គន្លឹះដែលជួយឲ្យអ្នកធ្វើចត្តាឡីស័ក ចៀសផុតពីការបាក់ទឹកចិត្ត

ការពារ​ប្រឆាំង ជំងឺ កូវីដ ១៩  |  Date: 2021-07-19

ជំងឺបាក់ទឹកចិត្តជាបញ្ហាធ្ងន់ធ្ងរមួយក្នុងសង្គមបច្ចុប្បន្ន ព្រោះជំងឺបាក់ទឹកចិត្តមានឥទ្ធិពលខ្លាំងលើសុខភាពផ្លូវចិត្ត សុខភាពផ្លូវកាយ និងរបៀបរបបរស់នៅប្រចាំថ្ងៃ។ អ្នកជំងឺបាក់ទឹកចិត្តអាចជួបបញ្ហាជាច្រើនដូចជា ឧហ្សាហ៍ខឹង ថប់អារម្មណ៍ កើតទុក្ខ អស់សង្ឃឹម ឬគ្មានចំណង់ផ្លូវភេទ មានបញ្ហាផ្នែកបញ្ញា មានបញ្ហាក្នុងការគេង និងអស់កម្លាំង បាត់បង់ចំណង់អាហារ ស្រកទម្ងន់ ឈឺក្បាល -ល-។ កត្តាបង្ករជំងឺបាក់ទឹកចិត្តមានច្រើន រួមបញ្ចូលទាំងការនៅក្នុងផ្ទះច្រើនផងដែរ។ ដោយសារកូវីដ-១៩ លោកអ្នកត្រូវនៅផ្ទះរក្សាគម្លាត កាត់បន្ថយទំនាក់ទំនងសង្គម និងរស់នៅតាមរបៀបថ្មី ដែលអាចបង្ករបញ្ហាផ្លូវចិត្ត ឬធ្វើឲ្យកាន់តែធ្ងន់ធ្ងរជាដើម។ ដើម្បីឲ្យអ្នកជំងឺកូវីដ-១៩ ដែលកំពុងធ្វើចត្តាឡីស័ក ចៀសផុតពីការបាក់ទឹកចិត្ត ពេទ្យយើង សូមណែនាំគន្លឹះមួយចំនួនដូចជា៖

១. ទទួលស្គាល់ថាការផ្ដាច់ខ្លួនអាចផ្ដល់ផលអវិជ្ជមាន៖ អ្នកគួរយល់ថានៅពេលអ្នកនៅម្នាក់ឯងច្រើនពេក អ្នកអាចមានអារម្មណ៍អវិជ្ជមាន ប៉ុន្តែក្នុងករណីនេះការផ្ដាច់ខ្លួនជាកាតព្វកិច្ចថ្មីក្នុងការជួយអោយសុខភាពមនុស្សទូទាំងពិភពលោក ដូចនេះអ្នកមិនគួរដាក់សម្ពាធផ្លូវចិត្តលើខ្លួនឯងនោះទេ។ អ្នកគួរឲ្យតម្លៃខ្លួនឯង និងគិតថាវាជារឿងធម្មតា និងចាំបាច់ក្នុងការជួយជីវិតរបស់អ្នក និងអ្នកដទៃ។

២. បង្កើតទម្លាប់ថ្មី៖ អ្នកគួរមើលថែខ្លួនតាមរយៈទម្លាប់វិជ្ជមានមួយចំនួនដូចជា ការបង្កើតអារម្មណ៍ស្រស់ស្រាយ ហាត់ប្រាណ គេងគ្រប់គ្រាន់ ឬស្ដាប់ចម្រៀងកំដរអារម្មណ៍ខណៈពេលងូតទឹកជាដើម -ល-។

៣. ចេញក្រៅដោយរក្សាគម្លាត៖ អ្នកអាចចេញក្រៅប៉ុន្មាននាទីដើម្បីគយគន់បរិស្ថានខាងក្រៅ ធ្វើសមាធិ ស្រូបយកវីតាមីន D​ ដែលរាងកាយត្រូវការ ប៉ុន្តែអ្នកត្រូវរក្សាគម្លាតឲ្យបានល្អ។

៤. ធ្វើសកម្មភាពដែលផ្ដល់ភាពរីករាយ៖ អ្នកអាចធ្វើកិច្ចការក្នុងសួនច្បារ ដាំដើមឈើ តុបតែង ផាត់ពណ៌ គូររូប ធ្វើម្ហូប -ល-។

៥. ទំនាក់ទំនងតាមអនឡាញ៖ អ្នកគួរចំណាយពេលខ្លះទាក់ទងនឹងមិត្តភក្ដិ ឬគ្រួសារតាមប្រព័ន្ធអនឡាញ និងកាត់បន្ថយពេលវេលាប្រើប្រាស់ឧបករណ៍អេឡិចត្រូនិច។

៦. រៀបចំបរិស្ថានជុំវិញផ្ទះឲ្យបានល្អ៖ ស្ថានភាពនៃមជ្ឈដ្ឋានរស់នៅរបស់អ្នកជាចំណែកមួយនៃការប្រែប្រួលអារម្មណ៍របស់អ្នកក្នុងជីវិតប្រចាំថ្ងៃ ដូចនេះអ្នកគួររៀបចំវាឲ្យបានល្អ។

៧. ស្វែងរកជំនួយផ្លូវចិត្តពីវេជ្ជបណ្ឌិត អ្នកជំនាញ កម្មវិធីលើឧបករណ៍អេឡិចត្រូនិច (Talkspace ឬ Chatbot) -ល- ដើម្បីចែករំលែក ឬបន្ធូរសម្ពាធរបស់អ្នក។

ប្រភព​៖ Healthline II https://www.healthline.com/

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង