ក្នុងកម្មវិធីសន្ទនាអំពីសុខភាពរបស់ពេទ្យយើង លោកវេជ្ជបណ្ឌិត ជិន ចន្ទ ដាវីត ឯកទេសទឹកនោមផ្អែម នៅមន្ទីរពេទ្យព្រះអង្គឌួង បានលើកឡើងថា ជំងឺទឹកនោមផ្អែម ជាទូទៅ កើតឡើងដោយសារតែការកើនឡើងជាតិស្ករក្នុងឈាម ដែលលើសពីកម្រិតធម្មតា។
ជំងឺទឹកនោមផ្អែម បែងចែកជាពីរប្រភេទ។ ប្រភេទទី១-កើតទៅលើក្មេង និងប្រភេទទី២-កើតលើមនុស្សចាស់។ តែជំងឺទឹកនោមផ្អែមទាំង ២ប្រភេទនេះ ក៏អាចកើតទាំងលើក្មេង និងទាំងលើមនុស្សចាស់ ដោយសារតែរបបអាហាររបស់គាត់ មានការប្រែប្រួល។
មូលហេតុ ដែលបណ្តាលឲ្យកើតជំងឺទឹកនោមផ្អែម៖
១-កត្តាតំណពូជ
២-កត្តារស់នៅ
៣-កត្តាចំណីអាហារ ដែលមានជាតិស្ករច្រើន
៤-មិនមានពេលវេលាក្នុងការហាត់ប្រាណ
៥-គេងមិនបានគ្រប់គ្រាន់
លោកវេជ្ជបណ្ឌិត ជិន ចន្ទ ដេវីត បន្តថា ជំងឺទឹកនោមផ្អែម មានទំនាក់ទំនងនឹងភ្នែក ដោយសារតែការឡើងជាតិស្ករ ដែលធ្វើឲ្យប៉ះពាល់សំខាន់ជាងគេ ទៅលើសរសៃឈាម។ កាលណាយើងទុកឲ្យជាតិស្ករឡើងខ្ពស់ រហូតដល់ឈឺរ៉ាំរ៉ៃ គឺសរសៃឈាម ចាប់ផ្តើមរលួយហើយ។ សរសៃឈាមនៅក្នុងភ្នែក ជាសរសៃឈាមតូចៗ ដែលវាងាយនឹងប៉ះពាល់ខ្លាំង។
លោកវេជ្ជបណ្ឌិត បន្តថា ជាទូទៅ បើយើងទុកជាតិស្ករឡើងខ្ពស់ រយៈពេលយូរ វានឹងធ្វើឲ្យសរសៃឈាម ចាប់ផ្តើមរលួយ ចាប់ផ្តើមធ្លាយ ដែលជាមូលហេតុធ្វើឲ្យគាត់ងងឹតភ្នែក មើលលែងឃើញ។ ដូច្នេះកត្តានេះ បើទុកយូរ មិនបានធ្វើរោគវិនិច្ឆ័យ និងមិនបានព្យាបាលទេ នោះការងងឹតភ្នែករបស់គាត់ មិនអាចត្រលប់មកដូចដើមវិញទេ។
វិធីព្យាបាលភ្នែក ដែលបង្កដោយទឹកនោមផ្អែម៖
១-ការព្យាបាលដោយការបាញ់កាំរស្មីឡាស៊ែ
២-ការព្យាបាលដោយការចាក់ថ្នាំបញ្ចូល
៣-ការព្យាបាលដោយការវះកាត់ បើសិនជាមានការហូរឈាមខ្លាំង នៅក្នុងគ្រាប់ភ្នែករបស់គាត់
លោកវេជ្ជបណ្ឌិត ជិន ចន្ទ ដាវីត បន្ថែមថា នៅមន្ទីរពេទ្យព្រះអង្គឌួង មានជំនាញ និងមានឧបករណ៍គ្រប់គ្រាន់ ក្នុងការពិនិត្យព្យាបាលភ្នែកតាមវិធីទាំង ៣ប្រភេទនេះ។
លោកវេជ្ជបណ្ឌិត បន្ថែមថា ទន្ទឹមនឹងការព្យាបាលភ្នែក យើងក៏ត្រូវព្យាបាលជំងឺទឹកនោមផ្អែម ក្នុងពេលតំណាលគ្នាផងដែរ។ បើមិនដូច្នោះទេ ភ្នែករបស់អ្នកជំងឺទឹកនោមផ្អែម នៅតែងងឹតដដែល។
អំឡុងពេលព្យាបាលជំងឺទឹកនោមផ្អែម អ្នកជំងឺ ត្រូវអនុវត្ត ៥ ចំណុច៖
១-ជួបពេទ្យឲ្យបានទៀងទាត់
២-ប្រើប្រាស់ថ្នាំឲ្យជាប់លាប់
៣-របបអាហារ ត្រូវព្យាបាលហូបឲ្យនឹង មិនឲ្យតមពេក ហើយក៏មិនឲ្យហូបច្រើនពេក
៤-គេងឲ្យគ្រប់គ្រាន់
៥-ការហាត់ប្រាណ (បើអ្នកជំងឺហាត់ប្រាណបាន នោះនឹងកាត់បន្ថយការប្រើប្រាស់ថ្នាំពី ២០% ទៅ ៣០%)
សូមបញ្ជាក់ថា មន្ទីរពេទ្យព្រះអង្គឌួង គឺជាមន្ទីរពេទ្យរដ្ឋ ដែលបានប្រើប្រាស់កម្មវិធីពេទ្យយើង។ កម្មវិធីពេទ្យយើង បង្កើតដោយក្រុមហ៊ុន ហ្វឺស វីម៉ិនថេក អេស៊ា ជាប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យឌីជីថលដំបូងគេនៅកម្ពុជា ដើម្បីចូលរួមចំណែកកសាងប្រព័ន្ធសុខាភិបាលទំនើប បែបឌីជីថល នៅកម្ពុជា និងសម្រាប់សហគមន៍អាស៊ាន តាមរយៈការផ្តល់សុវត្ថិភាពដល់កំណត់ត្រាព្យាបាល ទិន្នន័យសុខភាពអ្នកជំងឺ និងជួយឲ្យគ្លីនិក និងមន្ទីរពេទ្យដៃគូដំណើរការរលូន និងពុំមានការរំខាន៕
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង