ការទល់លាមក ជាបញ្ហាធម្មតា ដែលឧស្សាហ៍កើតលើកុមារ។ ជំងឺទល់លាមកនេះ មានរោគសញ្ញា ដូចជា ការបន្ទោរបង់មិនញឹកញាប់ (តិចជាង ៣ដង ក្នុង ១សប្ដាហ៍) ហើយលាមក មានសភាពរឹង និងស្ងួត។ បញ្ហានេះ បង្កជាផលវិបាកជាច្រើនដល់កុមារ ដូចជា ឈឺចាប់ក្នុងពេលបន្ទោរបង់ ឈឺពោះ ឬមានឈាមក្នុងលាមក ជាដើម។
ការទល់លាមក បង្កដោយមូលហេតុ ដូចខាងក្រោម៖
១. ការទប់នៅពេលឈឺពោះ បន្ទោរបង់
២. បរិភោគអាហារ ដែលខ្វះជាតិសរសៃ ឬជាតិទឹក
៣. ការផ្លាស់ប្ដូរបរិយាកាសរស់នៅ
៤. ថ្នាំវេជ្ជសាស្ត្រមួយចំនួន
៥. ប្រតិកម្មនឹងទឹកដោះគោ
៦. គ្រួសារមានប្រវត្តិទល់លាមកច្រើន
៧. ភាពមិនប្រក្រតីនៃរាងកាយ បញ្ហាប្រព័ន្ធរំលាយអាហារ។ល។
វិធីការពារការទល់លាមកលើកុមារ៖
១. ផ្ដល់អាហារ ដែលមានជាតិសរសៃដល់កុមារឲ្យបានច្រើន
២. លើកទឹកចិត្តឲ្យកុមារផឹកទឹកឲ្យបានច្រើន
៣. ឲ្យកុមារធ្វើសកម្មភាពឲ្យបានច្រើន
៤. កំណត់ពេលវេលា សំរាប់កុមារបន្ទោរបង់ បន្ទាប់ពីកុមារទទួលទានអាហាររួច
៥. ប្រាប់កុមារ កុំឲ្យទប់ នៅពេលឈឺពោះបន្ទោរបង់
៦. វិភាគ ឬផ្លាស់ប្ដូរទម្លាប់ទទួលទានថ្នាំវេជ្ជសាស្ត្រ ដែលធ្វើឲ្យកុមារទល់លាមក៕
ប្រភព៖ Mayo Clinic II https://www.mayoclinic.org/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង