តើកាំរស្មី UV ជាអ្វី? នេះជាវិធីការពារខ្លួនពីកាំរស្មីព្រះអាទិត្យ UV?

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2021-08-20

ថ្មីៗនេះក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសជាសាធារណៈអំពីសន្ទស្សន៍នៃការឡើងកាំរស្មីព្រះអាទិត្យ UV ដល់កម្រិត ១០ ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២១ នេះ ដែលអាចកើនឡើងចាប់ពីវេលាម៉ោង ១០ព្រឹក ដល់ ២រសៀល ដែលបង្ករហានិភ័យ និងគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពមនុស្ស សត្វ និងរុក្ខជាតិ ជាពិសេសភ្នែក និងស្បែក។​ ការកើនឡើងសន្ទស្សន៍នេះជាបាតុភូតដែលកើតឡើងក្នុងបណ្ដាប្រទេសឥណ្ឌូចិន ដូចនេះប្រជាពលរដ្ឋកម្ពុជាគ្រប់រូបគួរមានការត្រៀមខ្លួន និងប្រុងប្រយ័ត្នឲ្យបានខ្ពស់អំពីកម្ដៅថ្ងៃនេះ។

 

តើកាំរស្មី UV ជាអ្វី?

កាំរស្មីព្រះអាទិត្យ UV ជាកាំរស្មីពន្លឺពណ៌ស្វាយ ដែលជាពន្លឺចាំងឆ្លុះដែលបញ្ចេញដោយព្រះអាទិត្យមកលើផ្ទៃដីជាប្រចាំថ្ងៃ។ កាំរស្មីនេះមានសារៈសំខាន់សំរាប់ជីវិតគ្រប់បែបយ៉ាងលើភពផែនដី ហើយវាផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាពមនុស្សតាមរយៈការបង្កើត វីតាមីន D។ វីតាមីន D ជួយឲ្យរាងកាយស្រូបយក កាល់ស្យូម និងផូស្វ័រពីចំណីអាហារ និងជួយដល់ការលូតលាស់ឆ្អឹង។ ទោះជាយ៉ាងណា វាក៏មានផលប៉ះពាល់មួយចំនួនផងដែរដូចជា ការរលាកស្បែក ឆាប់ចាស់ ពិការភ្នែក និងមហារីកស្បែកជាដើម។

 

តើ UV Index ជាអ្វី?

UV Index ឬ សន្ទស្សន៍កាំរស្មីព្រះអាទិត្យ ជាខ្នាតវាស់ស្តង់ដាអន្តរជាតិសំរាប់ការវាស់កាំរស្មីព្រះអាទិត្យ (UV) នៅក្នុងទីតាំង និងពេលវេលាមួយ។ ខ្នាតនេះត្រូវបានគេកំណត់ពីខ្សោយទៅខ្លាំង (ពី ១ ទៅ ១០) ដែលកម្រិតខ្ពស់បំផុតជាកម្រិតដែលអាចបង្ករហានិភ័យធ្ងន់ធ្ងរដល់សុខភាព។

 

កម្រិត និងខ្នាតនៃ UV Index៖

១​ - ២ (កម្រិតទាប)៖ មិនត្រូវការការពារនោះទេ។

៣ - ៧ (កម្រិតមធ្យមទៅខ្ពស់)៖ ត្រូវការការពារ។ ហួសពីម៉ោង ៩ព្រឹកទៅ អ្នកគួរពាក់វ៉ែនតាការពារភ្នែកពីពន្លឺព្រះអាទិត្យ ពាក់មួក ស្លៀកពាក់ជិតៗ និងលាបផលិតផលការពារស្បែកដែលមាន​ SPF-១៥។

៨ - ១០ (កម្រិតធ្ងន់ធ្ងរ)៖ ត្រូចការការពារខ្ពស់។ គួរជៀសវាងការត្រូវកម្ដៅថ្ងៃទាំងស្រុងចាប់ពីក្រោយម៉ោង ៩ព្រឹក ឬស្វែងរកទីជម្រកការពារពន្លឺ ស្លៀកសម្លៀកបំពាក់ការពារស្បែក ពាក់មួក ពាក់វ៉ែនតាការពារភ្នែកពីកម្ដៅ និងលាបផលិតផលការពារស្បែកក្នុងអប្បបរមា SPF-១៥ ឬខ្ពស់ជាងនេះ។

 

វិធីការពារខ្លួនពីកាំរស្មីព្រះអាទិត្យ UV៖

១. ស្នាក់នៅទីតាំងដែលមានការការពារពន្លឺគ្រប់គ្រាន់។

២. ស្លៀកសម្លៀកបំពាក់ដែលបិទបាំងដៃ និងជើងឲ្យបានជិត

៣. ពាក់មួកធំ ទូលាយ ដើម្បីការពារមុខ ក្បាល ភ្នែក ត្រចៀក និងក។

៤. ពាក់វ៉ែនតាការពារកម្ដៅព្រះអាទិត្យ។

៥. លាបផលិតផលការពារស្បែកពីព្រះអាទិត្យដែលមានកម្រិត SPF-១៥ ឬខ្ពស់ជាងនេះ។

៦. ជៀសវាងការហាលស្បែកក្រោមកម្ដៅថ្ងៃ៕

 

ប្រភព៖ The Phnom Penh Post II https://www.phnompenhpost.com/, Khmer Time II https://www.khmertimeskh.com/, CDC II https://www.cdc.gov/, EPA II https://www.epa.gov/ & RFI II https://www.rfi.fr/km/

 

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង