ជំងឺរលាកសួតលើកុមារ គឺជាទម្រង់នៃការឆ្លងមេរោគតាមផ្លូវដង្ហើមស្រួចស្រាវ ដែលមានប៉ះពាល់ដល់សាច់របស់សួត។ សួត ត្រូវបានបង្កើតឡើងដោយថង់តូចៗ ដែលគេហៅថា alveoli ហើយវាបានបំពេញដោយខ្យល់ នៅពេលដែលមនុស្សដកដង្ហើម។ នៅពេលដែលកុមារមានជំងឺរលាកសួត ថង់ alveoli ត្រូវបានបំពេញដោយខ្ទុះ និងសារធាតុរាវ ដែលធ្វើឱ្យពិបាកដកដង្ហើម ហើយធ្វើអោយសួត ទទួលអុកស៊ីសែន មានកម្រិត។
មូលហេតុនៃជំងឺរលាកសួតលើកុមារ៖
ជំងឺរលាកសួត បណ្តាលមកពីភ្នាក់ងារបង្ករោគមួយចំនួន រួមមាន មេរោគ បាក់តេរី ផ្សិត និងពពួកប៉ារ៉ាស៊ីត។
រោគសញ្ញា៖
រោគសញ្ញាកុមារ ឬទារក ដែលកើតជំងឺរលាសួត អាចខុសគ្នាបន្តិចបន្តួច ដោយផ្អែកលើមូលហេតុ ដែលបណ្តាលឱ្យមានជំងឺរលាកសួត។ ករណីជំងឺរលាកសួត ដោយសារបាក់តេរី ច្រើនកើតឡើងភ្លាមៗ ជាមួយនឹងរោគសញ្ញាទាំងនេះ៖
១. ក្អកមានស្លេស
២. ឈឺចាប់នៅពេលក្អក
៣. ក្អួត ឬរាករូស
៤. បាត់បង់ចំណង់អាហារ
៥. មិនព្រមបៅ
៦. អស់កម្លាំង
៨. គ្រុនក្តៅ
រោគសញ្ញាដំបូងនៃជំងឺរលាកសួត ដោយសារវីរុស៖
១. ញាក់
២.ដកដង្ហើមលឿន ឬពិបាកដកដង្ហើម
៣. ឈឺក្បាល
៤. ភាពច្របូកច្របល់ (កុមារឆាប់ ខឹង មួរមៅ)
ម្តាយឪពុក ឬអាណាព្យាបាល ត្រូវស្វែងយល់អំពីដំណើរការធ្វើរោគវិនិច្ឆ័យរបស់វេជ្ជបណ្ឌិត ដូចតទៅ៖
១. ការរាប់គ្រាប់ឈាម (អេម៉ូក្រាម)
២. ការថតសួតដោយកាំរស្មីអ៊ិច
៣. ការបណ្តុះមេរោគក្នុងឈាម
៤. ការពិនិត្យមើលទឹកក្នុងស្រោមសួត
៥. ការធ្វើតេស្តសេរ៉ូឡូហ្ស៊ី រកមេរោគមួយចំនួន ដូចជា Mycoplasma pneumonia
វិធីព្យាបាល៖
ការព្យាបាល អាចរួមបញ្ចូលថ្នាំអង់ទីប៊ីយោទិច សម្រាប់កុមារ ដែលមានជំងឺរលាកសួត ដោយសារបាក់តេរី។ ជំងឺរលាកសួត ដែលទាក់ទងនឹងជំងឺផ្តាសាយ អាចត្រូវបានព្យាបាល ដោយថ្នាំប្រឆាំងវីរុសផងដែរ។
ការព្យាបាលផ្សេងទៀត អាចកាត់បន្ថយរោគសញ្ញា៖
១. ឱ្យកុមារសម្រាកឱ្យបានច្រើន
២. បរិភោគទឹកឱ្យបានច្រើន
៣. បើកម៉ាស៊ីនត្រជាក់ នៅក្នុងបន្ទប់កូនរបស់អ្នក
៤. ថ្នាំ Acetaminophen សម្រាប់គ្រុនក្តៅ និងមិនស្រួលខ្លួន
៥. ថ្នាំសម្រាប់ក្អក
វិធីការពារ៖
១. ការចាក់ថ្នាំបង្ការ៖ វ៉ាក់សំាំងបង្ការរោគប្រឆាំងនឹងហ៊ីប (HIB) រលាកសួត កញ្ជ្រឹល និងក្អកមាន់ គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតក្នុងការការពារជំងឺរលាកសួតលើកុមារ។
២. បំបៅកូនដោយទឹកដោះម្តាយយ៉ាងតិច អោយបាន ៦ខែ ព្រោះទឹកដោះម្តាយ មានសារធាតុចិញ្ចឹមយ៉ាងល្អ ជួយកាត់បន្ថយជំងឺរលាកសួត និងប្រឆាំងនិងជំងឺផ្សេងៗ។
៣. អនាម័យ៖ ត្រូវរក្សាអនាម័យកន្លែងរស់នៅ អាហារ និងការស្លៀកពាក់អោយបានត្រឹមត្រូវ៕
ប្រភព៖WHO II https://www.who.int l Cedars Sinai II https://www.cedars-sinai.org
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង