ដោយសារភាពខុសគ្នានៃហ្សែន ស្ត្រី និងបុរស អាចប្រឈមនឹងជំងឺខុសគ្នាៗ មួយចំនួន។ ជំងឺខ្លះ វាយប្រហារខ្លាំងទៅលើស្ត្រី ជាងបុរស។ ប៉ុន្តែហានិភ័យនៃការឆ្លងជំងឺរបស់ស្ត្រី នៅតែអាចកើតមានលើបុរស។
ខាងក្រោមនេះ ជាប្រភេទជំងឺរបស់ស្ត្រី ដែលអាចកើតមានលើបុរស៖
១. ជំងឺពុកឆ្អឹង៖ ស្ត្រីប្រឈមនឹងបញ្ហាពុកឆ្អឹងញឹកជាងបុរស ដោយសារបញ្ហាអស់រដូវ។ ស្ត្រីម្នាក់ក្នុងចំណោមស្ត្រី ៣នាក់ មានជំងឺពុកឆ្អឹង ខណៈដែលបុរសម្នាក់ ក្នុង ៥នាក់ ក៏កើតមានដូចគ្នា។ បុរស ដែលមានអាយុប្រហែល ៦៥ឆ្នាំ ទៅ ៧០ឆ្នាំ អាចបាត់បង់ម៉ាសឆ្អឹងស្មើនឹងស្ត្រីដែរ។
២. ជំងឺមហារីកសុដន់៖ ជំងឺមហារីកសុដន់ កើតឡើងលើបុរស ១% នៃជំងឺមហារីកសុដន់ទាំងអស់។ ជាពិសេសបុរស ដែលមានអាយុលើ ៥០ឆ្នាំ មានសញ្ជាតិអាហ្វ្រិកកាត់អាមេរិក ឬអ្នកលើសទម្ងន់ ងាយប្រឈមបំផុត។
៣. បញ្ហាក្រពេញទីរ៉ូអ៊ីត៖ ស្ត្រីអាចកើតមានបញ្ហានេះ លើសបុរសដល់ទៅ ៥ ទៅ ៨ដង ប៉ុន្តែបុរសនៅតែមិនអាចជៀសផុតនឹងបញ្ហានេះឡើយ។
៤. បញ្ហាមិនប្រក្រតីនៃការទទួលទាន៖ មនុស្សប្រុសប្រឈមនឹងបញ្ហាតមអាហារ ឬអត់ឃ្លានត្រឹមតែ ១០ ទៅ ១៥%ប៉ុណ្ណោះ ប៉ុន្តែមនុស្សប្រុសជាមនុស្ស ដែលមិនងាយស្វែងរកការព្យាបាលនោះទេ។ កត្តានេះ ធ្វើឲ្យបុរសប្រឈមនឹងបញ្ហាធ្ងន់ធ្ងរ ដូចជា បញ្ហាបេះដូង ការបាត់បង់ឆ្អឹង កំហូចសរីរាង្គ ឬឈានដល់ការបាត់បង់ជីវិត។
៥. ការឆ្លងរោគក្នុងប្លោកនោម៖ វាកើតឡើងញឹកញាប់លើស្ត្រី ប៉ុន្តែបុរស ដែលមានក្រពេញប្រូស្តាតរីកធំ គ្រួសក្នុងតម្រងនោម ឬការរួមតូចនៃបង្ហួរនោម ងាយនឹងប្រឈមនឹងបញ្ហានេះណាស់។ បុរសអាចជួបរោគសញ្ញា ដូចជា នោមញឹក ទឹកនោមមានពពុះ ទឹកនោមមានឈាម ចំណង់នោមខ្លាំង ក្ដៅរលាកនៅពេលនោម ឬក្ដៅខ្លួនតិចតួច។
៦. ជំងឺបាក់ទឹកចិត្ត៖ ស្ត្រីកើតមានជំងឺនេះ ច្រើនជាងបុរសដល់ទៅ ២ដង ប៉ុន្តែរោគសញ្ញាមានភាពខុសគ្នាបន្តិចបន្តួច។ ស្ត្រីអាចមានអារម្មណ៍មិនសប្បាយចិត្ត ឬឧស្សាហ៍យំ ចំណែកឯបុរសងាយនឹងបញ្ចេញកំហឹង មានអារម្មណ៍រំខាន ខកចិត្ត ឬអស់សង្ឃឹម ជាដើម។
៧. ជំងឺលុយពីស៖ ៩០% នៃអ្នកកើតជំងឺលុយពីស ជាស្ត្រី។ បុរសក៏អាចកើតមានផងដែរ ហើយវាមានរោគសញ្ញា ដូចជា ឈឺហើមសន្លាក់ ខ្សោយសាច់ដុំ ខ្សោយកម្លាំងរ៉ាំរ៉ៃ ក្ដៅខ្លួនដោយគ្មានមូលហេតុ ជ្រុះសក់ ហើមជើង ហើមភ្នែក ពងមាត់ ឡើងកូនកណ្តុរ និងកន្តួលក្រហមរាងមេអំបៅលើខ្ទង់ច្រមុះ និងថ្ពាល់៕
ប្រភព៖ Healthline II https://www.healthline.com/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង