មកត្រឹមពេលនេះ កូវីដ ១៩ បំប្លែងខ្លួន បានប៉ុន្មានប្រភេទហើយ?

ការពារ​ប្រឆាំង ជំងឺ កូវីដ ១៩  |  Date: 2022-01-11

ចាប់តាំងពីវីរុសកូរ៉ូណា (COVID-19 ឬ SARS-COV-2)​ លេចមុខចេញដំបូង កាលពីចុងឆ្នាំ២០១៩ អ្នកជំនាញវេជ្ជសាស្ត្រ​​បានព្យាយាមយ៉ាងខ្នះខ្នែង ក្នុងការសិក្សា ស្វែងយល់ពីវីរុសនេះ និងស្វែងរកវិធីព្យាបាល តាមរយៈវ៉ាក់សាំង និងថ្នាំគ្រាប់ជាដើម។​

ទោះជាយ៉ាងណា វីរុសនេះ បាន និងកំពុងបន្តសក្ដានុពល បំប្លែ​ងខ្លួន ចេញជា​ច្រើនប្រភេទ និងបង្កហានិភ័យ ទូទាំងសកលលោក អស់​រយៈពេលជាង ២ឆ្នាំមកនេះ។

គិតត្រឹមដើមខែមករា ឆ្នាំ២០២២ វីរុសកូរ៉ូណា បានបំប្លែង​ជាច្រើនប្រភេទ៖​

. អាល់ហ្វា (Alpha ឬ B.1.1.7)៖

  • រកឃើញដំបូង នៅចក្រភពអង់គ្លេស ក្នុងខែកញ្ញា ឆ្នាំ២០២០
  • កើតមានក្នុងប្រទេសចំនួន ១៩៣ប្រទេស
  • ករណីខ្ពស់បំផុតនៅ (១) ចក្រភពអង់គ្លេស (២) សហរដ្ឋអាមេរិក និង (៣) អាល្លឺម៉ង់

 

.​ បេតា (Beta ឬ B.1.351)៖

  • រកឃើញដំបូង ក្នុងប្រទេសអាហ្វ្រិកខាងត្បូង ក្នុងខែឧសភា ឆ្នាំ២០២០
  • កើតមានក្នុងប្រទេសចំនួន ១៤១ប្រទេស
  • ករណីខ្ពស់បំផុតនៅ (១) អាហ្រិកខាងត្បូង (២) បារាំង និង (៣) ហ្វីលីពីន

 

. ហ្គាម៉ា (Gamma ឬ P.1)៖

  • រកឃើញដំបូងក្នុងប្រទេសប្រេស៊ីល ក្នុងខែវិច្ឆិកា ឆ្នាំ២០២០
  • កើតមានក្នុងប្រទេសចំនួន ៩១ប្រទេស
  • ករណីខ្ពស់បំផុតនៅ (១) ប្រេស៊ីល (២) សហរដ្ឋអាមេរិក និង (៣) កាណាដា

 

. ដែលតា (Delta ឬ B.1.617.2)៖

  • រកឃើញដំបូងក្នុងប្រទេសឥណ្ឌា ក្នុងខែតុលា ឆ្នាំ២០២០
  • កើតមានក្នុងប្រទេសចំនួន ១៧០ប្រទេស
  • ករណីខ្ពស់បំផុតនៅ (១) សហរដ្ឋអាមេរិក (២) ចក្រភពអង់គ្លេស និង (៣) អាល្លឺម៉ង់

 

. ឡាំដា (Lambda ឬ C.37)៖

  • ត្រូវបានរកឃើញដំបូងក្នុងប្រទេសប៉េរូ ក្នុងខែធ្នូ ឆ្នាំ២០២០
  • កើតមានក្នុងប្រទេសចំនួន ២៩ប្រទេស
  • ករណីខ្ពស់បំផុតនៅ (១) ឈីលី (២) សហរដ្ឋអាមេរិក និង (៣) ប៉េរូ

 

. មូ (Mu ឬ B.1.621)៖

  • រកឃើញដំបូងក្នុងប្រទេសកូឡុំប៊ី ក្នុងខែមករា ឆ្នាំ២០២១
  • កើតមានក្នុងប្រទេសចំនួន ៤៣ប្រទេស
  • ករណីខ្ពស់បំផុតនៅ (១) កូឡុំប៊ី (២) អេក្វាឌ័រ (៣) ទ្វីបអាមេរិកខាងត្បូង និង (៤) អឺរ៉ុប

 

. អូមីក្រុង (Omicron ឬ B.1.1.529)៖

  • រកឃើញដំបូងក្នុងប្រទេសមួយចំនួន រួមមាន បូតស្វាណា និងអាហ្វ្រិកខាងត្បូង ក្នុងខែវិឆ្ឆិកា ឆ្នាំ២០២១
  • កើតមានក្នុងប្រទេសចំនួន ៨៩ប្រទេស
  • ករណីខ្ពស់បំផុតនៅ (១) ចក្រភពអង់គ្លេស (២) សហរដ្ឋអាមេរិក និង (៣) ដាណឺម៉ាក

 

នៅដើមខែមករានេះ ក្រុម​អ្នកស្រាវជ្រាវ នៅប្រទេស Cyprus បានប្រកាសពីការ​រកឃើញវ៉ារ្យ៉ង់ថ្មីមួយ បំប្លែងថ្មី ដែលតាក្រុង (Deltacron) ដែល​រួម​បញ្ចូល​គ្នា​រវាង​​វីរុស​​កូវីដ-១៩ ប្រភេទ​ដែលតា (Delta) និង​អូមីក្រុង(Omicron)។ ​ប៉ុន្តែ​​​មេរោគ​​កូវីដ​​១៩ ​បំប្លែង​ថ្មី ​ដែល​​​រួម​​​បញ្ចូល​​​គ្នា​រវាង​​​ដែល​តា ​និង​អូ​មី​ក្រុង Deltacron មិន​ទាន់​​បញ្ជាក់​ផ្លូវការ​ពីអង្គការសុខភាពពិភពលោក​ នៅ​ឡើយ​​​ទេ​៕

ប្រភព៖ WHO II https://www.who.int/, UNRIC II United Nations in Western Europe - UNRIC Brussels, WalesOnline II https://www.walesonline.co.uk/, Gavi II https://www.gavi.org/ & Global News II https://globalnews.ca/

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង