ក្នុងកម្មវិធីសន្ទនាអំពីសុខភាពរបស់ពេទ្យយើង អ្នកគ្រូ សាត់ ស្រីពៅ អគ្គនាយិកា មន្ទីរសម្រាកព្យាបាល អេសភី បានលើកឡើងពីបញ្ហា ដែលបណ្តាលអោយមានកូនក្រៅស្បូន។ កូនក្រៅស្បូន គឺជាការតាំងនៅរបស់កូនខុសទីតាំង ហើយធម្មតា កូនតាំងនៅក្នុងប្រហោងរបស់ស្បូន។ តែកូនក្រៅស្បូន គឺវាទៅតាំងនៅខុសពីប្រហោងស្បូន ដូចជា នៅដៃស្បូន ឬនៅកស្បូន ជាដើម។
មូលហេតុ ដែលនាំឲ្យកើតមានករណីកូនក្រៅស្បូន មកពីការរាំងស្ទះ ដែលមិនអាចឲ្យកូនទៅបង្កកំណើតនៅក្នុងស្បូន។ ការបង្កកំណើត កើតឡើងដោយសារមេជីវិតឈ្មោល និងមេជីវិតញី ជួបគ្នា ហើយពេលធ្វើដំណើរតាមដៃស្បូន ក៏ស្ទះ មិនអាចវិលត្រឡប់មកតួស្បូនវិញ ក៏បង្កើតជាបញ្ហាកូនក្រៅស្បូន។
អាការៈនៃកូនក្រៅស្បូន អាចបណ្តាលឲ្យបែកដៃស្បូន នៅពេលកូនធំ ហើយធ្លាក់ឈាម និងឈឺចាប់ ចុកពោះខ្លាំង។ ដូច្នេះស្ត្រីត្រូវយកចិត្តទុកដាក់ខ្លាំង ដោយពេលបាត់រដូវក្នុងរយៈពេល ២អាទិត្យ ត្រូវទៅជួបគ្រូពេទ្យជំនាញ ពិនិត្យផ្ទៃពោះ តើកូននៅត្រូវទីតាំង ក្នុងស្បូន ឬទេ? បើនៅដៃស្បូន នោះជាគ្រោះថ្នាក់ ដោយសារតែពេលកូនធំ បណ្តាលឲ្យបែកដៃស្បូន ធ្លាក់ឈាមនៅខាងក្នុងពោះ។ ករណីកូនក្រៅស្បូន អាចប៉ះពាល់ដល់ជីវិតម្តាយ តែមានតិចតួចទេ ដោយសារតែករណីនេះ បើកើតឡើង នឹងធ្វើឲ្យស្ត្រី ឈឺចុកពោះខ្លាំង ហើយពេលទៅមន្ទីរពេទ្យ គឺអាចជួយសង្គ្រោះបាន។
អ្នកគ្រូ សាត់ ស្រីពៅ លើកឡើងថា កូនក្រៅស្បូន គឺមិនអាចរស់រានមានជីវិតឡើយ ព្រោះមិនមានអ្វីទៅចិញ្ចឹមទារកនោះបានឡើយ។ បើនៅកស្បូន ក៏មិនអាចរស់បានដែរ គឺត្រូវប្រឈមនឹងការរលូន។ ដូច្នេះកូននៅក្រៅស្បូន ពិសេសនៅក្នុងដៃស្បូន គឺត្រូវតែវះកាត់យកចេញជាដាច់ខាត។
អ្នកគ្រូពេទ្យ សាត់ ស្រីពៅ បន្ថែមថា ស្ត្រីដែលធ្លាប់មានកូនក្រៅស្បូន គឺមានការប្រឈមខ្ពស់នឹងករណីមានកូនក្រៅស្បូនជាថ្មីម្តងទៀតផងដែរ។ ស្ត្រី ដែលងាយប្រឈមនឹងករណីកូនក្រៅស្បូន ជាស្ត្រីដែលមានករណីរលាកអាងត្រគៀក ឬរលាកនៅដៃស្បូន ឬការបង្ករោគកាមរោគ ជាដើម។
ចំពោះវិធីសាស្ត្រព្យាបាលករណីកូនក្រៅស្បូន ត្រូវបានអ្នកគ្រូពេទ្យ សាត់ ស្រីពៅ លើកឡើងថា មានតែការវះកាត់ទេ ទើបអាចព្យាបាលបាន។ ក្នុងនោះ ស្ត្រីអ្នកជំងឺ នៅពេលមានផ្ទៃពោះ ហើយចុកពោះ នោះត្រូវប្រញាប់ទៅពេទ្យ ហើយសម្រេចចិត្តព្យាបាល ដោយវះកាត់យកកូនក្រៅស្បូននោះចេញ ឲ្យបានលឿន ដើម្បីកុំឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ។
សូមបញ្ជាក់ថា មន្ទីរសម្រាកព្យាបាល អេសភី គឺជាមន្ទីរពេទ្យឯកជន នៅក្នុងរាជធានីភ្នំពេញ ដែលបានប្រើប្រាស់កម្មវិធីពេទ្យយើង។ កម្មវិធីពេទ្យយើង បង្កើតដោយក្រុមហ៊ុន ហ្វឺស វីម៉ិនថេក អេស៊ា ជាប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យឌីជីថលដំបូងគេនៅកម្ពុជា ដើម្បីចូលរួមចំណែកកសាងប្រព័ន្ធសុខាភិបាលទំនើប បែបឌីជីថល នៅកម្ពុជា និងសម្រាប់សហគមន៍អាស៊ាន តាមរយៈការផ្តល់សុវត្ថិភាពដល់កំណត់ត្រាព្យាបាល ទិន្នន័យសុខភាពអ្នកជំងឺ និងជួយឲ្យគ្លីនិក និងមន្ទីរពេទ្យដៃគូដំណើរការរលូន និងពុំមានការរំខាន៕
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង