កុមារ ក៏អាចកើតជំងឺទឹកនោមផ្អែមដែរ។ ជំងឺទឹកនោមផ្អែម លើកុមារ មិនសូវជាកើតទេ តែបើកើតហើយ ជាជំងឺរ៉ាំរ៉ៃ។ កុមារអាយុចាប់ពី ១ខែ ក៏អាចកើតជំងឺទឹកនោមផ្អែម ដោយសារតែមានបញ្ហា ដែលលំពែង មិនបញ្ចេញអ័រមូន អាំងសូលីន ( Insulin )។ កុមារ ដែលធាត់ៗ អាចប្រឈមនឹងជំងឺទឹកនោមផ្អែម។
ក្នុងកម្មវិធីសន្ទនាអំពីសុខភាពរបស់ពេទ្យយើង លោកវេជ្ជបណ្ឌិត ស៊ុន សុវត្ថា ឯកទេសជំងឺកុមារទូទៅ ជំងឺអង់ដូគ្រីនកុមារ និងជាអនុប្រធានផ្នែកអង់ដូគ្រីននៃមន្ទីរពេទ្យកុមារជាតិ បានលើកឡើងថា ជំងឺទឹកនោមផ្អែមលើកុមារ ចែកជាប្រភេទ១ និងប្រភេទ២ ហើយទាមទារឲ្យមានការព្យាបាលមួយជីវិត។
មូលហេតុនៃការកើតជំងឺទឹកនោមផ្អែម លើកុមារ៖
១-ការប្រើប្រាស់ថ្នាំពេទ្យយូរ
២-ហ្សែន
៣-ខ្វះអ័រមូន អាំងសូលីន
រោគសញ្ញាជំងឺទឹកនោមផ្អែម ប្រភេទ១៖
១-ញ៉ាំអាហារ និងទឹកច្រើន
២-នោមច្រើន
៣-មិនឡើងគីឡូក្រាម
៤-អស់កម្លាំង
រោគសញ្ញាជំងឺទឹកនោមផ្អែម ប្រភេទ២៖
១-ញ៉ាំអាហារ និងទឹកច្រើន
២-នោមច្រើន
៣-ធាត់ ហើយមានស្នាមខ្មៅៗ នៅក កដៃ កជើង
៤-មានជីដូនជីតា ឬឪពុកម្តាយ មានជំងឺទឹកនោមផ្អែម
ការព្យាបាលជំងឺទឹកនោមផ្អែម៖
១-ពិនិត្យជាតិស្ករឲ្យបានទៀងទាត់ ១ថ្ងៃ ពី ២ ទៅ ៤ដង
២-ចាក់អាំងសូលីន ១ថ្ងៃ ពី ២ ទៅ ៤ដង
៣-ការហាត់ប្រាណ អាច ៣០នាទី ទៅ ៦០នាទី ក្នុង ១ថ្ងៃ
៤-ការញ៉ាំចំណីអាហារ ដោយប្រយ័ត្នប្រយែង
លោកវេជ្ជបណ្ឌិត ស៊ុន សុវត្ថា លើកឡើងថា ការព្យាបាលជំងឺទឹកនោមផ្អែម ត្រូវចំណាយពេល ៧ថ្ងៃ ទៅ ១០ថ្ងៃ ទម្រាំតែកុមារ និងឪពុកម្តាយ យល់ដឹងពីជំងឺទឹកនោមផ្អែម រួមទាំងការពិនិត្យជាតិស្ករ និងការព្យាបាល ដោយចាក់ថ្នាំអាំងសូលីនច្រើនដងរៀងរាល់ថ្ងៃនេះ។ នៅពេលទៅផ្ទះ ការជួសឈាម ពិនិត្យជាតិស្ករ និងចាក់ថ្នាំអាំងសូលីន ត្រូវធ្វើជាប្រចាំរៀងរាល់ថ្ងៃ។ ពោលគឺការព្យាបាលជំងឺទឹកនោមផ្អែមទាំងប្រភេទ១ និងទាំងប្រភេទ២ ត្រូវធ្វើមួយជីវិត។
ផ្ទុយទៅវិញ បើសិនជាអ្នកជំងឺមិនអនុវត្តតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ នោះលោកវេជ្ជបណ្ឌិត ស៊ុន សុវត្ថា បញ្ជាក់ថា នឹងអាចបង្កគ្រោះថ្នាក់ ហើយអាចប៉ះពាល់ដល់អាយុជីវិតអ្នកជំងឺ ដូចជា អ្នកជំងឺខ្លាចឡើងជាតិស្ករខ្លាំងពេក ញ៉ាំអាហារតិចៗ ហើយប្រើថ្នាំអាំងសូលីនច្រើន។ មួយវិញទៀត អ្នកជំងឺបារម្ភរឿងឡើងជាតិស្ករខ្ពស់ បែរជាអ្នកជំងឺមិនសូវប្រើថ្នាំ ចាក់អាំងសូលីន ហើយហាត់ប្រាណតិច និងបន្តញ៉ាំច្រើន រួមទាំងភេសជ្ជៈ ដែលមានជាតិផ្អែមច្រើន។
លោកវេជ្ជបណ្ឌិត ស៊ុន សុវត្ថា ក៏បន្តថា ជំងឺទឹកនោមផ្អែម មិនថា កុមារ ឬមនុស្សពេញវ័យទេ បើសិនជាមិនបានពិនិត្យព្យាបាលឲ្យបានទាន់ពេលវេលា និងត្រឹមត្រូវទេ នោះនឹងវិវឌ្ឍទៅរកជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺភ្នែកឡើងបាយ ភ្នែកមានបញ្ហា អាចមើលមិនឃើញ អាចមានជំងឺស្ទះសរសៃឈាមបេះដូង ឡើងខ្លាញ់ក្នុងសរសៃឈាម អាចខូចតម្រង់នោម ហើយជើងមានអារមណ៍ស្ពឹកៗ ជាដើម។
លោកវេជ្ជបណ្ឌិត ស៊ុន សុវត្ថា ក៏បានណែនាំពីការទទួលទានចំណីអាហារប្រចាំថ្ងៃ ដោយចែកជា ៣ផ្នែក៖ ១ភាគ ជាបន្លែផ្លែឈើ ១ភាគជាត្រីសាច់ និង ១ភាគទៀត ជាបាយ ឬនំប៉័ង។
សូមបញ្ជាក់ថា មន្ទីរពេទ្យកុមារជាតិ គឺជាមន្ទីរពេទ្យរដ្ឋ នៅក្នុងរាជធានីភ្នំពេញ ដែលបានប្រើប្រាស់កម្មវិធីពេទ្យយើង។ កម្មវិធីពេទ្យយើង បង្កើតដោយក្រុមហ៊ុន ហ្វឺស វីម៉ិនថេក អេស៊ា ជាប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យឌីជីថលដំបូងគេនៅកម្ពុជា ដើម្បីចូលរួមចំណែកកសាងប្រព័ន្ធសុខាភិបាលទំនើប បែបឌីជីថល នៅកម្ពុជា និងសម្រាប់សហគមន៍អាស៊ាន តាមរយៈការផ្តល់សុវត្ថិភាពដល់កំណត់ត្រាព្យាបាល ទិន្នន័យសុខភាពអ្នកជំងឺ និងជួយឲ្យគ្លីនិក និងមន្ទីរពេទ្យដៃគូដំណើរការរលូន និងពុំមានការរំខាន៕