ក្នុងកម្មវិធីសន្ទនាអំពីសុខភាពរបស់ពេទ្យយើង លោកស្រី សាត់ ស្រីពៅ អគ្គនាយិកាគ្លីនិក អេសភី បានលើកឡើងពី «ការមករដូវ នៅវ័យក្មេង»។ ជាទូទៅ ក្មេងស្រី មករដូវ នៅចន្លោះអាយុពី ១១ឆ្នាំ ទៅ ១៤ឆ្នាំ។ ប៉ុន្តែក៏មានក្មេងស្រីខ្លះ មករដូវលឿនពេក នៅក្រោមអាយុ ១០ឆ្នាំ គឺត្រឹមតែអាយុ ៧-៨ឆ្នាំ ក៏មានដែរ។
មូលហេតុនៃការមករដូវលឿនពេក ឬនៅវ័យក្មេង ត្រូវបានលោកស្រី សាត់ ស្រីពៅ លើកឡើងថា អាចមកពីវិបត្តិអ័រមូន វិបត្តិដុំសាច់នៅខួរក្បាល ចំណីអាហារ ធាត់ និងខ្វះការហាត់ប្រាណ ជាដើម។
លោកស្រី សាត់ ស្រីពៅ លើកឡើងថា បច្ចុប្បន្ននេះ មានច្រើន នៅប្រទេសកម្ពុជាយើង ករណីក្មេងស្រី មករដូវលឿនពេក។ មូលហេតុ ដោយសារតែភាគច្រើន ក្មេងស្រី ចូលចិត្តញ៉ាំអាហារ ដែលធ្វើឲ្យគាត់ធាត់ខ្លាំង ដែលធ្វើឲ្យក្មេងស្រី ប្រែប្រួលច្រើន។
ផលប៉ះពាល់ មិនមានអ្វីធំដុំទេ។ តែលោកស្រី សាត់ ស្រីពៅ លើកឡើងថា បើក្មេងស្រី មករដូវលឿនពេក ហើយធាត់ អាចធ្វើឲ្យគាត់នៅពេលពេញវ័យ កើតជំងឺលើសឈាម ទឹកនោមផ្អែម។ ម្យ៉ាងទៀត បើមករដូវលឿន ហើយធ្វើឲ្យប្រែប្រួលអ័រមូន នាំឲ្យក្មេងស្រីនោះ ក៏ប្រែប្រួលការមករដូវ ដូចជា មករដូវយូរពេក ឬក៏ធ្លាក់ឈាម នៅចន្លោះពេលមករដូវ ឬក៏មករដូវរអាក់រអួល ជាដើម។
ចំពោះការព្យាបាលការមករដូវលឿន នៅអាយុតិចពេកនេះ ត្រូវបានលោកស្រី សាត់ ស្រីពៅ លើកឡើងថា ត្រូវព្យាបាលទៅតាមមូលហេតុនិមួយៗ។ បើក្មេងស្រីនោះ មានដុំសាច់ ក្នុងខួរក្បាល ត្រូវព្យាបាលដុំសាច់នោះ តើត្រូវវះកាត់ ឬយ៉ាងណា? ចំណែកការប្រែប្រួលអ័រមូន បើដល់កម្រិតធ្ងន់ធ្ងរពេក គឺត្រូវព្យាបាល ដើម្បីឲ្យអ័រមូននោះ វិលមកសភាពធម្មតាវិញ។ ម្យ៉ាងទៀត បើមករដូវ ក្នុងអាយុ ៩ឆ្នាំ ហើយមកច្រើនពេក និងយូរថ្ងៃ នោះត្រូវតាមដាន លើសុខភាពក្មេងស្រី ហើយត្រូវមកកាន់មន្ទីរពេទ្យ ដើម្បីពិនិត្យសុខភាព។
អាការៈ ដែលក្មេងស្រី មករដូវ ជាលើកដំបូង ត្រូវបានលោកស្រី សាត់ ស្រីពៅ លើកឡើងថា ក្មេងស្រីតែងតែមានការប្រែប្រួល ដូចជា ការដុះរោម លូតកម្ពស់ ឡើងគីឡូ ការរីកក្រពេញដោះ គឺដោះឡើងធំ។ ទាំងនេះ ជាអាការៈសម្រាប់អ្នកមករដូវក្នុងអាយុធម្មតា។ ចំណែកក្មេងស្រី ដែលមានរដូវលឿន អាចមានសញ្ញាទាំងអស់នេះ ១ឆ្នាំ ឬ ២ឆ្នាំមុន។ ម្យ៉ាងទៀត ក្មេងស្រី ដែលមានរដូវលឿន អាចនឹងប៉ះពាល់ដល់អារម្មណ៍ ដែលមិនបានត្រៀមខ្លួនមុន និងមិនទាន់ដឹងអ្វីសោះ។
លោកស្រី សាត់ ស្រីពៅ បានណែនាំដល់អាណាព្យាបាល និងឪពុកម្តាយឲ្យយកចិត្តទុកដាក់នឹងកូនស្រី ដែលមានរដូវលឿន ក្នុងអាយុនៅក្មេង ដែលកូនស្រី មិនទាន់ដឹងអ្វី ហើយអាចមិនបានប្រាប់ដល់ម្តាយ។ បើរដូវមកច្រើនពេក ឬក៏មានរយៈពេលយូរ នាំឲ្យគ្រោះថ្នាក់ដល់សុខភាព រហូតដល់អាយុជីវិតដែរបើសិនជាបាត់បង់ឈាមច្រើនពេក។
ជាមួយគ្នានេះ លោកស្រី សាត់ ស្រីពៅ ក៏បានលើកឡើងថា ក្រៅពីករណីមករដូវលឿន ក៏មានក្មេងស្រីខ្លះ មករដូវយឺត រហូតដល់រាំងរដូវ ៥ខែ ទៅ ៦ខែដែរ។ ករណីនេះ ក៏កើតឡើងតាមរយៈរបបអាហារ និងការប្រែប្រួលអ័រមូនផងដែរ។ ដូច្នេះបើសិនជាមានករណីរាំងរដូវ ឬមករដូវរអាក់រអ៊ួល សូមប្រញាប់នាំកូនស្រីនោះ មកជួបគ្រូពេទ្យជំនាញខាងរោគស្ត្រី។
លោកស្រី សាត់ ស្រីពៅ ផ្តាំផ្ញើឲ្យក្មេងស្រី ក៏ដូចជា អាណាព្យាបាល ឪពុកម្តាយ ត្រូវយកចិត្តទុកដាក់សង្កេតលើការប្រែប្រួលរបស់កូនស្រី ក្នុងរង្វង់អាយុ ១០ឆ្នាំ ទៅ ១២ឆ្នាំ ដែលអាចនឹងមានការប្រែប្រួលរូបរាងកាយ និងអារម្មណ៍ ហើយក៏មានករណីធ្លាក់ឈាមរដូវ។ បើសិនជាមានករណីមិនប្រក្រតី សូមប្រញាប់នាំកូន មកកាន់មន្ទីរពេទ្យ។
សូមបញ្ជាក់ថា គ្លីនិក អេសភី គឺជាមន្ទីរពេទ្យឯកជន នៅក្នុងរាជធានីភ្នំពេញ ដែលបានប្រើប្រាស់កម្មវិធីពេទ្យយើង។ កម្មវិធីពេទ្យយើង បង្កើតដោយក្រុមហ៊ុន ហ្វឺស វីម៉ិនថេក អេស៊ា ជាប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យឌីជីថលដំបូងគេនៅកម្ពុជា ដើម្បីចូលរួមចំណែកកសាងប្រព័ន្ធសុខាភិបាលទំនើប បែបឌីជីថល នៅកម្ពុជា និងសម្រាប់សហគមន៍អាស៊ាន តាមរយៈការផ្តល់សុវត្ថិភាពដល់កំណត់ត្រាព្យាបាល ទិន្នន័យសុខភាពអ្នកជំងឺ និងជួយឲ្យគ្លីនិក និងមន្ទីរពេទ្យដៃគូដំណើរការរលូន និងពុំមានការរំខាន៕
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង