ជំងឺបាក់ទឹកចិត្ត ជាជំងឺ ដែលត្រូវការសង្គ្រោះបន្ទាន់

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2021-12-17

​ក្នុង​កម្មវិធី «​សន្ទនា​អំពី​សុខភាព​» របស់​ពេទ្យ​យើង លោក​សាស្ត្រាចារ្យ យឹម សុ​បុត្រា ឯកទេស វិកល​វិទ្យា​នៃ​មន្ទីរ​សម្រាក​ព្យាបាល​ផ្លូវចិត្ត សាន់ រ៉ា​យ បាន​លើកឡើងថា ជំងឺ​បាក់​ទឹកចិត្ត ជា​ជំងឺ​ដែល​ត្រូវការ​ការសង្គ្រោះ​បន្ទាន់​ផ្នែក​សុខភាព​ផ្លូវចិត្ត​។ មូលហេតុ ដោយសារតែ​អ្នកជំងឺ​បាក់​ទឹកចិត្ត បើ​ដល់​សភាព​ធ្ងន់ធ្ងរ អាច​ឈានដល់​ការធ្វើអត្តឃាត ហើយ​អាចធ្វើ​មនុស្សឃាត​ទៀតផង​។ កន្លងមក យើង​ឃើញ​ហើយ អ្នកធ្វើ​អត្តឃាត ដោយ​លោតទឹក​ពីលើ​ស្ពាន ដោយ​ចងក លេបថ្នាំ​សម្លាប់ខ្លួន ហើយ​ខ្លះ ក៏​យក​កាំភ្លើង​បាញ់សម្លាប់ រួមទាំង​មនុស្សឃាត ដោយ​សម្លាប់​លើ​សមាជិកគ្រួសារ មាន​ទាំង​កូន មាន​ទាំង​ប្រពន្ធ មុននឹង​សម្លាប់​ខ្លួនឯង​។

​លោក​វេជ្ជបណ្ឌិត យឹម សុ​បុត្រា លើកឡើងថា សុខភាព​ផ្លូវចិត្ត ក៏​សំខាន់​ដូច​សុខភាព​ផ្លូវកាយ​ដែរ​។ សុខភាព​ផ្លូវចិត្ត កើតឡើង ដោយ​កត្តា ៣​សំខាន់​៖ ១-​កត្តា​សង្គម ២-​កត្តា​ជីវសាស្ត្រ (​ការប្រែប្រួល​អ័​រមូ​ន ហ្សែ​ន តំណពូជ​) គ្រឿង​ស្រវឹង និង​គ្រឿងញៀន និង​៣-​កត្តា​ចិត្តសាស្ត្រ​។​

​លោក​វេជ្ជបណ្ឌិត បន្ថែមថា ប្រទេស​កាន់តែ​ជឿនលឿន ស្ថានភាព​ផ្លូវចិត្ត កាន់​តែមាន​បញ្ហា​ច្រើន​។ មូលហេតុ ដោយសារតែ​ការប្រឡងប្រណាំង ការដេញ​តាមតិច​ណូ​ឡូ​ជី ឬក៏​ការ​ដេញតាម​ភាព​ស៊ី​វិ​ល័យ​ហ៊ឺហា​។ យើង​ឃើញ​ហើយ រាល់ថ្ងៃនេះ មនុស្ស​យើង​ខ្លះ រស់នៅ​មិនមាន​ហេតុផល ដោយ​មិនដឹងថា ហេតុ កើត​ពីអ្វី​ទេ​? តែ​គាត់​ត្រូវ​ទទួលផល​បែប​ហ្នឹង​។ ឃើញ​គេ​មាន​ឡាន​ទំនើប រ៉ូ​រ៉ូ​យ ឃើញ​គេ​មាន​ពេជ្រ​ស្វា​រ៉េ និង​ឃើញ​គេ​មាន​វីឡា ក៏​គិតថា ខ្លួន​ត្រូវមាន​ដូច​គេ​ដែរ​។ ដល់ពេល​មិនបាន​ដូច​ការចង់បាន​នោះ ក៏​ឈឺចិត្ត កើតជា​ជំងឺ​បាក់​ទឹកចិត្ត​។​

​លោក​វេជ្ជបណ្ឌិត យឹម សុ​បុត្រា កត់សម្គាល់ថា សុខភាព​ផ្លូវ​ចិត្តជា​រឿង​សំខាន់ ដែល​ទាមទារ​ឲ្យ​មានការ​យកចិត្តទុកដាក់​។ អ្នកជំងឺ និង​ក្រុមគ្រួសារ ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ ដើម្បី​ពិនិត្យ​ព្យាបាល​ឲ្យ​ទាន់ពេលវេលា​។ ក្នុង​គ្រួសារ មិនមាន​សុភមង្គល​ទេ បើសិន​ជាមាន​អ្នកជំងឺ​បាក់​ទឹកចិត្ត​។​

​ការព្យាបាល ត្រូវធ្វើ​ទៅតាម​មូលហេតុ​នៃ​ការបង្ក​ឲ្យ​មាន​ជំងឺ​បាក់​ទឹកចិត្ត​។ ជួប​គ្រូពេទ្យ​ជំនាញ ហើយ​ត្រូវ​លើកទឹកចិត្ត​ខ្លួនឯង ស្តាប់​ព្រះធម៌ កុំ​គិត​ច្រើន និង​ឈប់​ទទួលទាន​គ្រឿង​ស្រវឹង ជាដើម​។ ការព្យាបាល​ជំងឺ​បាក់​ទឹកចិត្ត ត្រូវការ​ពេលវេលា​ពី ១​ឆ្នាំកន្លះ ទៅ ២​ឆ្នាំ​។

​លោក​វេជ្ជបណ្ឌិត យឹម សុ​បុត្រា បាន​លើកទឹកចិត្ត​ដល់​អ្នកជំងឺ​បាក់​ទឹកចិត្ត​ថា កុំ​ខ្លាច ឬ​ញញើតញញើម​នឹង​និយាយ​រឿងរ៉ាវ​ក្នុង​ចិត្ត ប្រាប់​គ្រូពេទ្យ ឬ​អ្នក​ជិតស្និទ្ធ​បំផុត ព្រោះ​កាលណា​យើង​ទុក​រឿង​ទាំងឡាយ នៅក្នុង​ខួរក្បាល នោះ​ហើយ​ធ្វើ​ឲ្យ​សមត្ថភាព​ខួរក្បាល​ចុះខ្សោយ ហើយ​ការគិត ការចងចាំ​ក៏​ថយចុះ រីឯ​អារម្មណ៍ ក៏​ប្រែប្រួល ក្លាយជា​បញ្ហា​ជំងឺ​បាក់​ទឹកចិត្ត​។​

​សូមបញ្ជាក់ថា មន្ទីរ​សម្រាក​ព្យាបាល​ផ្លូវចិត្ត សាន់ រ៉ា​យ គឺជា​មន្ទីរពេទ្យ​ឯកជន នៅក្នុង​រាជធានី​ភ្នំពេញ ដែល​បាន​ប្រើប្រាស់​កម្មវិធី​ពេទ្យ​យើង​។ កម្មវិធី​ពេទ្យ​យើង បង្កើត​ដោយ​ក្រុមហ៊ុន ហ្វឺ​ស វី​ម៉ិ​ន​ថេ​ក អេ​ស៊ា ជា​ប្រព័ន្ធគ្រប់គ្រង​មន្ទីរពេទ្យ​ឌីជីថល​ដំបូង​គេ​នៅ​កម្ពុជា ដើម្បី​ចូលរួមចំណែក​កសាង​ប្រព័ន្ធ​សុខាភិបាល​ទំនើប បែប​ឌីជីថល នៅ​កម្ពុជា និង​សម្រាប់​សហគមន៍​អាស៊ាន តាមរយៈ​ការផ្តល់​សុវត្ថិភាព​ដល់កំណត់​ត្រា​ព្យាបាល ទិន្នន័យ​សុខភាព​អ្នកជំងឺ និង​ជួយ​ឲ្យ​គ្លីនិក និង​មន្ទីរពេទ្យ​ដៃគូ​ដំណើរការ​រលូន និង​ពុំមាន​ការរំខាន​៕

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង