ជាធម្មតានៅក្នុងកោសិកាឈាមក្រហម មានប្រូតេអ៊ីនឈ្មោះថា “អង់ទីហ្សែន” ហើយវត្តមានអង់ទីហ្សែន អាចកំណត់ថាអ្នកមានឈាមប្រភេទ A B O ឬ AB។ ករណីដែលមនុស្សម្នាក់អវត្តមានអង់ទីហ្សែន Rh នៅក្នុងកោសិកាឈាមក្រហម ពួកគាត់នឹងវិវត្ត ឈាមកម្រមួយប្រភេទឈ្មោះថា “Rhnull” ឬឈាមមាស។
ប្រភេទឈាមមាសគឺជា ឈាមកម្របំផុតនៅក្នុងលោក ដែលមានមនុស្សក្រោម ៥០នាក់ប៉ណ្ណោះដែលមានឈាមប្រភេទនេះ។ ភាពកម្ររបស់វាធ្វើឲ្យ ការផ្គត់ផ្គង់ឈាម ការបរិច្ចាក និងការជួយជីវិតមនុស្ស ដែលមានប្រភេទនេះមានការលំបាកខ្លាំង នាំឲ្យគេឲ្យតម្លៃឈាមប្រភេទនេះដូចជាមាស។ គិតមកត្រឹមពេលនេះ មានតែ ៩នាក់ប៉ុណ្ណោះក្នុងសកលលោក ដែលកំពុងមានភាពសកម្មក្នុងការផ្ដល់ឈាមប្រភេទនេះ។
មូលហេតុអ្វីបានជាមនុស្សមានឈាមមាស?
វាជាលទ្ធផលនៃបម្រែបម្រួល RHAG សែន ដែលអាចមានទំនាក់ទំនងនឹង បញ្ហាកោសិកាឈាមក្រហមឬជំងឺស្លេកស្លាំងតំណពូជ។
ករណីដែលនាំឲ្យមនុស្សងាយប្រឈមនឹងការផ្ទុកឈាមមាស៖
១. ចំណងអាពាហ៍ពិពាហ៍រវាងសាច់ញាតិ៖ ប្ដី និងប្រពន្ធជាបងប្អូនជីដូនមួយ បងប្អូនបង្កើត ឬសាច់ស្រឡាយ។
២. បញ្ហាសែនមិនប្រក្រតី
៣. បម្រែបម្រួល ឬបាត់បង់ទាំងស្រុងនូវ សែន (សែន RHD RHCE ឬRHAG)
ផលវិបាកនៃប្រភេទឈាមមាស៖
១. កើតមានជំងឺស្លេកស្លាំង Hemolytic ក្នុងកម្រិតស្រាល ទៅធម្មតា តាំងពីកំណើត
២. មានបញ្ហាក្នុងការបញចូលឈាម
៣. បញ្ហាក្នុងការផ្ដល់កំណើត
៤. ប្រសិនបើកើតជំងឺឆ្លង អ្នកជំងឺនឹងប្រឈមនឹងកំហូចកោសិកាឈាមក្រហម (អាចឈានដល់កំហូចក្រលៀន ឬបញ្ហាផ្សេងៗ)៕
ប្រភព៖ Medicine Net II https://www.medicinenet.com/, Discovery II https://www.discovery.com/, National Human Genome Research Institute II https://www.genome.gov/ & FMT II https://www.freemalaysiatoday.com/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង