WHO៖ Omicron មិនសូវធ្ងន់ធ្ងរដូច Delta ប៉ុន្តែបង្កគ្រោះថ្នាក់ សម្រាប់អ្នក ដែលមិនបានចាក់វ៉ាក់សាំង

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2022-01-13

ប្រធានអង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃពុធ​ ទី១២ ខែមករា​ថា Omicron មានការឆ្លងខ្លាំង និងមានរោគសញ្ញាតិចជាងប្រភេទ Delta ប៉ុន្តែវានៅតែជា​មេរោគដ៏គ្រោះថ្នាក់ខ្លាំងបំផុត ជាពិសេសសម្រាប់អ្នកដែលមិនបានចាក់ថ្នាំវ៉ាក់សាំង​បង្ការ។

ថ្លែង​នៅ​ក្នុង​សន្និសីទសារព័ត៌មាន​មួយ ប្រធាន​អង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus ​បាន​​និយាយ​​ថា ប្រទេស​ជាង ៩០ មិនទាន់សម្រេចបានគោលដៅនៃការចាក់វ៉ាក់សាំង ៤០% នៃចំនួនប្រជាជនរបស់ពួកគេ ហើយជាង ៨៥% នៃប្រជាជននៅទ្វីបអាហ្រ្វិក មិនទាន់ទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី១ នោះទេ។

លោក Tedros បាននិយាយថា «យើងមិនត្រូវអនុញ្ញាតឲ្យវីរុសនេះ បក់បោកដោយសេរី និងបង្កភាពវឹកវរនោះទេ ជាពិសេសខណៈដែលប្រជាពលរដ្ឋជាច្រើន ជុំវិញសកល មិនទាន់ចាក់​វ៉ាក់​សាំង​នៅឡើយ»

លោកបន្ថែមថា នៅក្នុងរបាយការណ៍ប្រចាំសប្តាហ៍នៃជំងឺកូវីដ-១៩ របស់ WHO ចេញផ្សាយ​កាលពីថ្ងៃអង្គារ បង្ហាញថា ករណី​​ឆ្លង​​បានកើន​ឡើង ៥៥% ឬស្មើនឹង ១៥​លានករណី ក្នុងមួយសប្តាហ៍ ដើម​ខែមករានេះ។ ក្នុងរយៈពេល ៩​សប្តាហ៍ចុងក្រោយ​នេះ មាន​កណី​ឆ្លងយ៉ាងកំហុក​ពីមួយសប្តាហ៍ ទៅមួយសប្តាហ៍។

លោក Tedros ថា «ការកើនឡើងនៃការឆ្លងយ៉ាងខ្លាំងដូច្នេះ ភាគច្រើនជាប្រភេទបំប្លែងថ្មីអូមីក្រុង ហើយជាកត្តាជំរុញអោយវីរុសនេះ នាំមុខមេរោគកូវីដ-១៩ ប្រភេទដែលតា យ៉ាងឆាប់រហ័ស ស្ទើរតែគ្រប់ប្រទេសទាំងអស់»។

លោកបាននិយាយថា អ្នកជំងឺកូវីដ-១៩ ដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ជុំវិញពិភពលោក ភាគច្រើន មិនបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ​នោះទេ ហើយប្រសិនបើការចម្លង មិនមានការថយចុះនោះទេ ហានិភ័យធំនៃការបំប្លែងថ្មី នឹងអាចលេចចេញមក ហើយអាចឆ្លងច្រើន​ និង​​ស្លាប់​ច្រើន​​​ផង​ដែរ​៕

ប្រភព៖ https://gulfnews.com/world/europe/covid-19-omicron-less-severe-than-delta-but-still-poses-danger-for-unvaccinated-says-who-1.1642009926786

 

https://www.reuters.com/business/healthcare-pharmaceuticals/omicron-less-severe-than-delta-still-poses-danger-unvaccinated-who-2022-01-12/

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង