ដោយសារតែទូរទឹកកកបានក្លាយជាឧបករណ៍អេឡិចត្រូនិចដែលពេញនិយម ប្រជាពលរដ្ឋទូទៅបានប្រើប្រាស់ទូរទឹកកកសំរាប់ ទុកដាក់ រក្សាគុណភាព និងសីតុណ្ហភាពរបស់ម្ហូបអាហារ ភេសជ្ជៈ បង្អែម បន្លែ និងសាច់ជាដើម។ ការប្រើប្រាស់ទូរទឹកកកអាចជួយសម្រួលលោកអ្នក ឲ្យរក្សាសីតុណ្ហភាព អាហារ និងផ្អាកការវិត្តខ្លួនរបស់បាក់តេរី រក្សាអនាម័យ រក្សាអាហារមិនឲ្យឆាប់ខូច ជួយដល់សេដ្ឋកិច្ច និងពេលវេលារបស់អ្នកក្នុងការចំណាយលើការទិញ ឬចម្អិនអាហារផងដែរ។
ទូរទឹកកកផ្ដល់នូវភាពងាយស្រួល សន្សំសម្ចៃ និងគុណភាព ក៏ប៉ុន្តែអាហារមួយចំនួនដែលអ្នករក្សាទុក មានផ្ទុកនូវបាក់តេរីជាច្រើន។ អាហារទាំងនេះមានដូចជា ទឹកដោះគោ ស៊ុត សាច់ឆៅ និងត្រីជាដើម។ ប្រសិនជាអ្នកមិនបានសម្អាត ឬរៀបចំមិនបានល្អ បាក់តេរីនឹងវិវត្តខ្លួន ដែលនាំឲ្យអាហារក្នុងទូរទឹកកក មានជាតិពុល និងបង្កជាជំងឺមួយចំនួន៖
១. រលាកស្រោមខួរ
២. រាគ
៣. រលាកពោះវៀន
៤. រមួលពោះ
៥. ឆ្លងមេរោគចូលក្រពះពោះវៀន
៦. ពុលអាហារ។
ដើម្បីចៀសវាងបញ្ហាទាំងអស់នេះ លោកអ្នកគួរដឹងពីគន្លឹះក្នុងការរៀបចំទូរទឹកកកឲ្យបានល្អ៖
១. ទុកសាច់ឆៅ សាច់មាន់ និងអាហារសមុទ្រ នៅថ្នាក់ខាងក្រោម ដើម្បីកុំឲ្យទឹក ឬឈាមហូរស្រក់លើ អាហារផ្សេងៗ
២. ពិនិត្យមើលសីតុណ្ហភាពឲ្យបានញឹកញាប់ (រៀងរាល់ថ្ងៃ ឬមួយសប្ដាហ៍ម្ដង)
៣. ដាក់ភេសជ្ជកំប៉ុង ឬដបបញ្ឈរដើម្បីឲ្យទូលាយ
៤. ដាក់អាហារសល់ក្នុងប្រអប់ ឬគ្របឲ្យបានល្អ
៥. ជៀសវាងការដាក់អាហារដែលមិនគួរដាក់ដូចជា អាហារដែលមិនងាយខូច ឬអាហារដែលងាយប្រែ គុណភាពនៅក្នុងសីតុណ្ហភាពទូរទឹកក (ប៉េងប៉ោះ ចេក ដំឡូង ប្លែប៉ែស និងខ្ទឹមបារាំង)
៦. មិនត្រូវដាក់អាហារច្រើនពេកក្នុងទូរទឹកកក ដែលធ្វើឲ្យគ្មានចរន្តខ្យល់។
ប្រភព៖ Health Live Blog II http://www.healthliveblog.org, Real Simple II https://www.realsimple.com, Minerva Omega Group II https://www.minervaomegagroup.com, University of Minnesota Extension II https://extension.umn.edu, E Times II https://timesofindia.indiatimes.com
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង