ក្នុងកម្មវិធីសន្ទនាអំពីសុខភាព របស់ពេទ្យយើង ក្រោមប្រធានបទ «ជំងឺស្រ្តូក» លោកវេជ្ជបណ្ឌិត អោម ណាវុធ ឯកទេសជំងឺឆ្លង និងប្រព័ន្ធប្រសាទនៃមន្ទីរសម្រាកព្យាបាល និងថែទាំមនុស្សចាស់ វិសារ បានលើកឡើងថា ជំងឺស្ត្រូក (Stroke) ដែលភាសាខ្មែរហៅថា ជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល។ ដោយសារតែសរសៃឈាមខួរក្បាល អាចដាច់ ឬក៏ស្ទះ ដែលធ្វើឲ្យបង្អាក់ឈាម ទៅចិញ្ចឹមផ្នែកណាមួយនៃខួរក្បាល។ ដូច្នេះហើយ វាធ្វើឲ្យខួរក្បាលខ្វះខាតនូវសារធាតុចិញ្ចឹម ឬឈាម នាំឲ្យកើតជំងឺ ស្ត្រូក។
.មូលហេតុ៖
លោកវេជ្ជបណ្ឌិត អោម ណាវុធ លើកឡើងថា ជំងឺស្រូក ចែកជា ២ផ្នែកសំខាន់ៗ គឺជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺស្ទះសរសៃឈាមខួរក្បាល។ រីឯមូលហេតុ នាំឲ្យកើតជំងឺនេះ រួមមាន៖ ១-កំណកសរសៃឈាម អណ្តែតទៅក្នុងខួរក្បាល និង២-ការបែកសរសៃឈាមខួរក្បាល។
កត្តា ដែលអាចឲ្យមានជំងឺស្រូក ក៏ត្រូវបានលោកវេជ្ជបណ្ឌិត អោម ណាវុធ លើកឡើងថា វាចូលរួមកត្តាហានិភ័យ ដូចជា មានជំងឺវិបត្តិចង្វាក់បេះដូង មានជំងឺពាក់ព័ន្ធនឹងប្រឺសបេះដូង ទាក់ទងនឹងសំពាធឈាម ការគ្របគ្រងសំពាធឈាម មិនបានល្អ ហើយអ្នកជំងឺ មានជំងឺប្រចាំកាយផ្សេងៗទៀត ដូចជា ទឹកនោមផ្អែម លើសជាតិខ្លាញ់ មានវិបត្តិសរសៃឈាមខួរក្បាល ដែលរីកប៉ោង ឬក៏ការលូតលាស់ខុសប្រក្រតីនៃសរសៃឈាមខួរក្បាល។ សូម្បីតែស្ត្រេស ក៏អាចធ្វើឲ្យអ្នកជំងឺ កើតជំងឺស្ត្រូក បានដែរ។
ដូច្នេះ លោកវេជ្ជបណ្ឌិត បានណែនាំឲ្យត្រួតពិនិត្យ និងតាមដានសុខភាព ឲ្យបានទៀងទាត់។ ក្នុងវ័យជាង ៣០ឆ្នាំឡើងទៅ ម្នាក់ៗ គួរតែត្រួតពិនិត្យ និងតាមដានសុខភាព។
.អាការៈនៃជំងឺស្ត្រូក៖
១-វេចមុខមួយចំហៀងភ្លាមៗ
២-ចាប់ផ្តើមមានអាការៈទន់មួយចំហៀងខ្លួនភ្លាមៗ
៣-ចាប់ផ្តើមពិបាកនិយាយភ្លាមៗ និយាយលែងចេញ ឬនិយាយឡុលៗ
៤-អ្នកជំងឺ អាចមានអាការ
ៈធេងធោង ឬងងឹតមុខ ជាដើម
លោកវេជ្ជបណ្ឌិត បន្ថែមថា ជំងឺស្ត្រូក អាចកើតឡើងលើមនុស្សគ្រប់វ័យ។ ទាំងមនុស្សចាស់ និងទាំងកូនក្មេង។ ក៏ប៉ុន្តែវ័យកាន់តែចាស់ គាត់ប្រឈមកាន់តែខ្ពស់។ ចំពោះក្មេង ក៏អាចកើតជំងឺស្ត្រូកនេះ បានដែរ ដោយសារតែការវិវឌ្ឍន៍មិនប្រក្រតីនៃសរសៃឈាមខួរក្បាលរបស់គាត់។ វ័យកាន់តែចាស់ ជំងឺប្រចាំកាយកាន់តែច្រើន ដូច្នេះអ្នកជំងឺប្រឈមកាន់តែខ្ពស់កើតជំងឺស្ត្រូកនេះ។
អ្នកមានជំងឺទឹកនោមផ្អែម និងជំងឺលើសឈាម ដែលអាចបង្កហានិភ័យខ្ពស់ ឈានដល់ជំងឺស្ត្រូក។ ដូច្នេះទាមទារឲ្យអ្នកជំងឺតាមដានសុខភាព និងព្យាបាល ពិសេសលើជំងឺទឹកនោមផ្អែម និងជំងឺលើសឈាមនេះ។
ផលវិបាកនៃជំងឺស្ត្រូក៖
អ្នកជំងឺស្ត្រូក អាចមានផលវិបាករយៈពេលខ្លី និងផលវិបាករយៈពេលវែង។ ផលវិបាករយៈពេលខ្លី គឺអាចបាត់បង់ជីវិត និងជំងឺរលាកសួត។ រីឯផលវិបាករយៈពេលវែង គឺពេលចេញពីសង្គ្រោះព្យាបាល អ្នកជំងឺអាចវិវឌ្ឍទៅជាពិការភាពរយៈពេលខ្លី ឬរយៈពេលវែង។ អាចវិវឌ្ឍទៅជាជំងឺភ្លេចភ្លាំងបាន ឬជំងឺឈឺក្បាលរ៉ាំរ៉ៃ ជំងឺប្រកាច់ និងជំងឺបាក់ទឹកចិត្ត ជាដើម។
ការព្យាបាល៖
ចំពោះការព្យាបាលនៃជំងឺស្ត្រូក ក៏ត្រូវបានលោកវេជ្ជបណ្ឌិត អោម ណាវុធ លើកឡើងថា ទាមទារឲ្យអ្នកជំងឺព្យាបាលនៅមន្ទីរពេទ្យ ព្រោះជំងឺនេះ អាចប្រឈមនឹងអាយុជីវិតរបស់អ្នកជំងឺ។ បច្ចេកទេសនៃការព្យាបាល គឺអាស្រ័យលើប្រភេទនៃជំងឺស្ត្រូករបស់គាត់។ បើសិនជាអ្នកជំងឺ មានជំងឺស្ត្រូក បណ្តាលមកពីស្ទះសរសៃឈាមខួរក្បាល យើងនឹងស្វែងរកមូលហេតុ ថាតើមូលហេតុអ្វី បានជាគាត់ស្ទះ? បើសិនជាយើងស្វែងរកកំណកក្នុងសរសៃឈាមខួរក្បាលឃើញ គឺគ្រូពេទ្យ អាចមានវិធីសាស្ត្រ ក្នុងការចាក់ថ្នាំ ដើម្បីបំបែកកំណក ឬក៏យើងប្រើវិធីសាស្ត្រក្នុងការចាប់យកកំណកនោះចេញ។ បើសិនជា កត្តាទាំង ២នេះ មិនអាចធ្វើបានទេ យើងមានវិធីសាស្ត្រក្នុងការញ៉ាំថ្នាំ ដើម្បីរំលាយកំណកឈាម នៅក្នុងខួរក្បាលរបស់អ្នកជំងឺ។
លោកវេជ្ជបណ្ឌិត បន្ថែមថា ចំពោះការព្យាបាល ទាក់ទងនឹងការដាច់សរសៃឈាមខួរក្បាលវិញ គឺវាខុសនឹងស្ទះសរសៃឈាមខួរក្បាល។ អីចឹង យើងតាមដានស្ថានភាពអ្នកជំងឺ ហើយបើវាយតម្លៃថា ស្ថានភាពអ្នកជំងឺមិនល្អ ក្នុងការតាមដានព្យាបាលដោយវេជ្ជសាស្ត្រទេ នោះអ្នកជំងឺអាចឈានដល់ការវះកាត់ ដោយគ្រូពេទ្យវះកាត់។
អ្នកជំងឺស្រូក ដែលឈានដល់ការវះកាត់ គឺគាត់ដាច់សរសៃឈាមខួរក្បាល ហើយទំហំនៃការដាច់ធំ។ យើងវះកាត់ ដើម្បីដកដុំហ្នឹងចេញ ដើម្បីកុំឲ្យវាសង្កត់លើសរសៃឈាមខួរក្បាលរបស់គាត់។
យើងអាចវះកាត់អ្នកជំងឺដាច់សរសៃឈាមខួរក្បាល នៅពេលដែលការស្ទះនោះ ធំ ធ្វើឲ្យសរសៃឈាមខួរក្បាលហើម ដែលអាចសង្កត់លើផ្នែកខាងក្រោមខួរក្បាល អាចធ្វើឲ្យប៉ះពាល់ដល់អាយុជីវិតអ្នកជំងឺ។ ដូច្នេះយើងវះកាត់ដកលលាដ៍ក្បាលគាត់ចេញ ដើម្បីឲ្យឱកាសខួរក្បាលគាត់ អាចហើម ហើយវាអាចទ្រោមទៅវិញ នៅពេលវាសះស្បើយ។
លោកវេជ្ជបណ្ឌិត បន្តថា ជំងឺស្ត្រូក អាចកើតម្តងទៀតហើយ កើតម្តងទៀតបាន អាស្រ័យលើស្ថានភាពអ្នកជំងឺជាក់ស្តែង។ ឧទាហរណ៍ថា គាត់មានជំងឺប្រចាំកាយណាមួយ ដែលអាចកើតជំងឺស្ត្រូក ដូចជា គាត់ខូចប្រឺសបេះដូង ដូច្នេះវាធ្វើឲ្យបញ្ហាកំណកឈាម ងាយនឹងកើតឡើង ហើយវាអាចអណ្តែតទៅក្នុងខួរក្បាលរបស់គាត់ ដែលធ្វើឲ្យគាត់អាចស្ទះម្តងហើយ ស្ទះម្តងទៀត។
មួយប្រភេទទៀត ជាក្រុមអ្នកជំងឺមានបញ្ហាវិបត្តិគ្រាប់ឈាម។ ដោយសារតែទម្រង់គ្រាប់ឈាម ខុសប្រក្រតី វាអាចតោងគ្នា ដែលអាចធ្វើឲ្យស្ទះសរសៃឈាមខួរក្បាលរបស់គាត់ឡើងវិញបាន។ ដូច្នេះបើអ្នកជំងឺមានអាការៈ ឬមានជំងឺប្រចាំកាយ នោះគ្រូពេទ្យ នឹងប្រាប់អ្នកជំងឺ ឲ្យតាមដាន និងពិនិត្យសុខភាព ឲ្យបានទៀងទាត់ ដើម្បីគ្រប់គ្រងបញ្ហា ជៀសវាងការវិវឌ្ឍជាលើកទី២ទៀត។
វិធីការពារ៖
លោកវេជ្ជបណ្ឌិត អោម ណាវុធ លើកឡើងថា មិនទាន់មានវិធានការជាក់លាក់ ១០០% ដើម្បីការពារជំងឺស្ត្រូកទេ។ តែមានចំណុចសំខាន់ៗ មួយចំនួន៖
១-តាមដាន និងពិនិត្យសុខភាពឲ្យបានទៀងទាត់ជាមួយគ្រូពេទ្យ
២-ត្រូវមានលំហាត់ប្រាណ ឲ្យបានទៀងទាត់
៣-ការបរិភោគចំណីអាហារ ដែលយើងគិតថា ជាប្រភេទចំណីអាហារបំប៉នសុខភាពរបស់យើង។ ជៀសវាងបរិភោគអាហារ ដែលប្រៃពេក ផ្អែមពេក ជាដើម ឬក៏ចំណីអាហារ សំបូរជាតិខ្លាញ់។
លោកវេជ្ជបណ្ឌិត អោម ណាវុធ បន្ថែមថា នៅពេលវ័យយើងកាន់តែចាស់ គឺប្រឈមនឹងជំងឺស្ត្រូក ដោយសារតែប្រព័ន្ធក្នុងខ្លួនរបស់យើង មិនអាចស្ថិតស្ថិរបានទេ ដែលធ្វើឲ្យសរសៃឈាមរបស់យើង ប្រែប្រួល ខូចខាត និងងាយបែក។ ក្នុងនោះ យើងនៅអាស៊ី ប្រឈមនឹងបញ្ហាជំងឺលើសឈាម និងទឹកនោមផ្អែម។
សូមជម្រាបជូនថា មន្ទីរសម្រាកព្យាបាល និងថែទាំមនុស្សចាស់ វិសារ បានជ្រើសរើស «កម្មវិធីពេទ្យយើង» ដែលជាកម្មវិធីប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យបែបឌីជីថល ផ្តល់សេវាគ្រប់គ្រងប្រតិបត្តិការ នៅក្នុងស្ថាប័នសុខាភិបាលទាំងរដ្ឋ និងឯកជន។ កម្មវិធីពេទ្យយើង បង្កើតឡើងក្នុងគោលបំណងចូលរួមលើកកម្ពស់ការថែរក្សាបរិស្ថាន ទីក្រុងស្អាត តាមរយៈការកាត់បន្ថយប្រើប្រាស់ក្រដាស ការព្រីនឯកសារនានានៅក្នុងមន្ទីរពេទ្យ និងជាពិសេស រាល់ប្រតិបត្តិការទាំងអស់ នៅក្នុងស្ថាប័នសុខាភិបាល ត្រូវបានគ្រប់គ្រងដោយប្រព័ន្ធឌីជីថល ដែលផ្តល់សុវត្ថិភាព និងផ្តល់ភាពងាយស្រួលទាំងអ្នកផ្តល់សេវាព្យាបាល និងទាំងអ្នកជំងឺ៕
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង