ក្នុងកម្មវិធីគន្លឹះសុខភាព របស់ពេទ្យយើង កញ្ញា សំឱ លក្ខិណា វេជ្ជបណ្ឌិតទូទៅ ជំនាញផ្នែកថែរក្សាស្បែក បានលើកបង្ហាញពីវិធីសាមញ្ញៗ ដើម្បីថែរក្សាស្បែកមុខ ដោយប្រើកាហ្វ ផ្សំនឹងទឹកដោះគោ រួមទាំងល្មៀត លាយនឹងទឹកឃ្មុំ ធ្វើជាម៉ាសធម្មជាតិ លាប និងបិតលើស្បែកមុខ ដើម្បីបំបាត់ស្លាកស្នាម និងព្យាបាលមុខឡើងមុន។
កញ្ញាវេជ្ជបណ្ឌិត សំឱ លក្ខិណា លើកឡើងថា បញ្ហាកើតលើស្បែកមុខ ភាគច្រើន កើតឡើងនូវស្បែកស្ងួត ឡើងជ្រួញ ស្បែកឡើងខ្លាញ់ខ្លាំង មុខឡើងរោល ហើយឡើងមុន។ ក្នុងនោះ ស្ត្រេស ជាកត្តាមួយ ចម្បង ដែលធ្វើឲ្យមុខឡើងមុន។ នៅពេលយើងស្ត្រេស ធ្វើឲ្យបរិមាណអ័រមូន កកទិហ្ស៊ោ កើនឡើង ទៅភ្ញោចនឹងក្រពេញបញ្ចេញខ្លាញ់លើស្បែកមុខរបស់យើង ហើយខ្លាញ់នោះហើយ ដែលធ្វើឲ្យមុខ ឡើងរោល និងឡើងមុន។
កញ្ញាវេជ្ជបណ្ឌិត លើកឡើងថា ជាទូទៅ ការលាងស្បែកមុខ ធ្វើឡើងតែ ២ដងទេ ក្នុង ១ថ្ងៃ។ បើសិនជាលាងសម្អាតមុខ ឬប្រើផលិតផលជម្រុះកោសិកាចាស់ៗ ច្រើនពេក ក៏អាចប៉ះពាល់ដល់សុខភាពស្បែកមុខផងដែរ។
កញ្ញាវេជ្ជបណ្ឌិត សំឱ លក្ខិណា បន្ថែមថា ពន្លឺចេញពីកុំព្យួទ័រ និងទូរស័ព្ទដៃ ក៏អាចប៉ះពាល់ដល់ស្បែក នៅលើផ្ទៃមុខដែរ។ ពន្លឺទាំងនោះ ធ្វើឲ្យកោសិកាស្បែកស្ងួតខ្លាំង ខ្លះប្តូរពណ៌ ស្រអាប់ដុំៗ។
ចំពោះវិធីការពារស្បែកមុខ ត្រូវបានកញ្ញាវេជ្ជបណ្ឌិត សំឱ លក្ខិណា លើកឡើងថា គឺការប្រើឡេការពារពន្លឺព្រះអាទិត្យ រួមទាំងការកាត់បន្ថយការនៅមុខកុំព្យួទ័រ ឬអេក្រង់ទូរស័ព្ទ ហើយអាចប្តូរជាអានសៀវភៅ និងញ៉ាំទឹកឲ្យបានច្រើន។
ការព្យាបាល ត្រូវបានកញ្ញាវេជ្ជបណ្ឌិត សំឱ លក្ខិណា លើកឡើងថា គ្រូពេទ្យត្រូវស្វែងយល់ពីការរស់នៅប្រចាំថ្ងៃ និងការប្រើប្រាស់ផលិតផលថែរក្សាស្បែក។ ប្រភេទស្បែកមុខ ត្រូវនឹងផលិតផលបែបណា? ពេលខ្លះ ស្បែកមុខគាត់ឡើងខ្លាញ់ច្រើន តែពេលគាត់ជ្រើសរើសហ្វូមលាងមុខ គឺកាត់ខ្លាញ់ខ្លាំងពេក ធ្វើឲ្យស្បែកមុខស្ងួត ហើយក៏ធ្វើឲ្យខ្លាញ់ចេញលើសដើម។ នេះក៏ដោយសារតែការជ្រើសរើសផលិតផល មិនត្រូវតាមប្រភេទស្បែក។
កញ្ញាវេជ្ជបណ្ឌិត សំឱ លក្ខិណា លើកឡើងបន្តថា ស្ត្រី ដែលប្រើប្រាស់គ្រឿងសម្អាងច្រើន ឬក៏ឡេការពារកម្តៅថ្ងៃ គឺត្រូវលាងសម្អាត ២តង់ ដោយប្រើទឹកជូតក៏បាន ឬក៏កន្សែងជូត ១តង់សិន មុននឹងលាងសម្អាតផ្ទៃមុខ ដោយហ្វូម។
នៅលើផ្ទៃមុខ ក្រៅពីការប្រើប្រាស់ផលិតផលគ្រឿងសម្អាង ដើម្បីថែរក្សាស្បែកមុខ កញ្ញាវេជ្ជបណ្ឌិត សំឱ លក្ខិណា ក៏បានលើកឡើងថា មានវិធីធម្មជាតិងាយៗ ក្នុងការថែរក្សាស្បែកមុខ ដូចជា កាហ្វេ ទឹកដោះគោ ឬយ៉ាអួ ជាដើម។ ការលាបមុខនឹងកាហ្វេ អាចជម្រុះកោសិកាចាស់ៗ។ វិតាមីន និងប្រូតេអ៊ីន ដែលមាននៅក្នុងទឹកដោះគោ ក៏វាជួយដល់ស្បែកមុខរបស់យើងដែរ។ ដូច្នេះគេក៏អាចលាយកាហ្វ និងទឹកដោះគោ ចូលគ្នា ហើយធ្វើជាម៉ាសធម្មជាតិ សម្រាប់បិតមុខ ក៏បានដែរ។ ម៉ាសធម្មជាតិនេះ គេអាចបិតលើស្បែកមុខ ពី ១០នាទី ទៅ ១៥នាទី ឬក៏ ២០នាទី ក៏បាន។
ចំពោះមុខមានស្នាម ក៏ត្រូវបានកញ្ញាវេជ្ជបណ្ឌិត សំឱ លក្ខិណា លើកឡើងថា ល្មៀត គឺល្អ និងអាចបំបាត់ស្លាកស្នាមលើផ្ទៃមុខ ជាពិសេសអ្នកដែលមានមុខឡើងមុន គឺវាជួយបំបាត់បាក់តេរី នៅលើស្បែកមុខយើងទៀត។ យើងអាចលាយល្មៀត និងទឹកឃ្មុំ។ ទឹកឃ្មុំលាបលើស្បែកមុខ នឹងអាចជួយបង្កើត ខឡឺជេន និងជួយដល់កោសិកា ដែលខូចខាត ព្រោះបើពេលឡើងមុន គឺកោសិកាយើង ខូចខាតហើយ។ ដូច្នេះបើយើងលាយល្មៀត និងទឹកឃ្មុំ ហើយលាបបិតលើស្បែកមុខរបស់យើង នឹងជួយឲ្យមុខរបស់យើង បាត់មុន បាត់ស្នាម និងជួយដល់កន្លែងដែលខូចខាត ដោយសារកើតមុន គឺវានឹងជួយជំរុញឲ្យកកើតឡើងវិញនូវកោសិកាថ្មីបន្ថែម។ យើងអាចធ្វើឆ្លាសគ្នា រវាងល្មៀតទឹកឃ្មុំ ជាមួយនឹងកាហ្វេ និងទឹកដោះគោ ក៏ល្អដែរ។ នោះគឺកាហ្វេ និងទឹកដោះគោ អាចជម្រុះកោសិកាចាស់ៗ ហើយល្មៀត និងទឹកឃ្មុំ ជួយបង្កើតកោសិកាថ្មីបន្ថែម។
កញ្ញាវេជ្ជបណ្ឌិត សំឱ លក្ខិណា បន្ថែមថា មុននឹងបិតម៉ាស ត្រូវលាងសម្អាតផ្ទៃមុខ ឲ្យបានស្អាត ដោយហ្វូមលាងមុខជាមុនសិន។ ដូច្នេះនៅពេលបិតម៉ាសរួចហើយ យើងមិនចាំបាច់លាងសម្អាតផ្ទៃមុខដោយហ្វូមទៀតទេ គឺលាងសម្អាតផ្ទៃមុខ នឹងតែទឹកស្អាតបានហើយ។
របបអាហារ ដែលយើងគួរតែបរិភោគ ដើម្បីជួយដល់ស្បែក ក៏ត្រូវបានកញ្ញាវេជ្ជបណ្ឌិត សំឱ លក្ខិណា លើកឡើងថា ជាទូទៅ គឺប្រភេទវីតាមីន A, B, D និងវីតាមីន E ដែលមាននៅក្នុងបន្លែផ្លែឈើ ជាដើម។ ជាពិសេសយើងត្រូវញ៉ាំទឹកឲ្យបានច្រើន គឺលើសពី ២លីត្រ ក្នុង ១ថ្ងៃ។ ចំណែកចំណីអាហារ ដែលយើងមិនគួរញ៉ាំ រួមមាន ប្រភេទខ្លាញ់ច្រើន បំពង អាំង និងFastfood ផ្សេងៗ។
សូមបញ្ជាក់ថា កម្មវិធីពេទ្យយើង បង្កើតដោយក្រុមហ៊ុន ហ្វឺស វីម៉ិនថេក អេស៊ា ជាប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យឌីជីថលដំបូងគេនៅកម្ពុជា ដើម្បីចូលរួមចំណែកកសាងប្រព័ន្ធសុខាភិបាលទំនើប បែបឌីជីថល នៅកម្ពុជា និងសម្រាប់សហគមន៍អាស៊ាន តាមរយៈការផ្តល់សុវត្ថិភាពដល់កំណត់ត្រាព្យាបាល ទិន្នន័យសុខភាពអ្នកជំងឺ និងជួយឲ្យគ្លីនិក និងមន្ទីរពេទ្យដៃគូដំណើរការរលូន និងពុំមានការរំខាន៕
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង