ជំងឺដុំគីស ក្នុងសុដន់

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2021-11-10

លោកវេជ្ជបណ្ឌិត ប៊ុន សុវណ្ណា ឯកទេស​សម្ភព រោគស្ត្រី និងជាស្ថាបនិក ព្រមទាំង​ជា​​នាយកប្រតិបត្តិនៃមន្ទីរពហុព្យាបាល សុវណ្ណ បានលើកឡើង​​ក្នុងកម្មវិធី សន្ទនាអំពី​សុខភាព របស់​ពេទ្យយើង ថា ជំងឺដុំគីស​ក្នុងសុដន់ ជាជំងឺ​ ដែលកើត​​នៅក្នុងក្រពេញ​របស់សុដន់​។ គីសក្នុងសុដន់ មាន ២ប្រភេទ គឺប្រភេទធម្មតា​ និងប្រភេទស្មុគស្មាញ ដែលមាន​ការវិវត្ត​ ទៅជាជំងឺ​មហារីក​​។

ដុំ​គី​ស​​​មានលក្ខណៈ​ ដូចដុំ​សាច់ដែរ។ ជាទូទៅ គីសក្នុងសុដន់ ជាជំងឺស្លូត ហើយ​​អាចវិវត្ត​​ទៅជាមហារីក មាន​តិច​បំផុត​​។

មូលហេតុ​ បណ្តាល​ឲ្យកើតមានជំងឺ​ដុំគីស​ក្នុងសុដន់​៖

ជំងឺ​ដុំគីស​​ក្នុង​សុដន់ អាចកើតឡើងដោយសារវិបត្តិ​នៃអ័រមូនរបស់ស្ត្រី ហើយ​​ចាប់តាំងពីពេញវ័យ ​រហូតដល់ស្ត្រីអស់រដូវ អាចមានឱកាស​ក្នុងការកើតជំងឺនេះ​។ ជំងឺដុំគីស​ក្នុងសុដន់ ភាគច្រើនគេឃើញកើតលើ​ស្ត្រី ក្នុងរង្វង់អាយុ ៣៥ឆ្នាំ រហូត​ទៅ​ដល់ ៥០ឆ្នាំ ហើយជាស្ត្រី ដែល​​មក​រដូវ​​មិនទៀង​ទាត់​។

រោគសញ្ញានៃជំងឺដុំគីស​ក្នុងសុដន់​៖

១-ឈឺសុដន់ស្ទុំៗ

២-ឡើងពកលើស្បែក

៣​-សុដន់​ មាន​ភាពមិនស្មើគ្នា

ការពិនិត្យ និង​ព្យាបាល៖

១-ស្ត្រីត្រូវសង្កេត​មើលសុដន់របស់ខ្លួន នៅមុខកញ្ចក់ តើមានភាព​ខុសពី​ប្រក្រតី ឬទេ?

២-ស្ត្រីអាចស្ទាបសុដន់ រកដុំគីសដោយខ្លួន​ឯង​

៣-ស្ត្រីត្រូវ​ទៅជួបគ្រូពេទ្យ​ជំងឺ​ជំនាញ​

លោក​វេជ្ជ​បណ្ឌិត ប៊ុន សុវណ្ណា បន្ថែម​ថា សម្រាប់ស្ត្រី នៅពេល​មានភាពមិនប្រក្រតីណាមួយ ត្រូវតែ​ទៅជួបគ្រូពេទ្យជំនាញ។ តាមរយៈ​ការពិនិត្យ​របស់គ្រូពេទ្យ ពេទ្យ​អាចធ្វើការវិនិច្ឆ័យ បែងចែក​ថា តើវាជាដុំគីសនោះ ជាប្រភេទ​ស្លូត ឬក៏ជាដុំគីស​ ដែលមានហានិភ័យ អាច​​វិវត្តទៅជា​មហារីក​។ ដូច្នេះ​ប្រសិន​បើគ្រូពេទ្យ​ មានការសង្ស័យថា គីស​នោះ អាច​មានហានិភ័យ​មិនល្អ គ្រូពេទ្យ​ នឹងស្នើសុំ​បូម​យក​ទឹក នៅក្នុងគីសនោះ ដើម្បី​ធ្វើការវិភាគ ឬមួយ​ក៏គ្រូពេទ្យ​ នឹងណែនាំ​ឲ្យធ្វើ​ការវះកាត់​យកដុំសាច់នោះចេញ ពីព្រោះយើងទុកវាទៅ វាអាចបង្កហានិភ័យបាន​។

លោកវេជ្ជបណ្ឌិត ប៊ុន​ សុវណ្ណា បញ្ជាក់ថា ហានិភ័យ​នៃគីសសុដន់ មិនធ្ងន់ធ្ងរដូចជាដុំសាច់​ទេ។ គ្រូពេទ្យ​តែងតែធ្វើការវិនិច្ឆ័យ ដោយប្រាកដប្រជាថា ដុំគីសនោះ មានទំហំប៉ុណ្ណា ហើយ​មានការវិវត្តមិនល្អ ឬទេ​? ប្រសិនបើដុំ​នោះ មានទំហំតូច យើង​នឹង​ពន្យល់​ឲ្យគាត់​រក្សាទុក ហើយ​ប្រាប់គាត់ថា ជាដុំស្លូតទេ មិនមានហានិភ័យទេ តែគាត់​ក៏ត្រូវស្ថិត​នៅក្នុង​ការតាមដាន​សុដន់នោះដែរ។ មានន័យថា គាត់ត្រូវពិនិត្យ​រៀងរាល់ ៦ខែម្តង ឬរៀងរាល់ឆ្នាំ។

ចំណែក​ឯដុំគីស​

ដែល​ពិនិត្យហើយ មាន​លក្ខណៈ

ធំ យើងនឹងណែនាំ​ឲ្យគាត់​វះយកចេញ​ ព្រោះបើ​ទុកវា វាអាច​មានហានិភ័យ ទោះបីជាកម្រិតតិចតួចក៏ដោយ ហើយវាក៏អាចប៉ះពាល់ដល់អាយុជីវិតរបស់​គាត់ បើសិនជាវាវិវត្តទៅដល់​ជំងឺមហារីក​។ ម្យ៉ាងទៀត បើគាត់​ទុកទៅ វាអាចនឹងប៉ះពាល់​ដល់ផ្លូវចិត្តរបស់គាត់។

លោកវេជ្ជបណ្ឌិត ប៊ុន សុវណ្ណា បន្តថា ក្រោយការព្យាបាល ពេលខ្លះ ក៏អាចកកើតឡើងវិញ​ នូវ​ដុំគីស ​នៅក្បែរ​កន្លែង ដែលយើងវះ​យកចេញ​នោះដែរ។ មួយវិញទៀត នៅពេលដែលវះកាត់យកដុំគីសចេញ អាចនឹងមាន​ស្លាក​ស្នាម។ ដូច្នេះ​​ក្រោយ​ព្យាបាល​​ហើយ ស្ត្រី​នៅតែ​ត្រូវស្ថិតក្រោមការតាមដានរបស់​គ្រូពេទ្យ ហើយអាច​រៀងរាល់ ១ឆ្នាំម្តង​។

វិធីការពារ៖

ស្ត្រីត្រូវតាមដានពិនិត្យសុខភាពខ្លួន ពិសេស​ត្រូវ​​ស្វែងយល់​ពី​សុដន់ និង​ពិនិត្យសុដន់ដោយខ្លួនឯង ដែលអាច​ឲ្យគាត់រកឃើញ​នូវជំងឺសុដន់។

លោកវេជ្ជបណ្ឌិត ប៊ុន សុវណ្ណា បញ្ជាក់បន្ថែមថា ជាទូទៅ ស្ត្រី​បើមិនមានរោគសញ្ញា ឬការឈឺចាប់​ទេ នោះគាត់​មិនចាប់អារម្មណ៍ទេ​។ តែជំងឺមហារីក ចាប់ផ្តើម​ពីដុំមួយ ដែលមិនឈឺចាប់។ ដូច្នេះបើសិនជាស្ត្រី​ពិនិត្យ ស្ទាបសុដន់ ហើយ​រក​ឃើញ​មានដុំសាច់អ្វីមួយនោះ សូម​ទៅ​ជួបគ្រូពេទ្យ​ ដើម្បីពិនិត្យ និងពិគ្រោះ​យោបល់​។

សូមបញ្ជាក់ថា ​ មន្ទីរពហុព្យាបាល សុវណ្ណ គឺជាមន្ទីរពេទ្យឯកជន ស្ថិតនៅខេត្តបាត់ដំបង​ ដែល​បានប្រើប្រាស់​​កម្មវិធីពេទ្យយើង។ កម្មវិធីពេទ្យយើង បង្កើតដោយក្រុមហ៊ុន ហ្វឺស វីម៉ិនថេក អេស៊ា ជាប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យឌីជីថលដំបូងគេនៅកម្ពុជា ​ដើម្បីចូលរួមចំណែកកសាងប្រព័ន្ធសុខាភិបាលទំនើប បែបឌីជីថល នៅកម្ពុជា និងសម្រាប់សហគមន៍អាស៊ាន តាមរយៈការផ្តល់សុវត្ថិភាពដល់កំណត់ត្រាព្យាបាល ទិន្នន័យសុខភាពអ្នកជំងឺ និងជួយឲ្យគ្លីនិក និងមន្ទីរពេទ្យ​ដៃគូដំណើរការរលូន​ និងពុំមានការរំខាន៕

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង