អាហារមិនល្អ សម្រាប់សុខភាពភ្នែក

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2021-10-20

តើអ្នកដឹងទេ ថាមនុស្សប្រមាណ ២៥០លាននាក់ ជុំវិញសកលលោក មានបញ្ហាបាត់បង់គំហើញក្នុងកម្រិតស្រាល ឬធ្ងន់?

សុខភាពភ្នែក មានទំនាក់ទំនងផ្ទាល់នឹង​សុខភាពបេះដូង និងសរសៃឈាមរបស់អ្នក។ អាហារ ដែលអ្នកបរិភោគ អាចជះឥទ្ធិពលយ៉ាងខ្លាំង ទៅលើសុខភាពសរសៃឈាមបេះដូង និងសុខភាពភ្នែករបស់អ្នក។

សូមអានអត្ថបទនេះ ដើម្បីស្វែងយល់ពីប្រភេទអាហារ ដែលផ្ដល់ផលមិនល្អ​​ដល់សុខភាពភ្នែករបស់អ្នក   ដូចជា៖

១. សាច់កែច្នៃ៖ អាចបង្កជំងឺដាច់សរសៃឈាមក្នុងសរសៃបាតភ្នែក ការដក់ទឹកក្នុងបាតភ្នែក និងការស្ទះលំហូរឈាម ធ្វើឲ្យខូចសរសៃប្រសាទ និងខូចគំហើញ។

២. អាហារបំពង៖​ អាចបង្កើនកម្រិតកូលេស្តេរ៉ូល បង្កជាជំងឺបេះដូង ដាច់សរសៃឈាម ទឹកនោមផ្អែមប្រភេទ ២ និងបង្កើតរ៉ាឌីកាល់សេរី ដែលធ្វើឲ្យកោសិកាខូច ឬងាប់ ដែលមានពាក់ព័ន្ធនឹងជំងឺភ្នែក។

៣. ប្រេងចម្អិនអាហារ៖ វាមានជាតិខ្លាញ់មិនល្អ ដែលអាចបង្កជំងឺ AMD ហើយជំងឺនេះ អាចប៉ះពាល់ដល់គំហើញ ត្រង់ចំណុចកណ្ដាលរបស់ភ្នែក។

៤. នំប៉័ង និងផាស្តា៖​ វាមានផ្ទុកសារធាតុកាបូនីដ្រាត ដែលបង្កើនអត្រានៃការកើតជំងឺ AMD និងបង្កើនជាតិស្ករក្នុងឈាម។

៥. អាហារកំប៉ុង៖ វាមានផ្ទុកនូវសារធាតុសូដ្យូម និងអំបិលខ្ពស់ ដែលបង្កើនហានិភ័យនៃការឡើងសម្ពាធឈាម និងកើតមានបញ្ហាភ្នែក។

៦. ភេសជ្ជៈដែលមានជាតិស្ករខ្ពស់៖ វាមានកាឡូរី និងជាតិស្ករខ្ពស់ ដែលនាំឲ្យអ្នកងាយកើតជំងឺទឹកនោមផ្អែម និងជំងឺបេះដូង។

៧. ជាតិអាល់កុល៖ គ្រឿងស្រវឹង ឬជាតិអាល់កុល អាចបង្កជំងឺភ្នែកឡើងបាយក្នុងវ័យក្មេង។

៨. ជាតិកាហ្វេអ៊ីន៖ អាចបង្កើនសម្ពាធខ្លាំងក្នុងភ្នែក ដែលបង្កឲ្យអ្នកបាត់បង់គំហើញ និងពិការភ្នែក៕

ប្រភព៖ WebMD II https://www.webmd.com/

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង