ជំងឺអាលែកហ្ស៊ី មានទំនាក់ទំនងនឹងជំងឺហឺត

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2021-12-17

ក្នុង​កម្មវិធី «​សន្ទនា​អំពី​សុខភាព​» របស់​ពេទ្យ​យើង លោក​សាស្ត្រាចារ្យ គឹម អាង នាយករង​នៃ​មន្ទីរពេទ្យ​កុមារ​ជាតិ និង​ជា​ប្រធាន​ផ្នែក​អាលែកហ្ស៊ី និង​ផ្លូវដង្ហើម នៃ​មន្ទីរពេទ្យ​កុមារ​ជាតិ បាន​លើកឡើងថា ជំងឺ​អា​លែ​ក​ហ្សី និង​ជំងឺហឺត មាន​ទំនាក់ទំនង​គ្នា ហើយ​ភាគច្រើន កើត​លើ​កុមារ​។​

​តាម​លោក​វេជ្ជបណ្ឌិត អាលែកហ្ស៊ី ជាការ​ខូចខាត​នៃ​ប្រព័ន្ធ​រាងកាយ​របស់​យើង ទៅនឹង​សារធាតុ ជាពិសេស​សារធាតុ ដែល​យើង​ចាត់ទុកថា ជា​សារធាតុ ដែលមាន​ប្រតិកម្ម ហើយ​អ្នក​ដែលមាន​បញ្ហា​អាលែកហ្ស៊ី​នេះ ងាយ​នឹង​ប្រតិកម្ម​ឆ្លើយតប​នឹង​សារធាតុ​ទាំងអស់នោះ​។​

​ចំណែក​ជំងឺហឺត គឺជា​ការ​ត្បៀត​ផ្លូវដង្ហើម ជាពិសេស​ទៅលើ​ទងសួត ដែល​អាច​កើតមានឡើង ហើយ​បាត់​ទៅវិញ​។ តែ​វា​អាច​កើតមាន​ឡើងជា​ញឹកញាប់​។ នៅពេល​ត្បៀត​ទងសួត​នេះ វា​អាច​ឲ្យ​មាន​រោគសញ្ញា ដូចជា តឹងទ្រូង ក្អក ជាដើម​។ វា​អាច​កើតមាន​ញឹកញាប់ ជាពិសេស​លើ​កុមារ​។

​លោក​វេជ្ជបណ្ឌិត បន្តថា សារធាតុ ដែល​ជំរុញ​ឲ្យ​មាន​អាលែកហ្ស៊ី ដូចជា នៅក្នុង​ខ្យល់ ធូរ​លី សត្វល្អិត​មួយចំនួន ឬក៏​រោមសត្វ​ជាដើម​។ ដូច្នេះ​សារធាតុ​ទាំងអស់នេះ វា​អាច​បង្ក​ជា​ជំងឺ​អាលែកហ្ស៊ី ហើយក៏​អាច​បង្ក​ជា​ជំងឺហឺត​ដែរ​។ ក្រៅពីនេះ ជំងឺ​អាលែកហ្ស៊ី ក៏​ទាក់ទង​នឹង​ចំណីអាហារ ហើយក៏​ទាក់ទង​នឹង​ប្រតិកម្ម​នៅលើ​ស្បែក​ដែរ​។ ដូច្នេះ​អាលែកហ្ស៊ី និង​ជំងឺហឺត តែងតែ​កើត​ជាមួយគ្នា​។ អាលែកហ្ស៊ី និង​ជំងឺហឺត អាចជា​ជំងឺ​តំណពូជ តែ​មិនមែនជា​ជំងឺឆ្លង​នោះទេ​។

​កត្តា ដែល​ធ្វើ​ឲ្យ​មាន​ជំងឺ​អាលែកហ្ស៊ី​៖

១-​ធូរ​លី

២-​សត្វល្អិត​

៣-​លម្អងផ្កា​

៤-​រោមសត្វ ( ឆ្កែ ឆ្មា )

​រោគសញ្ញា​ជំងឺ​អាលែកហ្ស៊ី​៖

១-​កើត​នៅលើ​ស្បែក​

២-​ផ្លូវ​រំលាយ​អាហារ​

៣-​ផ្លូវដង្ហើម​

​រោគសញ្ញា ហឺត​៖

១-​ក្អក​

២-​ហត់​

៣-​ថប់​ពិបាក​ដកដង្ហើម ពិសេស​នៅពេល​យប់​

​ផលវិបាក​នៃ​ជំងឺហឺត​៖

១-​រំខាន​ដល់​ការរៀនសូត្រ​

២-​សួត​វិវឌ្ឍន៍​ទៅ​ធ្ងន់ធ្ងរ កុមារ​នឹង​ក្អក​ហត់​រ៉ាំរ៉ៃ ហើយ​អាច​បន្ត​ដល់​ធំ​ពេញវ័យ​

៣-​បើ​ធ្ងន់ធ្ងរ អាច​នឹង​ឲ្យ​កុមារ​ស្លាប់​

​លោក​វេជ្ជបណ្ឌិត បន្តថា ជំងឺហឺត កើត​លើ​កុមារ តាំងពីក្មេង​តូចៗ ហើយ​ភាគច្រើន ក្រោម​អាយុ ៥​ឆ្នាំ​។ ហឺត ក៏​អាច​កើត​ដល់​មនុស្ស​ចាស់​ដែរ​។ ជំងឺហឺត មិនអាច​ព្យាបាល​ឲ្យ​ជា​ដាច់​ទេ​។ តែ​យើង​អាច​គ្រប់គ្រង​ជំងឺ​នេះ​បាន ហើយ​កុមារ​អាច​រស់នៅ​ធម្មតា ដូច​កុមារ​ដទៃទៀត ដោយ​កុមារ​អាច​ទៅ​រៀនសូត្រ​បាន ហើយ​ហាត់​កីឡា​បានជា​ធម្មតា​។​

​របៀប​ព្យាបាល ត្រូវ​ឲ្យ​កុមារ ធូរស្រាល និង​បាត់​ហត់ ហើយ​ប្រើប្រាស់​ថ្នាំលេប​ខ្លះ និង​ថ្នាំ​ហិត ឬ​ឆ្ពុង​។ អាណាព្យាបាល ឪពុកម្តាយ ត្រូវយក​កូន មក​មន្ទីរពេទ្យ មិនមែន​ចាំ​ដល់​កុមារ​ហត់​ដង្ហក់ ហើយ​ត្រូវ​ចូល​សង្គ្រោះបន្ទាន់​នោះទេ​។​

​ដើម្បី​បង្ការ​ជំងឺ​អាលែកហ្ស៊ី និង​ជំងឺហឺត លោក​វេជ្ជបណ្ឌិត គឹម អាង បាន​ណែនាំ​ឲ្យ​ថែរក្សា​កូន ចាប់តាំងពី​កើត គឺ​ត្រូវ​បំបៅកូន​នឹង​ទឹកដោះ​ម្តាយ ដែល​អាច​ការពារ​កូន​ពី​អាលែកហ្ស៊ី​។ កាត់បន្ថយ​ធូរ​លី ក្នុងផ្ទះ​។ ក​ត្តុ​តា ដែល​ធ្វើ​ពី​រោមសត្វ រួមទាំង​ផ្សែង​ធូប និង​ផ្សែង​បារី ដែល​គ្រោះថ្នាក់​ដល់​អ្នកមាន​ជំងឺ​អាលែកហ្ស៊ី និង​ជំងឺហឺត​។ បន្ទប់​គេង ក៏ត្រូវ​ឲ្យ​មាន​ខ្យល់អាកាស ចេញចូល​ផងដែរ​។​

​សូមបញ្ជាក់ថា មន្ទីរពេទ្យ​កុមារ​ជាតិ គឺជា​មន្ទីរពេទ្យ​រដ្ឋ នៅក្នុង​រាជធានី​ភ្នំពេញ ដែល​បាន​ប្រើប្រាស់​កម្មវិធី​ពេទ្យ​យើង​។ កម្មវិធី​ពេទ្យ​យើង បង្កើត​ដោយ​ក្រុមហ៊ុន ហ្វឺ​ស វី​ម៉ិ​ន​ថេ​ក អេ​ស៊ា ជា​ប្រព័ន្ធគ្រប់គ្រង​មន្ទីរពេទ្យ​ឌីជីថល​ដំបូង​គេ​នៅ​កម្ពុជា ដើម្បី​ចូលរួមចំណែក​កសាង​ប្រព័ន្ធ​សុខាភិបាល​ទំនើប បែប​ឌីជីថល នៅ​កម្ពុជា និង​សម្រាប់​សហគមន៍​អាស៊ាន តាមរយៈ​ការផ្តល់​សុវត្ថិភាព​ដល់កំណត់​ត្រា​ព្យាបាល ទិន្នន័យ​សុខភាព​អ្នកជំងឺ និង​ជួយ​ឲ្យ​គ្លីនិក និង​មន្ទីរពេទ្យ​ដៃគូ​ដំណើរការ​រលូន និង​ពុំមាន​ការរំខាន​៕

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង