ជំងឺគ ថ្លង់ពីកំណើត

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2021-11-16

ក្នុង​កម្មវិធីសន្ទនាអំពី​សុខភាពរបស់​កម្មវិធីពេទ្យយើង លោក​ស្រី​វេជ្ជបណ្ឌិត​ យស សុភ័ណ្ឌ​ ឯកទេសត្រចៀក ច្រមុះ បំពង់ក និងជាអនុប្រធានផ្នែកសម្រាកព្យាបាលទី៤ នៃមន្ទីរ​ពេទ្យព្រះអង្គឌួង បានលើកឡើងថា ជំងឺគថ្លង់ពីកំណើត សំដៅទៅលើកូនក្មេង ដែលកើតចេញពីពោះម្តាយ ហើយការស្តាប់របស់គាត់​ខ្សោយ​។

លោកស្រីវេជ្ជ​បណ្ឌិត បន្តថា មានន័យថា អ្នកខ្លះ​ អាចស្តាប់លឺតិចតួច ហើយអ្នកខ្លះ មិនលឺសោះតែម្តង​ តាំងពីកំណើត នៅពេលគាត់​កើត​មកភ្លាម​។ ជាទូទៅ នៅពេលកុមារ កើតមក ហើយខ្សោយ​សមត្ថភាពនៃការស្តាប់ ដែលយើងហៅថា ថ្លង់។ គឺចាប់តាំងពីថ្ងៃគាត់​កើតមក រហូតដល់ពេលនេះ គាត់​អត់មានលឺសំឡេង​អ្វីពីខាងក្រៅទេ ហើយខួរ​ក្បាលរបស់គាត់ ក៏មិនទទួលបានពាក្យអ្វីដែរ​។ មានន័យថា ខួរ​ក្បាល មិនអាចបញ្ជាទៅរកប្រអប់សំឡេង ដែលអាច​បញ្ជា​ឲ្យ​និយាយអ្វីបានទេ​។ ជាអូតូម៉ាទិច ក្មេងដែលកើតមក មានបញ្ហាក្នុងការស្តាប់ គឺកូននោះ នឹងវិវត្តទៅជាមនុស្សគ បើសិនជាគាត់​ស្តាប់អត់លឺអ្វីសោះ​។

ផលប៉ះពាល់

ជាទូទៅបើនៅក្នុងគ្រួសារមួយ ដែលមានកូនកើតមក មានបញ្ហា​ក្នុងការស្តាប់ ថ្លង់ពីកំណើត ហើយគាត់វិវត្តទៅជាគទៀត នោះគាត់អាចប៉ះពាល់ទៅលើគ្រួសារ​ ជាចម្បង​។​ មានន័យថា ឪពុកម្តាយ ត្រូវការចិញ្ចឹម​បីបាច់​កូនគថ្លង់នោះ ខុសពីក្មេងធម្មតា​។ ឪពុក​ម្តាយ ខាតពេលវេលា ខាតលុយកាក់ទៅលើកូននោះច្រើន។ កុមារនោះវិញ បើសិនជា​វិវត្ត​ទៅ​រក​គថ្លង់ហើយ គឺអនាគតរបស់គាត់ មិនដូចក្មេងដទៃទេ​។ ចុងក្រោយ​ផលប៉ះពាល់ដល់សង្គម និងប្រទេសជាតិយើង ព្រោះបើប្រទេស​នោះ មានកុមារគថ្លង់ច្រើន គឺធនធានមនុស្ស ក៏ថយចុះដែរ។​

មូលហេតុ

កុមារគថ្លង់ពីកំណើត នៅប្រទេសជឿនលឿន ភាគរយ គឺ១ លើ ១០០០​ កើតរស់។ មានន័យថា បើកូនកើតមក ១០០០នាក់ អាចមានម្នាក់ មានបញ្ហាគថ្លង់។ កុមារគថ្លង់ពីកំណើត បណ្តាលមកពី​៖

១-អាចមកពីហ្សេនេទិច តំណពូជ

២-ពេលម្តាយ កំពុងពពោះកូន​ ពិសេសក្នុងពេល ៣ខែដំបូង បើសិនជាម្តាយឆ្លងវីរុស ដូចជា ជំងឺស្អូច នោះកូន​ប្រឈមនឹងការប៉ះពាល់នឹងត្រចៀកខ្ពស់ណាស់។ ក្រៅពីនោះ ក៏អាចប៉ះពាល់នឹងសរីរាង្គផ្សេងៗ ខួរក្បាល និងតម្រង់នោមកូននោះទៀត​

៣-នៅថ្ងៃកូន​កើត បើសិនជាម្តាយបង្កើតកូននោះ យូរ នាំឲ្យកូនខ្វះអុកស៊ីហ្សែន ឬក៏កើតមក សន្លប់យូរ ហើយកំឡុងពេលជួយឲ្យកូនដឹងខ្លួនយូរ ដែលនាំ​ឲ្យកូនខ្វះអុកស៊ី​ហ្សែន ក៏អាចធ្វើ​ឲ្យកូន​​ ដឹងខ្លួន​មកវិញ ប៉ះពាល់ទៅលើសមត្ថភាពនៃការស្តាប់​របស់គាត់បានដែរ​។

វិធីព្យាបាល

ដោយសារតែឥឡូវ​​ ទំនើប គឺអាចដឹងថា​ កូននោះ មានបញ្ហា​ក្នុងការស្តាប់ តាំងពីថ្ងៃដំបូង​ ដែលកើតមក ដោយជាទូទៅ ប្រើប្រាស់ម៉ាស៊ីន ដែលនៅមន្ទីរពេទ្យព្រះអង្គឌួង ក៏មានដែរ​។ យើងអាចធ្វើតេស្ត​ត្រចៀកកូន ថាតើកូននោះ ថយ​ក្នុងការស្តាប់។ បើនៅថ្ងៃកើតដំបូង ធ្វើតេស្តម៉ាស៊ីននោះ ហើយបើត្រចៀកមានបញ្ហា គឺឪពុកម្តាយ ត្រូវតាមដានហើយ។ ៣ខែក្រោយ គាត់​ត្រូវ​មកជួបពេទ្យម្តងទៀត ហើយ ៦ខែក្រោយ មកជួបពេទ្យម្តងទៀត ហើយបើនៅតែមានបញ្ហា យើងនឹងធ្វើការព្យាបាល​គាត់ ទៅតាម​ជាក់ស្តែងនៃការមានបញ្ហារបស់កុមារនោះ។

លោកស្រីវេជ្ជបណ្ឌិត យស សុភ័ណ្ឌ បន្តថា ការធ្វើតេស្ត មាន ២ គឺទី១-គ្រាន់តែជាការធ្វើតេស្ត លឿនទៅលើកូននោះ ដើម្បី​ឲ្យដឹងថា កូននោះ ពិតជាមាន​សមត្ថភាព​ក្នុងការស្តាប់ ឬទេ? នៅធ្វើតេស្តមួយទៀត ដើម្បី​ឲ្យដឹងថា កូន​នោះ ថយ​ការស្តាប់​ កម្រិតណា? បើដឹងពីកម្រិត​នៃការថយក្នុងការស្តាប់របស់កុមារនោះ យើងអាច​ព្យាបាល​ល្អប្រសើរដល់កុមារនោះ​។ ក្នុងនោះ បើសិនជា​កុមារនោះ ស្តាប់លឺត្រឹមតែកម្រិតមធ្យម គឺ ៥០ ទៅ ៦០%​ នោះនឹងប៉ះពាល់​ដល់​ការនិយាយរបស់កូននោះហើយ​។ បើនៅកម្រិតប៉ុណ្ណឹង យើងអាចព្យាបាល​គាត់ ដោយឲ្យគាត់​ពាក់ឧបករណ៍ស្រូបសំឡេង Hearing Add ដោយឲ្យគាត់ពាក់តាំងពីគាត់​នៅជាកូនង៉ែត​។ នៅពេលគាត់លឺសំឡេងពីខាងក្រៅ ម្តាយបង្រៀន គាត់នឹងចេះនិយាយ​។ តែកូននោះ ត្រូវ​ប្រើប្រាស់​ឧបករណ៍នោះ ពាក់ជាប់រហូត។

លោកស្រីវេជ្ជបណ្ឌិត យស សុភ័ណ្ឌ បន្ថែមថា មួយវិញទៀត បើយើងធ្វើតេស្តសមត្ថភាពស្តាប់របស់កុមារនោះ គឺសេរ៉ូ មានន័យថា កូននោះ ស្តាប់អត់លឺសោះ។ ដូច្នេះ​ត្រូវស្កេន​ មើលឆ្អឹងត្រចៀកនោះ តើខាងក្នុងត្រចៀកនោះ មានបញ្ហាអ្វីខាងក្នុងត្រចៀកកណ្តាល ឬទេ? បើគ្រាន់តែខ្សោយត្រចៀកកណ្តាល ដែលធ្វើ​ឲ្យកូននោះ ស្តាប់មិនលឺសោះ។ ដូច្នេះ​គេអាចវះកាត់​ ដាក់​ត្រចៀក​សិប្បនិមិត្ត​។ មានន័យថា វាជាឧបករណ៍មួយតូច ហើយយើងវះកាត់​ដាក់​នៅក្នុងស្បែក​ក្បាល ចូលទៅដល់ត្រចៀកកណ្តាល ខាងក្នុង ហើយ​វាផ្ជោច​ បញ្ជូន​សំឡេងទៅខាងក្នុង​ ហើយបញ្ជូនទៅខួរក្បាល ធ្វើ​ឲ្យកូន​នោះ ស្តាប់លឺ​។ បើកូននោះ ស្តាប់លឺហើយ គឺ​នឹងវិវត្តទៅជាក្មេង​ធម្មតា ដែល​ឪពុកម្តាយ អាចបង្រៀន ឲ្យ​កូននោះ ចេះនិយាយបាន​។

សូមបញ្ជាក់ថា ​ មន្ទីរពេទ្យព្រះអង្គឌួង គឺជាមន្ទីរពេទ្យរដ្ឋ​ ស្ថិតនៅក្នុងរាជធានីភ្នំពេញ​​ ដែល​បានប្រើប្រាស់​​កម្មវិធីពេទ្យយើង។ កម្មវិធីពេទ្យយើង បង្កើតដោយក្រុមហ៊ុន ហ្វឺស វីម៉ិនថេក អេស៊ា ជាប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យឌីជីថលដំបូងគេនៅកម្ពុជា ​ដើម្បីចូលរួមចំណែកកសាងប្រព័ន្ធសុខាភិបាលទំនើប បែបឌីជីថល នៅកម្ពុជា និងសម្រាប់សហគមន៍អាស៊ាន តាមរយៈការផ្តល់សុវត្ថិភាពដល់កំណត់ត្រាព្យាបាល ទិន្នន័យសុខភាពអ្នកជំងឺ និងជួយឲ្យគ្លីនិក និងមន្ទីរពេទ្យ​ដៃគូដំណើរការរលូន​ និងពុំមានការរំខាន៕

 

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង