ប៉ាម៉ាក់វ័យក្មេង គួរស្វែងយល់ពីការលូតលាស់របស់ទារក ចាប់ពីកកើតក្នុងផ្ទៃ ពេលកើត រហូតដល់អាយុ ២ឆ្នាំ

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2021-12-22

នៅក្នុង​កម្មវិធី​សន្ទនា​អំពី​សុខភាព​របស់​ពេទ្យ​យើង កញ្ញា​វេជ្ជបណ្ឌិត ខេង ស៊ី​សា​ណា​រ៉ា ឯកទេស​រោគ​កុមារ និង​រោគ​ស្ត្រី នៃ​មន្ទីរ​សម្រាក​ព្យាបាល ហ្វា​ម៉ាលី បានលើកឡើង​ពី​ការលូតលាស់​របស់​កុមារ​។ ក្នុងនោះ ប៉ា​ម៉ាក​វ័យក្មេង គួរស្វែងយល់​ពី​ការលូតលាស់​របស់​ទារ​ក ចាប់ពី​កកើត​ក្នុង​ផ្ទៃ នៅពេល​កើត រហូតដល់​អាយុ ២​ឆ្នាំ​។​

 

.​ពេល​មាន​ផ្ទៃពោះ រហូតដល់​សម្រាល​៖

​ស្ត្រី​មាន​ផ្ទៃពោះ ត្រូវ​ពិនិត្យ​ផ្ទៃពោះ ដើម្បី​មើល​ការ​វិវឌ្ឍន៍ និង​ការលូតលាស់​របស់​ទារ​ក តាមរយៈ​ការឆ្លុះ​អេកូ រៀងរាល់ខែ ឬក៏​តិច​បំផុត ឲ្យ​បាន ៥​ដង មុន​សម្រាល​។ បើ​មិនបាន​ឆ្លុះ​អេកូ ពិនិត្យ​ផ្ទៃពោះ​ឲ្យ​បាន​គ្រប់គ្រាន់​ទេ នោះ​យើង​មិនដឹង​ពី​ការ​វិវឌ្ឍន៍ ការលូតលាស់ និង​សុខភាព​របស់​ទារក​ទេ​។ ដូចជា ទារក​អាច​កើតមក ឆែប​បបូរមាត់ ឬ​ឆែប​ក្រអូប​មាត់ ឬក៏​ខ្វះ​នូវ​អវយវៈ​ណាមួយ ជាដើម​។​

 

​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ ស្ត្រី​មាន​ផ្ទៃពោះ ក៏​គួរតែមាន​របប​អាហារ

​ដែលមាន​សារធាតុ​សំខាន់ៗ ដើម្បី​ជួយ​ដល់​ការលូតលាស់​របស់​ទារ​ក ដូចជា​៖ ជាតិ​អាស៊ីតហ្វូលីក កាល់ស្យូម វីតាមីន អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ឬក៏​ប្រភេទ​ប័​រ ហើយ​អ្វីដែល​ពិសេស​នោះ គឺ​សារជាតិ​ដែក​។ សារធាតុ​ទាំងអស់នេះ មាននៅ​ក្នុង​ចំណីអាហារ ត្រី​សាច់ បន្លែ​គ្រប់​ប្រភេទ​។​

 

​ដូច្នេះ​ពេល​ពិនិត្យ​អេកូ តាមដាន​ផ្ទៃពោះ គ្រូពេទ្យ​អាច​ណែនាំ​ឲ្យ​បន្ថែម​សារធាតុ​ទាំងអស់នេះ សម្រាប់​ជួយ​ដល់​ការលូតលាស់​របស់​ទារ​ក​។​

 

.​បន្ទាប់ពី​ទារក​កើត​ហើយ​៖

​ការ​បំបៅ​ដោះ​កូន ជាការ​ល្អ​បំផុត ចាប់ពី​ទារក​ទើប​កើត រហូតដល់ ៦​ខែ​ដំបូង​។ ៦​ខែ ដល់ ២​ឆ្នាំ ទារក​អាច​ទទួល​អាហារ​បន្ថែម ដូចជា បបរ​ខាប់​គ្រប់គ្រឿង រួមទាំង​ការ​ទម្លាប់​ការ​ញ៉ាំ​អាហារ​ប្រកបដោយ​សុខភាព ជាដើម​។ ដូច្នេះ​ឪពុកម្តាយ​វ័យក្មេង អាច​ស្វែងយល់ ដោយ​មិនមែន​ឲ្យ​តែ​កូន​យំ ត្រូវ​បំបៅ​ដោះ​កូន ឬក៏​ដាក់​អាហារ​បំប៉ន​ឲ្យ​កូន​ញ៉ាំ​នោះទេ​។​

 

​កញ្ញា​វេជ្ជបណ្ឌិត ខេង ស៊ី​សា​ណា​រ៉ា បន្ថែមថា ទារក​ទើប​កើត គេង​ច្រើន​។ ចាប់ពី​កើត រហូតដល់​អាយុ ៣​ខែ​

​ជាទូទៅ ទារក​អាច​គេង​ពី ៨​ម៉ោង ទៅ ១២​ម៉ោង ក្នុង ១​ថ្ងៃ​។ ទារក​គេង​ធម្មតា អាច​ប្រហែលជា ១៤​ម៉ោង ទៅ ១៧​ម៉ោង ក្នុង ១​ថ្ងៃ ហើយក៏​មាន​ទារក​ខ្លះ គេង​ដល់ ១៨​ម៉ោង ទៅ ១៩​ម៉ោង ក្នុង ១​ថ្ងៃ​ផងដែរ​។​

 

.​ការ​ជុះនោម​ដំបូង​របស់​ទារក ឬ​អាចម៍ព្រៃ​៖

​ទារក​ទើប​កើត ក្នុង ២៤​ម៉ោង​ដំបូង នឹង​ជុះនោម ៩៣% ហើយ​ខ្លះ អាច​ដល់ ៤៨​ម៉ោង​។​

 

.​ទម្ងន់​របស់​ទារក​៖

​ទារក​ធម្មតា ទើប​កើត មាន​ទម្ងន់​ចន្លោះ​ពី ២,៥​គ​.​ក ទៅ ៤​គ​.​ក​។ ការវះកាត់ ពេល​សម្រាល អាចមាន​កត្តា​ម្តាយ និង​ទារក ដូចជា សុខភាព​ម្តាយ​មិនល្អ ឬក៏​ទារក​លើស​ទម្ងន់ រហូតដល់​ជាង ៤​គ​.​ក ឬក៏​ទារក រុំ​ក​នឹង​ទងសុក ជាដើម​។​

 

​កូន​កើត​មិន​គ្រប់​ខែ គឺ​កើតមុន ៣៧​សប្តាហ៍​។ ទារ​កកើត​ធម្មតា​ពី ៣៧​សប្តាហ៍ ទៅ ៤២​សប្តាហ៍​។ ក្នុងនោះ ក៏​អាច​មានកូន​កើត​លើស​ខែ រហូតដល់ ៤៤​សប្តាហ៍ ឬ​លើស​នេះ​ទៀត​។ ករណីនេះ តម្រូវ​ឲ្យ​ត្រូវ​វះកាត់​។ កូន​កើត​លើស​ខែ អាចមកពី​កត្តា​អ័​រមូ​ន ចំណីអាហារ ឬក៏​មិនមាន​លំ​ហាត់ប្រាណ ជាដើម​។ តែ​មិនមាន​កត្តា​ជាក់លាក់​ទេ​។​

 

​បន្ទាប់ពី​កើតមក​ហើយ ដំបូង ៧​ថ្ងៃ ទៅ ១០​ថ្ងៃ ទារក​អាច​ស្រក​គីឡូ ១ ទៅ ១.២% នៃ​គីឡូ ដែល​ទើប​កើត​។ នេះ​ដោយសារតែ​ការ​ជុះនោម អាចម៍ព្រៃ​។ តែ​ចាប់ពី ១០​ថ្ងៃ​ឡើងទៅ ទារក​ចាប់​ផ្តើមឡើង​គីឡូ​។ ១​ថ្ងៃ អាច​ឡើង​ពី ១០ ទៅ ២០​ក្រាម ក្នុង ១​ថ្ងៃ​។​

 

.​ក្រពះ​របស់​ទារក​៖

​ឪពុកម្តាយ​វ័យក្មេង ត្រូវ​ដឹងថា កូន​យំ តើ​ឃ្លាន ឬក៏​មាន​បញ្ហា​អ្វី​? ដូច្នេះ​ឪពុកម្តាយ ត្រូវ​ដឹង​ពី​ទំហំ​ក្រពះ​របស់​ទារក​។ ទារក​ទើប​កើត នៅ​ថ្ងៃទី​១ មាន​ទំហំ​ក្រពះ​តូច ចាប់ពី ៥ ទៅ ៧​មី​លី​ម៉ែត្រ​។ ថ្ងៃទី​២ មាន​ទំហំ​ពី ២២ ទៅ ២៤​មី​លី​ម៉ែត្រ​

​ពីថ្ងៃ​ទី​៣ ទៅ ១​អាទិត្យ មាន​ទំហំ ៤៥​មី​លី​ម៉ែត្រ ទៅ ៦០​មី​លី​ម៉ែត្រ ហើយ ១​ខែ ទំហំ​ក្រពះ​របស់​ទារក ត្រឹមតែ​ប៉ុន​ពង​ទា​ទេ​។ ដូច្នេះ​ឪពុកម្តាយ ត្រូវ​ដឹង​ពី​ទំហំ​ក្រពះ​របស់​ទារក ដើម្បី​កុំ​ឲ្យ​ចេះតែ​បញ្ច្រក​កូន​ដោះ ឬ​ទឹកដោះគោ​កូន រហូតដល់​កូន​ក្អែ​មកវិញ​។​

 

​ឪពុកម្តាយ​វ័យក្មេង គួរស្វែងយល់​ពី​ការវិវត្ត​របស់​ទារក ដោយ​ត្រូវ​ប្រយ័ត្ន​កូន​កើត​ជំងឺ​អូ​ទី​ហ្សឹ​ម ក្នុង​ចន្លោះ​ទារក​មាន​អាយុ​ពី ១​ថ្ងៃ ដល់ ២​ឆ្នាំ ឬ​១០០០​ថ្ងៃ​ដំបូង​។ អូ​ទី​ហ្សឹ​ម ជា​ជំងឺ​មួយ​កើត​លើ​វិបត្តិ​អាកប្បកិរិយា ពិសេស​ប៉ះពាល់​លើ​ទំនាក់ទំនង​របស់​កុមារ និង​អ្នកដទៃ​។​

 

​ឯកសារ​បង្ហាញថា ជំងឺ អូ​ទី​ហ្សឹ​ម (Autism) អាច​កើតមានឡើង ចំពោះ​ទារក នៅពេល​ចាប់កំណើត​ក្នុង​ផ្ទៃ​ម្ដាយ​។ ភាគច្រើន​កុមារ ដែល​កើត​ជំងឺ​នេះ បង្ហាញ​រោគសញ្ញា នៅពេល​អាយុ​ចន្លោះ​ពី ៣​ខែ ទៅ ២​ឆ្នាំ​។ គេ​អាច​កត់សំគាល់ថា កុមារ​កើត​ជំងឺ​អូ​ទី​ហ្សឹ​ម ដោយសារ​កុមារ​នោះ ចូលចិត្ត​នៅ​ម្នាក់ឯង មិន​ចាប់អារម្មណ៍​ចំពោះ​អ្នក​នៅ​ជុំវិញខ្លួន អាយុ​ដល់ ២​ឆ្នាំ​ហើយ មិនទាន់​ចេះ​និយាយ និង​ពេល​ខឹង​ម្តងៗ មិន​ចង់​ឱ្យគេ​លួងលោម ជាដើម​។​

 

​គ្រូពេទ្យ​ជំនាញ​កុមារ ឱ្យដឹងថា ជំងឺ​អូ​ទី​ហ្សឹ​ម គឺជា​ប្រភេទ​ពិការភាព​ម្យ៉ាង កើតមាន​ចំពោះ​កុមារ ដែលនាំឱ្យ​ប៉ះពាល់​ទៅលើ​ការលូតលាស់​រាងកាយ សតិបញ្ញា​ស្មារតី ប៉ះពាល់​ទៅលើ​ផ្នែក​ទំនាក់ទំនង​សង្គម និង​ការ​ស្ដែងចេញ​នូវ​អាកប្បកិរិយា​របស់​កុមារ​។ កុមារ​អូ​ទី​ហ្សឹ​ម ពិបាក​ក្នុងការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នកដទៃ រួមមាន ឪពុកម្ដាយ បងប្អូន និង​កុមារ​ដទៃ ដោយ​បង្ហាញ​កាយវិការ ចរិត​ឫកពារ ខុសប្លែក​ពី​មនុស្ស​ធម្មតា​។

 

​កញ្ញា​វេជ្ជបណ្ឌិត ខេង ស៊ី​សា​ណា​រ៉ា បន្តថា អូ​ទី​ហ្សឹ​ម ជា​ជំងឺ​មួយ ដែល​យើង​អាច​ដឹង​ទាន់ពេលវេលា ប្រសិនបើ​យើង​បានដឹង​ច្បាស់​ពី​ការលូតលាស់​របស់​កុមារ​។ ដូច្នេះ​កាតព្វកិច្ច​របស់​ឪពុកម្តាយ សំខាន់​ក្នុង​ការជួយ​កូន កុំ​ឲ្យ​កើត​ជំងឺ​អូ​ទី​ហ្សឹ​ម​។​

 

​កញ្ញា​វេជ្ជបណ្ឌិត ខេង ស៊ី​សា​ណា​រ៉ា បន្ថែមថា ជំងឺ ដែល​ទារក​ច្រើន​ជួបប្រទះ ក្នុង​អាយុ​ចាប់ពី​កើត រហូតដល់ ២​ឆ្នាំ មានដូចជា រាករូស រលាក​បំពង់ក ផ្តាសាយ​រ៉ាំរ៉ៃ រហូត​ឈានទៅ​រលាក​ទងសួត ផងដែរ​។​

 

​សូមបញ្ជាក់ថា មន្ទីរ​សម្រាក​ព្យាបាល ហ្វា​ម៉ាលី គឺជា​មន្ទីរពេទ្យ​ឯកជន នៅក្នុង​រាជធានី​ភ្នំពេញ ដែល​បាន​ប្រើប្រាស់​កម្មវិធី​ពេទ្យ​យើង​។ កម្មវិធី​ពេទ្យ​យើង បង្កើត​ដោយ​ក្រុមហ៊ុន ហ្វឺ​ស វី​ម៉ិ​ន​ថេ​ក អេ​ស៊ា ជា​ប្រព័ន្ធគ្រប់គ្រង​មន្ទីរពេទ្យ​ឌីជីថល​ដំបូង​គេ​នៅ​កម្ពុជា ដើម្បី​ចូលរួមចំណែក​កសាង​ប្រព័ន្ធ​សុខាភិបាល​ទំនើប បែប​ឌីជីថល នៅ​កម្ពុជា និង​សម្រាប់​សហគមន៍​អាស៊ាន តាមរយៈ​ការផ្តល់​សុវត្ថិភាព​ដល់កំណត់​ត្រា​ព្យាបាល ទិន្នន័យ​សុខភាព​អ្នកជំងឺ និង​ជួយ​ឲ្យ​គ្លីនិក និង​មន្ទីរពេទ្យ​ដៃគូ​ដំណើរការ​រលូន និង​ពុំមាន​ការរំខាន​៕

 

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង