នេះ ដូចគ្នា​។ អ្នកទទួល​ទាន​ស្រា និង​បារី ក៏​ប្រឈម​នឹង​ការកើត​អាកា​រៈ​ហឹ​ង​ត្រចៀក ខ្ពស់ជាង​អ្នក​មិន​ទទួលទាន​ស្រា និង​បារី​។

​ក្រៅពីនេះ អ្នកមាន​ជំងឺលើសឈាម អ្នកជំងឺ ដែលមាន​ជាតិ​ខ្លាញ់ ឬក៏​ជាតិ​កូ​ឡេស​ស្តេ​រ៉ូ នៅក្នុង​សរសៃឈាម​ខ្ពស់ និង​អ្នក ដែលមាន​ជំងឺ​រ៉ាំរ៉ៃ ដូចជា​ទឹកនោមផ្អែម ឬក៏​អ្នក​ខ្វះ​គ្រាប់​ឈាម ជាដើម​។​

​មូលហេតុ ដែល​នាំ​ឲ្យ​មាន​អាកា​រៈ​ហឹ​ង​ត្រចៀក អាច​បណ្តាលមកពី​ច្រមុះ មកពី​ត្រចៀក និង​មាន​បញ្ហា​ផ្សេងៗ​ទៀត​។ ច្រមុះ និង​ត្រចៀក មាន​ការតភ្ជាប់​គ្នា ដោយ​នៅពេល​អ្នកជំងឺ​មាន​ជំងឺ​រលាក​ផ្លូវដង្ហើម ផ្នែក​ខាងលើ តាមរយៈ​ផ្តាសាយ ឬក៏​រលាក​ច្រមុះ ហើយ​នៅពេល​អ្នកជំងឺ មិន​បានទទួល​ការព្យាបាល​ត្រឹមត្រូវ គឺ​អ្នកជំងឺ អាច​នឹង​ស្តែងឡើង​នូវ​អាកា​រៈ​ហឹ​ង​ត្រចៀក​។ ម្យ៉ាងទៀត ក្នុងករណី​អ្នកជំងឺ​មាន​ដុំ​សាច់ នៅ​គល់​ច្រមុះ ហើយ​រាំងស្ទះ ឬក៏​សង្កត់​ទៅលើ​រន្ធ​ច្រមុះ ក៏​អាច​បណ្តាល​ឲ្យ​អ្នកជំងឺ មាន​អាកា​រៈ​ហឹ​ង​ត្រចៀក​ដែរ​។ បើ​ដុំ​សាច់​នេះ សង្កត់​ទៅ​ផ្នែក​ខាងឆ្វេង នឹងធ្វើ​ឲ្យ​ហឹ​ង​ត្រចៀក នៅ​ផ្នែក​ខាងឆ្វេង ហើយ​បើ​ដុំ​សាច់​នោះ សង្កត់​ទៅ​ផ្នែក​ខាងស្តាំ នឹងធ្វើ​ឲ្យ​ហឹ​ង​ត្រចៀក នៅ​ផ្នែក​ខាងស្តាំ​។​

​លោកស្រី​វេជ្ជបណ្ឌិត ង៉ូ​វ ចរិយា បន្ថែមថា អាកា​រៈ​ហឹ​ង​ត្រចៀក​នេះ ក៏​កើត​លើ​ក្រុម​អ្នក​ចូលចិត្ត​ជ្រមុជ​ទឹក ក្នុង​ជម្រៅ​ជ្រៅៗ​។ ជំងឺ​ត្រចៀក​មួយចំនួន ដូចជា ការ​រលាក​នៅ​ត្រចៀក​ខាងក្រៅ ការ​រលា​កនៅ​ត្រចៀក​កណ្តាល ឬក៏​មាន​ឧបសគ្គ ដែល​រាំងស្ទះ​នៅក្នុង​រន្ធ​ត្រចៀក ដូចជា ដុំ​ក្រមួន​នៅក្នុង​ត្រចៀក ឬក៏​មាន​វត្ថុ​ខាងក្រៅ ដែល​ដាក់ចូល​ទៅក្នុង​រន្ធ​ត្រចៀក ជាដើម​។ ទាំងអស់នេះ ក៏​បណ្តាល​ឲ្យ​មាន​អាកា​រៈ​ហឹ​ង​ត្រចៀក​ដែរ​។ ក្រៅពីនោះ ក៏មាន​មូលហេតុ​បណ្តាល​ឲ្យ​មាន​អាកា​រៈ​ហឹ​ង​ត្រចៀក ដោយសារ​ការប្រើប្រាស់​ថ្នាំពេទ្យ ពិសេស​ថ្នាំ​ផ្សះ និង​ការប៉ះទង្គិច​ខ្លាំង នៅ​ក្បាល ដូចជា រអិលដួល ឬក៏​គ្រោះថ្នាក់​ចរាចរណ៍ ជាដើម​។​

​លោកស្រី​វេជ្ជបណ្ឌិត ង៉ូ​វ ចរិយា លើកឡើងថា អាកា​រៈ​ហឹ​ង​ត្រចៀក ធ្វើ​ឲ្យ​អ្នកជំងឺ មានការ​ស្តាប់​ធ្លាក់ចុះ តែ​មិន​បណ្តាល​ឲ្យ​ទៅជា​ថ្លង់​នោះទេ​។

​ចំពោះ​ការព្យាបាល​អាកា​រៈ​ហឹ​ង​ត្រចៀក ត្រូវបាន​លោកស្រី​វេជ្ជបណ្ឌិត ង៉ូ​វ ចរិយា លើកឡើងថា យើង​ត្រូវ​ព្យាបាល​តាម​មូលហេតុ​ជាក់លាក់ ដោយ​តម្រូវ​ឲ្យ​អ្នកជំងឺ មកជួប​គ្រូពេទ្យ ហើយ​ពិនិត្យ​ព្យាបាល​។ មូលហេតុ​ខ្លះ អាច​ពិនិត្យ​ព្យាបាល ជាសះស្បើយ ១០០​ភាគរយ​។ ក៏ប៉ុន្តែ​មាន​មូលហេតុ​ខ្លះទៀត បន្ទាប់ពី​ព្យាបាល​រួច អ្នកជំងឺ​មិនអាច​ជាសះស្បើយ​ដូចដើម​ទេ​។

​វិធី​ការពារ​អាកា​រៈ​ហឹ​ង​ត្រចៀក ត្រូវបាន​លោកស្រី​វេជ្ជបណ្ឌិត ង៉ូ​វ ចរិយា លើកឡើងថា ជៀសវាង​ការប្រើ​កាស​ស្តាប់​សំឡេង​លឺ​ខ្លាំង កាត់បន្ថយ ឬ​នៅ​ឲ្យ​ឆ្ងាយ​ពី​សំឡេង​ខ្លាំង​នោះ​។ អ្នកទទួល​ស្រា ឬ​បារី សូម​បន្ថយ ឬ​បញ្ឈប់ ព្រោះ​ការទទួល​ទាន​ស្រា និង​បារី ក្រៅពី​ធ្វើ​ឲ្យ​មាន​អាកា​រៈ​ហឹ​ង​ត្រចៀក ក៏​ជា​កត្តា​មួយ ធ្វើ​ឲ្យ​កើត​ជំងឺមហារីក​ច្រមុះ បំពង់ក និង​ប៉ះពាល់​ដល់​សរីរាង្គកាយ​ផ្សេងទៀត​ដែរ​។ ក្រៅពីនោះ ទាក់ទង​នឹង​ជាតិ​ខ្លាញ់​នៅក្នុង​សរសៃឈាម អ្នកជំងឺ​អាចធ្វើ​លំ​ហាត់ប្រាណ​ទៀងទាត់ ហើយ​បើ​ទាក់ទង​នឹង​ជំងឺ​ទឹកនោមផ្អែម​វិញ គឺ​ជៀសវាង​ការបរិភោគ​អាហារ ឬ​ភេសជ្ជៈ​ផ្អែមៗ​ពេក ឬក៏​កុំ​ញ៉ាំ​អាហារ​ប្រៃ​ពេក​។​

​សូមបញ្ជាក់ថា មន្ទីរ​ពហុ​ព្យាបាល និង​សម្ភព អ​ឃី​ត ផ្លា​ហ្សា បាន​ប្រើប្រាស់​នូវ​កម្មវិធី​ពេទ្យ​យើង​។ កម្មវិធី​ពេទ្យ​យើង បង្កើត​ដោយ​ក្រុមហ៊ុន ហ្វឺ​ស វី​ម៉ិ​ន​ថេ​ក អេ​ស៊ា ជា​ប្រព័ន្ធគ្រប់គ្រង​មន្ទីរពេទ្យ​ឌីជីថល​ដំបូង​គេ​នៅ​កម្ពុជា ដើម្បី​ចូលរួមចំណែក​កសាង​ប្រព័ន្ធ​សុខាភិបាល​ទំនើប បែប​ឌីជីថល នៅ​កម្ពុជា  និង​សម្រាប់​សហគមន៍​អាស៊ាន តាមរយៈ​ការផ្តល់​សុវត្ថិភាព​ដល់កំណត់​ត្រា​ព្យាបាល ទិន្នន័យ​សុខភាព​អ្នកជំងឺ និង​ជួយ​ឲ្យ​គ្លីនិក និង​មន្ទីរពេទ្យ​ដៃគូ​ដំណើរការ​រលូន និង​ពុំមាន​ការរំខាន​៕

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង