ក្នុងកម្មវិធី «សន្ទនាអំពីសុខភាព» របស់ពេទ្យយើង លោកវេជ្ជបណ្ឌិត អ៊ែរ រីឆាត គ្រូពេទ្យឯកទេស ខាង Osteopathy ជំនាញខាងសន្លាក់ សាច់ដុំ និងឆ្អឹងខ្នងនៃមន្ទីរពហុព្យាបាល និងសម្ភព អ៊ីសាប៊ែល បានលើកងឡើងពីការធ្វើសរសៃលើទារក ដែលកើតមក មានទម្រង់វៀចក និងក្បាលសំប៉ែត។ ពោលគឺទារក ដែលកើតមក វៀចក និងមានក្បាលសំប៉ែត គ្រូពេទ្យអាចព្យាបាលឲ្យវិលមកធម្មតាវិញបាន។
លោកវេជ្ជបណ្ឌិត អ៊ែរ រីឆាត បានលើកឡើងពីមូលហេតុ ៣យ៉ាង ដែលបណ្តាលឲ្យទារកកើតមកវៀចក និងក្បាលសំប៉ែត រួមមាន៖
១-ពេលនៅក្នុងផ្ទៃម្តាយ ចង្អៀតពេក ហើយទារកមិនសូវប្តូរទីតាំង
២-ពេលសម្រាល ឆ្មបចាប់ទាញ បង្វិល ដើម្បីជួយទារកចេញមក។ តែពេលនោះ អាចថ្លោះក ឬអាចវៀចក ហើយក្បាលក៏អាចសំប៉ែតដែរ
៣-ទម្លាប់ម្តាយ បីកូនតែម្ខាង ហើយដាក់ឲ្យកូនគេងតែម្ខាង ក៏អាចធ្វើឲ្យទារកវៀចក និងសំប៉ែតក្បាលដែរ
លោកវេជ្ជបណ្ឌិត អ៊ែរ រីឆាត បានណែនាំថា បើសិនជាម្តាយ សង្កេតឃើញទារក វៀចក ឬក្បាលសំប៉ែត ត្រូវប្រញាប់នាំទារកទៅជួបគ្រូពេទ្យជំនាញ ក្នុងរវាងចាប់ពី ១អាទិត្យឡើងទៅ។ ពេលនោះ យើងអាចកែបានលឿន ព្រោះឆ្អឹង និងសរសៃទារកនៅខ្ចី។ តែបើទារក មានអាការៈរៀចក ឬក្បាលសំប៉ែត លើសពី ១ខួប ឬ១ឆ្នាំ ទៅ ២ឆ្នាំ ឬ ៣ឆ្នាំ ក៏អាចជួយបានដែរ តែត្រូវការពេលវេលាយូរ។
ចំពោះការព្យាបាលទារក ឬកុមារវៀចក ឬក្បាលសំប៉ែត ត្រូវបានលោកវេជ្ជបណ្ឌិត អ៊ែរ រីឆាត លើកឡើងថា មានតែម្យ៉ាងទេ គឺប្រើដៃ និងវិធីសាស្ត្រវេជ្ជសាស្ត្រ ដោយស្រាវជ្រាវថា តើកវៀច មកពីហេតុផលអ្វី? ជួនកាលឆ្អឹងដងកាំបិតជាប់ វាអាចទាញសរសៃក វៀចម្ខាង។ តាមទម្លាប់នៃការព្យាបាលកន្លងមក គឺធ្វើតែ ២ដង ទៅ ៣ដង គឺអាចត្រង់មកវិញហើយ។ ក្នុងនោះ ឪពុកម្តាយ ក៏ត្រូវផ្លាស់ប្តូរទម្លាប់បីកូន ការដាក់កូនគេង និងជួយម៉ាស្សាថែមតិចតួចបន្ថែមទៀត។ ការព្យាបាល ម៉ាស្សា ដោះសរសៃនេះ គឺមិនធ្វើឲ្យទារក ឈឺចាប់ ឬក៏យំទេ។
លោកវេជ្ជបណ្ឌិត អ៊ែរ រីឆាត បានបញ្ជាក់បន្ថែមថា បើសិនជាឪពុកម្តាយ មិនយកកូន ដែលមានបញ្ហាវេចក ឬក្បាលសំប៉ែត មកព្យាបាលទេ នោះនឹងធ្វើឲ្យប៉ះពាល់ដល់ការលូតលាស់របស់កុមារ ហើយទៅថ្ងៃក្រោយ កុមារនោះ មិនស្វាហាប់ រៀនក៏ខ្សោយ ហាត់កីឡាក៏ខ្សោយ។ សរសៃចេញពីខួរក្បាល ត្រូវឆ្លងកាត់ក និងភ្ជាប់ទៅកាន់គ្រប់សរីរាង្គ រួមទាំងគ្រឿងក្នុង ហើយបើសរសៃយើង រត់មិនល្អទេ នោះសារពាង្គកាយរបស់យើង ក៏លូតលាស់មិនបានល្អដែរ។
លោកវេជ្ជបណ្ឌិត អ៊ែរ រីឆាត បន្ថែមថា តាមក្បួនវេជ្ជសាស្ត្រ រៀងរាល់ ៣ខែម្តង ឪពុកម្តាយ ត្រូវយកទារក មកជួបវេជ្ជបណ្ឌិតជំនាញ ដើម្បីពិនិត្យពីការវិវឌ្ឍន៍របស់ទារក។ ក្រោយកើត ៣ខែ គឺជាធម្មតា ទារកត្រូវចេះក្រឡាប់ ដូច្នេះពេទ្យត្រូវពិនិត្យមើល ថាតើកូននោះ ក្រឡាប់ខាងឆ្វេង ឬខាងស្តាំ បានឬទេ? ឬក៏មិនចេះក្រឡាប់ទេ ហើយមកពីហេតុផលអ្វី? ជាធម្មតា ទារកអាយុ ៦ខែ ត្រូវតែអង្គុយ ហើយបើកូននោះ មិនចេះអង្គុយ តើមកពីហេតុផលអ្វី? តើមកពីត្រកៀក ឆ្អឹងខ្នង ឬក៏អង្គុយវៀច? នៅអាយុ ៩ខែ ទារកត្រូវចេះតោងឈរ តែបើកូននោះ មិនទាន់ចេះតោងឈរ ឬទន់ជើងទន់ដៃ នោះគ្រូពេទ្យ ត្រូវស្រាវជ្រាវតាមហ្នឹងដែរ។ រហូតដល់កុមារ អាយុ ១២ខែ ដែលត្រូវចេះដើរ ឬចេះនិយាយ។ ដូច្នេះគ្រូពេទ្យ ត្រូវពិនិត្យតាមការលូតលាស់របស់ទារក និងកុមារតាមវដ្តជីវិតទាំងនេះ។
សូមបញ្ជាក់ថា មន្ទីរពហុព្យាបាល និងសម្ភព អ៊ីសាប៊ែល គឺជាមន្ទីរពេទ្យឯកជន នៅក្នុងរាជធានីភ្នំពេញ ដែលបានប្រើប្រាស់កម្មវិធីពេទ្យយើង។ កម្មវិធីពេទ្យយើង បង្កើតដោយក្រុមហ៊ុន ហ្វឺស វីម៉ិនថេក អេស៊ា ជាប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យឌីជីថលដំបូងគេនៅកម្ពុជា ដើម្បីចូលរួមចំណែកកសាងប្រព័ន្ធសុខាភិបាលទំនើប បែបឌីជីថល នៅកម្ពុជា និងសម្រាប់សហគមន៍អាស៊ាន តាមរយៈការផ្តល់សុវត្ថិភាពដល់កំណត់ត្រាព្យាបាល ទិន្នន័យសុខភាពអ្នកជំងឺ និងជួយឲ្យគ្លីនិក និងមន្ទីរពេទ្យដៃគូដំណើរការរលូន និងពុំមានការរំខាន៕
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង