ជំងឺពពែភ្នែក

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2021-10-22

លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត គង់ ពិសិដ្ឋ ឯកទេសចក្ខុរោគ នៃមន្ទីរពេទ្យភ្នែក ដុកទ័រ គង់ ពិសិដ្ឋ នៅក្នុងកម្មវិធី​សន្ទនាអំពីសុខភាព របស់ពេទ្យយើង បានលើកឡើងថា ពពែភ្នែក ច្រើនកើតលើក្មេង និងមនុស្សជំទង់​។ វាធ្វើ​ឲ្យត្របកភ្នែករបស់​យើងហើម ហើយពក ជាពិសេស​ពេលវាធ្វើសកម្មភាពខ្លាំង ធ្វើ​ឲ្យ​ហើមត្របកភ្នែកខាងលើ ឬខាងក្រោម។ អាចកើតមានតំណាលគ្នា ឬក៏​អាចឆ្លាស់គ្នា។

មូលហេតុបង្កឲ្យមានជំងឺពពែភ្នែក៖

១-ក្រ​ពេញ​ផលិត​ខ្លាញ់   រន្ធរបស់វា គឺស្ទះ នាំឲ្យរលាកក្នុងភ្នែកបង្កទៅជាខ្ទុះ

២-កើតឡើងដោយមេរោគ ដោយសារ​ការប៉ះធូលីដី ដៃមិនស្អាត មកញី ឬប៉ះភ្នែក វាធ្វើ​ឲ្យ​មេរោគ តោងលើរោមភ្នែក ហើយចូលទៅក្នុង​រន្ធគល់រោមភ្នែក ឬមួយក៏រន្ធ ដែលបញ្ចេញខ្លាញ់។ ដូច្នេះបង្កទៅជាខ្ទុះ ហើមប៉ោង

វិធីព្យាបាលជំងឺពពែភ្នែក៖

១- បើតិចតួច វាអាចបាត់ទៅវិញដោយខ្លួនឯង ឬមួយ​ក៏ព្យាបាលដោយខ្លួនឯង ប្រសិនណាវាហើមតិចតួច ឬមួយក៏កើតឡើងដោយមិនធ្ងន់ធ្ងរទេ គឺយើងអាច​ព្យាបាល ដោយខ្លួនឯង ប្រើទឹកក្តៅដាក់កន្សែងស្អំ កុំ​ឲ្យក្តៅពេក ហើយក៏កុំ​ឲ្យត្រជាក់ពេក។ គឺថា ឲ្យអ៊ុនៗ ហើយយើងស្អំទៅលើភ្នែករបស់យើង​ មួយថ្ងៃ ឲ្យបានម្តង ទៅ ២ដង​។ ក្នុង ១ដង ពី ១៥នាទី ទៅ ២០នាទី​។

២-សម្អាតភ្នែក សម្អាតគល់រោមភ្នែក ដោយឧស្សាហ៍លុបមុខនឹងទឹកស្អាត​ ជាពិសេសពេលរៀបគេង ឬក៏នៅពេលគេងហើយ ឬក៏ពេលចេញទៅក្រៅ នៅពេលប៉ះធូលីដី កន្លែងដែលមិនស្អាត។

៣-បើពពែភ្នែក កើតឡើងហើយមាន​លក្ខណៈ

ធ្ងន់ធ្ងរ ប៉ោង​ខ្ទុះធំ អ្នកជំងឺត្រូវមកជួបគ្រូពេទ្យ​ ដើម្បី​ព្យាបាល​។ ពេទ្យនឹងចុះយកខ្ទុះនោះចេញ ហើយព្យាបាល ដោយប្រើថ្នាំបន្តក់ភ្នែក។ បើមិនព្យាបាលទេ វាអាចបែកដោយខ្លួនវាវិញ ហើយវាអាចមានបញ្ហា អាចទៅជាក្រិន ទៅជាគីស ជាដើម។ អ្នកមានពពែភ្នែក ប៉ោងធំ ហើយមិនបែក ក៏អាចបង្កទៅជាគីស​។

ដូច្នេះ​លោកវេជ្ជបណ្ឌិត គង់ ពិសិដ្ឋ លើកឡើងថា នៅ​ពេល​អ្នក​ជំងឺ​ មានបញ្ហាពពែភ្នែក សូម​មកពិនិត្យព្យាបាលជាមួយគ្រូពេទ្យ ដើម្បីជៀសវាង​ជំងឺផ្សេងៗ ហើយជាពិសេសដើម្បីកុំ​ឲ្យប៉ះពាល់ដល់ត្របកភ្នែក និងក្រពេញ ដែលត្រូវផលិត​ខ្លាញ់។

លោកវេជ្ជបណ្ឌិត គង់ ពិសិដ្ឋ បញ្ជាក់ថា បើការខូចខាតក្រពេញផលិតខ្លាញ់​នេះច្រើន ធ្វើ​ឲ្យភ្នែកយើងស្ងួត​។ ដូច្នេះ​យើងគួរតែការពារ និងអនាម័យត្របកភ្នែក​ឲ្យស្អាត ហើយយើងអាចព្យាបាលខ្លួនយើងបាន នៅពេលហើមតិចតួច យើងអាចស្អំដោយទឹកក្តៅអ៊ុនៗ ប៉ុន្តែករណីធ្ងន់ធ្ងរ គួរតែមកជួបគ្រូពេទ្យ ដើម្បីពិនិត្យព្យាបាល។ ជំងឺ​ពពែភ្នែក ជា​ជំងឺ ដែលយើងជួបប្រទះសព្វថ្ងៃច្រើន។ ដូច្នេះយើងត្រូវអនាម័យ និងការពារភ្នែក​។

សូមជម្រាបជូនថា មន្ទីរពេទ្យភ្នែក ដុកទ័រ គង់ ពិសិដ្ឋ គឺជាមន្ទីរពេទ្យឯកជនមួយ​ នៅក្នុងរាជធានីភ្នំពេញ ដែល​បាន​ប្រើប្រាស់នូវ​កម្មវិធី «ពេទ្យ​យើង»។ កម្មវិធីពេទ្យយើង ជាកម្មវិធីប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យបែបឌីជីថល ផ្តល់សេវាគ្រប់គ្រងប្រតិបត្តិការ នៅក្នុងស្ថាប័នសុខាភិបាលទាំងរដ្ឋ និងឯកជន។ កម្មវិធីនេះ បង្កើតឡើង ក្នុងគោលបំណងចូលរួមលើកកម្ពស់ការថែរក្សាបរិស្ថាន ទីក្រុងស្អាត តាមរយៈការកាត់បន្ថយប្រើប្រាស់ក្រដាស ការព្រីនឯកសារនានា នៅក្នុងមន្ទីរពេទ្យ និងជាពិសេសនោះ រាល់ប្រតិបត្តិការទាំងអស់ នៅក្នុងស្ថាប័នសុខាភិបាល ត្រូវបានគ្រប់គ្រងដោយប្រព័ន្ធឌីជីថល ដែលផ្តល់សុវត្ថិភាព និងផ្តល់ភាពងាយស្រួលទាំងអ្នកផ្តល់សេវាព្យាបាល និងអ្នកជំងឺ៕

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង