វិធីសម្អាតភ្នែកឲ្យបានស្អាតល្អ បន្ទាប់ពីមានកម្ទេច ឬសារធាតុគីមីចូល

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2021-10-14

ដូចជារូបរាងកាយ ភ្នែកទទួលរងនូវការប៉ះនឹងធូលីដី កម្ទេចវត្ថុ​ ឬសារធាតុផ្សេងៗ ដែលធ្វើឲ្យភ្នែកកខ្វក់ ហើយអាចកកើតជាកំណកអាចម៍ភ្នែក ឬធ្វើ​ឲ្យ​ឈឺចាប់ដល់ភ្នែក ជាដើម។ អ្នកអាចសម្អាតរាងកាយដោយប្រើសាប៊ូ និងទឹក ប៉ុន្តែតើអ្នកដឹងដែរឬទេ ថាអ្នកគួរសម្អាតភ្នែក ដោយវិធីណាឲ្យត្រឹមត្រូវ?

ទាំងនេះ ជាវិធីសាស្ត្រ ដែលគួរអនុវត្ត ដើម្បីសម្អាតភ្នែកឲ្យបានស្អាត និងមានសុវត្ថិភាព នៅពេលមានសារធាតុអ្វីមួយចូល៖

១. មានសារធាតុគីមីចូល៖

ជូតភ្នែកដោយប្រើទឹក (មិនក្ដៅ មិនត្រជាក់) ឬសូលុយស្យុងអំបិលភ្លាមៗ រយៈពេល ១៥នាទី។ បន្ទាប់ពី​សម្អាតដោយប្រើទឹករួច អ្នកគួរទាក់ទងទៅសេវាថែទាំសុខភាពភ្នែក ដើម្បីទទួលការណែនាំបែបវេជ្ជសាស្ត្រ។

២. មានកំណកអាចម៍ភ្នែក៖

ដំបូងអ្នកត្រូវកេះយកកំណកចេញ បន្ទាប់មកបិទភ្នែក និងយកក្រណាត់សើម ក្ដៅឧណ្ណៗ មកស្អំលើភ្នែក​។ បន្សើមក្រណាត់ ជាមួយទឹកក្ដៅឧណ្ណៗ​ម្ដងទៀត រួចជូតជុំវិញរង្វង់ភ្នែក រហូតដល់ភ្នែករបស់អ្នកស្អាតល្អ។

អ្វីដែលគួរកត់ចំណាំ ក្នុងការសម្អាតភ្នែក៖

១. សម្អាតដៃឲ្យបានស្អាតជានិច្ច មុនពេល និងក្រោយពេលសម្អាត។

២. ប្រើទឹកក្ដៅឧណ្ណៗ​ ឬទឹកត្រជាក់ល្មម (ហាមប្រើទឹកក្ដៅ)។

៣. ប្រើក្រណាត់ថ្មីជានិច្ច រាល់ពេលសម្អាតភ្នែកម្ដងៗ ដើម្បីជៀសវាងការឆ្លងមេរោគ។

៤. នៅពេលមានធូលី ឬវត្ថុតូចៗចូល អ្នកគួរព្រិចភ្នែក ពីរទៅបីដង ដើម្បីឲ្យទឹកភ្នែកសម្អាតធូលី និងវត្ថុផ្សេងៗបាន។

៥. ហាមយកដៃទៅរុកយកវត្ថុ ដែលជាប់ក្នុងភ្នែក ប៉ុន្តែអ្នកអាចជូតថ្នមៗ ដោយប្រើក្រណាត់សើមបាន​។

៦. ហាមត្រដុសភ្នែក ព្រោះវាអាចធ្វើឲ្យធូលី ចូលក្នុងភ្នែកកាន់តែជ្រៅ។

៧. គួរទាក់ទងទៅវេជ្ជបណ្ឌិត ប្រសិនបើអ្នកពិបាកបើកភ្នែក ឈឺភ្នែក ក្រហមភ្នែក ចាញ់ពន្លឺ ឬពិបាកយកកម្ទេចចេញពីភ្នែក៕

ប្រភព៖ WebMD II https://www.webmd.com/

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង