នៅក្នុងកម្មវិធីសន្ទនាអំពីសុខភាពរបស់ពេទ្យយើង លោកវេជ្ជបណ្ឌិត ណេត សុផាត ឯកទេសត្រចៀក ច្រមុះ និងបំពង់ក នៅមន្ទីរពេទ្យព្រះអង្គឌួង បានលើកឡើងពីជំងឺរលាកត្រចៀករ៉ាំរ៉ៃ។ ជំងឺរលាកត្រចៀករ៉ាំរ៉ៃ គឺជាជំងឺ ដែលមានការបង្ករោគ និងរលាកទៅលើត្រចៀករបស់យើង ផ្នែកកណ្តាល។ ជាទូទៅ បើវាមិនព្រមជាសះស្បើយ ហើយមានរយៈពេលលើសពី ៣ខែឡើងទៅ គេចាត់ទុកថា ជាជំងឺរលាកត្រចៀករ៉ាំរ៉ៃ។ ជំងឺរលាកត្រចៀករ៉ាំរ៉ៃ អាចកើតឡើងលើមនុស្សគ្រប់វ័យ។
មូលហេតុ៖
១-ជំងឺរលាកត្រចៀកស្រួចស្រាវ ដែលឧស្សាហ៍កើតញឹកញាប់
២-ស្ទះរន្ធពីច្រមុះ ទៅបំពង់ក ដែលបណ្តាលឲ្យទឹកដក់ នៅត្រចៀកកណ្តាល
៣-ប៉ះទង្គិចនៅត្រង់ត្រចៀក ឡើងទីខ្ពស់ ឬក៏មុជក្នុងបាតសមុទ្រជ្រៅៗ ធ្វើឲ្យធ្លាយក្រដាសត្រចៀក ហើយធ្វើឲ្យភ្នាសកោសិកាត្រចៀកហើម ហើយធ្លាយ ដែលវិវត្តទៅជំងឺរលាកត្រចៀករ៉ាំរ៉ៃដែរ
លោកវេជ្ជបណ្ឌិត ណេត សុផាត បន្តថា ជំងឺរលាកត្រចៀករ៉ាំរ៉ៃ ដែលមិនបានព្យាបាលឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលាទេ នឹងបង្កផលវិបាក ទៅជារលាកកូនឆ្អឹង ខូចក្រដាសត្រចៀក ដូចជា ផត ឬក្រិន ជាដើម។ ជំងឺរលាកត្រចៀករ៉ាំរ៉ៃ ក៏បណ្តាលឲ្យអ្នកជំងឺឧស្សាហ៍រលាកញឹកញាប់ បណ្តាលឲ្យរលាកត្រចៀកផ្នែកខាងក្នុង ហើយក៏អាចប៉ះពាល់ដល់សរសៃប្រសាទទី៧ បណ្តាលឲ្យវេចមុខ ហើយពេលខ្លះ អាចរាលដាលដល់ខួរក្បាល ក្លាយជារលាកស្រោមខួរ ឬក៏បង្កជាខ្ទុះនៅក្នុងខួរក្បាល ហើយករណីនេះ អាចប៉ះពាល់ដល់អាយុជីវិតរបស់អ្នកជំងឺ។
រោគសញ្ញា៖
-ការហូរទឹក ដែលជាខ្ទុះខាប់ស្អុយ ចេញពីរន្ធត្រចៀក
-ហឹងត្រចៀក
-ការស្តាប់ថយចុះ
-មិនសូវបង្កការឈឺចាប់ទេ
ការព្យាបាល៖
-បើមានទឹកដក់ក្នុងត្រចៀកកណ្តាល ដែលបណ្តាលមកពីស្ទះរន្ធពីច្រមុះ ទៅបំពង់ក អាចវះកាត់ ចោះក្រដាសត្រចៀក យកទឹកដក់ចេញ
-បើបណ្តាលឲ្យរហែកក្រដាសត្រចៀក គឺត្រូវវះកាត់ និងបណ្តុះក្រដាសត្រចៀកឡើងវិញ
-បើកកើតជាដុំសាច់ម្យ៉ាង ជាដុំស្បែក ក៏ត្រូវវះកាត់យកដុំនោះ ចេញបន្ទាន់
-ការព្យាបាលដោយថ្នាំ
លោកវេជ្ជបណ្ឌិត បន្តថា បើជំងឺរលាកត្រចៀករ៉ាំរ៉ៃ កើតលើស្ត្រីមានផ្ទៃពោះ គឺមិនអាចវះកាត់ទេ មានតែការព្យាបាលដោយប្រើថ្នាំ ហើយក៏ត្រូវប្រើថ្នាំ ដោយប្រយ័ត្នប្រយែង ដើម្បីកុំឲ្យប៉ះពាល់ដល់ទារកក្នុងផ្ទៃ។
លោកវេជ្ជបណ្ឌិត ណេត សុផាត បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលមានបញ្ហានៅត្រចៀក ត្រូវតែប្រញាប់ទៅជួបគ្រូពេទ្យជំនាញត្រចៀក ដើម្បីពិនិត្យព្យាបាល ចៀសទុកឲ្យវិវត្តទៅជាជំងឺរលាកត្រចៀករ៉ាំរ៉ៃ។
សូមបញ្ជាក់ថា មន្ទីរពេទ្យព្រះអង្គឌួង គឺជាមន្ទីរពេទ្យរដ្ឋ នៅក្នុងរាជធានីភ្នំពេញ ដែលបានប្រើប្រាស់កម្មវិធីពេទ្យយើង។ កម្មវិធីពេទ្យយើង បង្កើតដោយក្រុមហ៊ុន ហ្វឺស វីម៉ិនថេក អេស៊ា ជាប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យឌីជីថលដំបូងគេនៅកម្ពុជា ដើម្បីចូលរួមចំណែកកសាងប្រព័ន្ធសុខាភិបាលទំនើប បែបឌីជីថល នៅកម្ពុជា និងសម្រាប់សហគមន៍អាស៊ាន តាមរយៈការផ្តល់សុវត្ថិភាពដល់កំណត់ត្រាព្យាបាល ទិន្នន័យសុខភាពអ្នកជំងឺ និងជួយឲ្យគ្លីនិក និងមន្ទីរពេទ្យដៃគូដំណើរការរលូន និងពុំមានការរំខាន៕
រក្សាសិទ្ធិដោយ©ពេទ្យយើង