ក្រួសក្នុងតម្រងនោម

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2021-12-15

ក្នុង​កម្មវិធី​សន្ទនា​អំពី​សុខភាព​របស់​ពេទ្យ​យើង លោក​វេជ្ជបណ្ឌិត ឯក ចាន់​ប៊ុន​ថា ឯកទេស​ផ្នែក​ស​ល្យ​សាស្ត្រ​ប្រព័ន្ធ​ទឹក​ម៉ូ​ត្រ (​តម្រងនោម​) នៃ​មន្ទីរ​សម្រាក​ព្យាបាល អ៊ិន​ដ្រា បាន​លើក​បង្ហាញ​ពី​ជំងឺ​ក្រួស​ក្នុង​តម្រងនោម​។ តម្រងនោម ជា​សរីរាង្គ​គូ មាន​រាង និង​ទំហំ ប្រៀបដូចជា​គ្រាប់សណ្តែក ស្ថិតនៅ​ខាងក្រោយ​នៃ​ឆ្អឹង​ចង្កេះ​ទាំងសង្ខាង នៅត្រង់​ឆ្អឹងជំនី​ទី​១២ ដែល​ខ្មែរ​យើង ហៅថា កន្លែង​កណ្តៀតក្អម  គឺ​នៅ​ខាងឆ្វេង និង​ខាងស្តាំ​។ តម្រងនោម មានមុខ​នាទី ក្នុងការ​ចូលរួម​ផលិត​ទឹកនោម និង​បញ្ចេញ​នូវ​សារជាតិ​កាកសំណល់​សារពាង្គកាយ បន្ទាប់ពី​ប្រើប្រាស់​ហើយ​។

​តម្រងនោម មាន​ការតភ្ជាប់​នឹង​ប្លោកនោម ដោយ​បង្ហូរ​ទឹកនោម​។ ក្រួស អាច​កើតមាន​នៅក្នុង​តម្រងនោម បង្ហូរ​ទឹកនោម និង​នៅក្នុង​ប្លោកនោម​។ តែ​ជាទូទៅ ឲ្យ​តែមាន​ក្រួស គឺ​គេ​តែងតែ​ថា ក្រួស​ក្នុង​តម្រងនោម​។ តម្រងនោម ឬ​ក្រលៀន គឺ​តែមួយ​ទេ​។​

​មូលហេតុ កើត​ជំងឺ​ក្រួស​ក្នុង​តម្រងនោម​៖

១-​កើត​ពី​កំណើត​

២-​លើស​សារជាតិ​កាល់ស្យូម​

៣-​រលាក​ក្នុង​តម្រងនោម

៤-​លើស​សារជាតិ​អាស៊ីត​អ៊ុយ​រិ​ក​

៥-​កត្តា​ចំណីអាហារ ពិសេស​ការទទួល​ទាន​ទឹក​មិន​ស្អាត និង​មាន​ជាតិ​កំបោរ​ច្រើន​។ គ្រឿងក្នុង​សត្វ និង​សាច់​ច្រើន​។​

៦-​ទទួលទាន​ទឹក​តិច មិន​គ្រប់គ្រាន់​

៧-​ឈឺ​បត់ជើងតូច មិន​បន្ទោ​របង់

៨-​ស្ទះផ្លូវ​បង្ហូរ​ទឹកនោម​

៩-​រីក​ក្រពេញ​ប្រូ​ស្តា​ត​

​លោក​វេជ្ជបណ្ឌិត ឯក ចាន់​ប៊ុន​ថា លើកឡើងថា មិន​ថា ស្ត្រី ឬ​បុរស​ទេ កើត​ជំងឺ​ក្រួស​ក្នុង​តម្រងនោម​ដូចគ្នា ហើយ​ច្រើន​កើត​លើ​មនុស្ស​វ័យ ១៨​ឆ្នាំ​ឡើង រហូតដល់​អាយុ ៧០​ឆ្នាំ ទៅ ៨០​ឆ្នាំ​។​

​រោគសញ្ញា​៖

១-​ចុក​តម្រងនោម ប្រៀប​ដូច​ស្ត្រី​ឈឺពោះ​កើតកូន ដោយ​ចុក​លី​ញ​ចង្កេះ បើ​មាន​ក្រួស​ខាងឆ្វេង ចុក​ខាងឆ្វេង ហើយ​បើ​មាន​ក្រួស​នៅ​តម្រងនោម​ខាងស្តាំ គឺ​ចុក​ខាងស្តាំ​

២-​ការ​រលាក ដូចជា ក្តៅខ្លួន រងា រោយ​ចង្កេះ នោម​ញឹក នោម​ក្រហាយ នោម​ក្តៅ ហើយ​ទឹកនោម​ស ល្អក់ មានកករ​

​លោកវេជ្ជបណ្ឌិត បន្តថា ជំងឺ​​ក្រួស​តម្រងនោម បើ​មិនបាន​ព្យាបាល ឲ្យ​បាន​ទាន់ពេលវេលា​ទេ នោះ​នឹងធ្វើ​ឲ្យ​អ្នកជំងឺ មាន​បញ្ហា​តម្រងនោម ឬ​ក្រលៀន ដូចជា ពុល​មេរោគ​ក្នុង​ឈាម ឬក៏​ច្រាល​ទឹកនោម ដែល​ធ្វើ​ឲ្យ​រលាក​តម្រង់​នោម ហើយ​ទឹកនោម មាន​ជា​ខ្ទុះ ហើយ​ចុះខ្សោយ​មុខងារ​តម្រងនោម ធ្វើ​ឲ្យ​កើត​ជំងឺលើសឈាម និង​គ្រាប់​ឈាមក្រហម​មិន​គ្រប់ ជាដើម​។​

​ការព្យាបាល បែង​ចែកជា ២៖ ១-​ព្យាបាល​មុខងារ​តម្រងនោម និង​២-​ព្យាបាល​មូលហេតុ​នៃ​ជំងឺ​។ គ្រូពេទ្យ ត្រូវ​ពិនិត្យ​ព្យាបាល ដោយ​វិនិច្ឆ័យ​រោគសញ្ញា​ឲ្យ​បានច្បាស់លាស់ គឺ​ទី​១ ត្រូវ​ព្យាបាល​លើ​ការចុះ​ខ្សោយ​នៃ​មុខងារ​តម្រងនោម ហើយ​ទី​២ ទើប​ឈានទៅ​ព្យាបាល​លើ​មូលហេតុ​នៃ​ជំងឺ គឺ​យក​ក្រួស​ចេញពី​តម្រងនោម​តែម្តង​។​

​បច្ចេកទេស​នៃ​ការយក​ក្រួស​ចេញ ពីមុន គឺ​ប្រើប្រាស់​ដោយ​ការវះកាត់ ពុះ​តម្រងនោម យក​ក្រួស​ចេញ​។ តែ​ប្រឈម​នឹង​ការ​ហូរឈាម ការឈឺចាប់ និងប្រើពេលយូរទម្រាំតែជាសះស្បើយ។ តែ​ពេលនេះ បច្ចេក​វិទ្យា​ទំនើប គឺ​ព្យាបាល​តាមរយៈ​​ការឆ្លុះ​បំបែក​​យក​ក្រួស​ចេញ ​​ប្រើ​ពន្លឺ​ឡាស៊ែរ ដោយ​មិនចាំបាច់​វះកាត់​ ដោយ​អ្នកជំងឺ​ចំណាយពេល​សម្រាក​ពេទ្យ​តែ ២៤​ម៉ោង ទៅ ៤៨​ម៉ោង​ប៉ុណ្ណោះ ហើយអាច​​ធ្វើ​ការងារ​ធម្មតា​ឡើងវិញ​។​

​លោក​វេជ្ជបណ្ឌិត លើកឡើងថា ការព្យាបាល​ជំងឺ​ក្រួស​ក្នុង​តម្រងនោម​រួចហើយ មិន​ថា តាមរយៈ​ការវះកាត់ ឬក៏​តាម​ការឆ្លុះ​បំបែក​យក​ក្រួស​ចេញ​ទេ គឺ​អ្នកជំងឺ អាច​នឹង​កើត​ក្រួស​ក្នុង​តម្រងនោម​ឡើងវិញ​។ ដូច្នេះ​អ្នកជំងឺ ត្រូវ​ញ៉ាំ​ទឹកស្អាត ឲ្យ​បាន​គ្រប់គ្រាន់ ឲ្យ​បាន​​ច្រើន រួមទាំង​ចំណីអាហារ​មួយចំនួន កុំ​ឲ្យ​លើស​ជាតិ​អាស៊ីត ​តាមរយៈ​ការ​ញ៉ាំ​ជាតិ​សាច់​ច្រើន ហើយ​ត្រូវ​បត់ជើងតូច ដោយ​កុំ​ទ្រាំ​។ បើ​មាន​បញ្ហា​តម្រងនោម ត្រូវ​​ទៅ​ជួប​​គ្រូពេទ្យ​ជំនាញ ដើម្បី​ពិនិត្យ និង​ពិគ្រោះ​យោបល់​។​

​លោក​វេជ្ជបណ្ឌិត ឯក ចាន់​ប៊ុន​ថា បាន​ផ្តាំ​ផ្ញើជូន​បងប្អូន​ប្រជាពលរដ្ឋ​ថា បើ​ឈឺ មិន​ថា​ជំងឺ​អ្វី​ទេ ពិសេស​សង្ស័យថា ជា​ជំងឺ​ក្រួស​ក្នុង​តម្រងនោម ត្រូវ​​ជួប​គ្រូពេទ្យ​ឯកទេស​ត្រឹមត្រូវ ដើម្បីពិនិត្យព្យាបាល ដោយ​មិនត្រូវ​ទៅ​ទិញ​ថ្នាំផ្សំ ​ដោយ​ចិត្ត​ឯង ឬលឺ​តាម​គ្នា នៅ​ហ្វា​ម៉ា​ស៊ី​នោះទេ​។

​សូមបញ្ជាក់ថា ​​​​មន្ទីរ​សម្រាក​ព្យាបាល អ៊ិន​ដ្រា គឺជា​​មន្ទីរពេទ្យ​ឯកជន​ នៅក្នុង​រាជធានី​ភ្នំពេញ ដែល​បាន​ប្រើប្រាស់​កម្មវិធី​ពេទ្យ​យើង​។ កម្មវិធី​ពេទ្យ​យើង បង្កើត​ដោយ​ក្រុមហ៊ុន ហ្វឺ​ស វី​ម៉ិ​ន​ថេ​ក អេ​ស៊ា ជា​ប្រព័ន្ធគ្រប់​គ្រង​​មន្ទីរពេទ្យ​​ឌីជីថល​​ដំបូង​គេ​​នៅ​កម្ពុជា ដើម្បី​ចូលរួមចំណែក​កសាង​ប្រព័ន្ធ​សុខាភិបាល​ទំនើប បែប​ឌីជីថល នៅ​កម្ពុជា និង​សម្រាប់​សហគមន៍​អាស៊ាន តាមរយៈ​ការផ្តល់​សុវត្ថិភាព​ដល់កំណត់​ត្រា​ព្យាបាល ទិន្នន័យ​សុខភាព​អ្នកជំងឺ និង​ជួយ​ឲ្យ​គ្លីនិក និង​មន្ទីរពេទ្យ​ដៃគូ​ដំណើរការ​រលូន និង​ពុំមាន​ការរំខាន​៕

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង