វិធីយកឈ្នះភាពភ័យខ្លាច

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2021-10-22

មនុស្សម្នាក់ៗ មានការភ័យខ្លាចរៀងៗខ្លួន និងខុសៗគ្នា ទៅលើវត្ថុ ឬបញ្ហាផ្សេងៗ។ ភាពភ័យខ្លាច អាចបង្កជារោគសញ្ញា បេះដូងលោតញាប់ ដង្ហើមខ្លី បុកពោះ ប្រែប្រួលសមត្ថភាពកិនអាហារ បែកញើស ត្រជាក់ចុងដៃចុងជើង និងកន្ត្រាក់សាច់ដុំ ជាដើម។

ប្រសិនបើអ្នកមិនដឹងពីវិធីគ្រប់គ្រងអារម្មណ៍នោះទេ អ្នកនឹងនៅតែបន្តប្រឈមមុខនឹងភាពភ័យខ្លាច និងការថប់អារម្មណ៍គ្រប់ពេល ដែលអ្នកជួបនឹងបញ្ហានោះ។

ខាងក្រោមនេះ ជាវិធីមួយចំនួន ដែលអាចជួយឲ្យអ្នកយកឈ្នះភាពភ័យខ្លាច៖

១. សម្រួលអារម្មណ៍ ដោយការឈប់គិត៖ អ្នកអាចព្យាយាមឈប់គិតពីបញ្ហារយៈពេល ១៥នាទី ដោយដើរជុំវិញចុះឡើង ផឹកកាហ្វេ ឬងូតទឹកសម្អាតកាយ។

២. ដកដង្ហើមឲ្យវែងៗ៖ នៅពេលបេះដូងលោតញាប់ ឬអ្នកបែកញើសខ្លាំង អ្នកគួរដកដង្ហើមឲ្យវែងៗ ដើម្បីឲ្យស្ងប់អារម្មណ៍ និងស៊ាំខ្លួននឹងបញ្ហា។

៣ ប្រឈមមុខនឹងបញ្ហា៖ ការជៀសវាងពីភាពខ្លាច នឹងគ្រាន់តែធ្វើឲ្យអ្នកខ្លាចបញ្ហាខ្លាំងជាងមុនប៉ុណ្ណោះ។ ដូចនេះ អ្នកត្រូវប្រឈមមុខនឹងបញ្ហា ដើម្បីបង្កើនភាពក្លាហានទប់ទល់នឹងបញ្ហាទាំងនោះ ដែលជារឿងប្រសើរ សម្រាប់ថ្ងៃខាងមុខ។

៤. ស្វែងយល់ពីការពិត៖ អ្នកគួរគិត និងស្វែងយល់ពីការពិតពាក់ព័ន្ធនឹងបញ្ហានេះថា វាអាចធ្វើឲ្យអ្នកមានគ្រោះថ្នាក់ដែរ ឬទេ? ឧទាហរណ៍ថា អ្នកភ័យខ្លាចអំពីការជាប់ក្នុងជណ្ដើរយន្ត។ អ្នកត្រូវស្វែងយល់ថា តើបញ្ហានេះ កើតឡើងញឹកញាប់ប៉ុណ្ណា ហើយអ្នកគួរតែបារម្ភពីបញ្ហានេះ ដែរ ឬទេ?

៥. កុំព្យាយាមធ្វើជាមនុស្សល្អឥតខ្ចោះ៖ ជីវិតមនុស្សតែងមានឡើង និងចុះ។ ដូចនេះ អ្នកមិនគួរដាក់សម្ពាធលើខ្លួនឯងពេកនោះទេ។ អ្វីដែលនឹងកើតឡើង គង់នឹងកើតឡើង ដូចនេះ អ្នកមិនគួរមានការភ័យខ្លាចនោះទេ។

៦. ស្រមៃ​ពីទីកន្លែងរីករាយ៖ នៅពេលមានភាពភ័យខ្លាច អ្នកអាចបិទភ្នែក និងស្រមៃ​គិតពីទីកន្លែង ដែលធ្វើឲ្យអ្នកស្ងប់ ឬសប្បាយចិត្ត។ នោះអ្នកនឹងកាត់បន្ថយបាននូវភាពភ័យខ្លាច។

៧. គេង​ បរិភោគឲ្យបានគ្រប់គ្រាន់ និងដើរឲ្យបានច្រើន៕

ប្រភព៖ NHS Inform II https://www.nhsinform.scot/ & https://www.webmd.com/

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង