តើអាហារចម្អិនដោយ Microwave ប៉ះពាល់សុខភាពដែរឬទេ?

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2021-05-26

តើអ្នកមានម៉ាស៊ីន Microwave នៅផ្ទះដែរឬទេ? បច្ចុប្បន្ននេះបច្ចេកវិទ្យាបានផ្ដល់ដំណោះស្រាយសំខាន់ៗជាច្រើនសំរាប់ប្រជាពលរដ្ឋទាំងឡាយក្នុងការបំពេញការងារនៅតាមផ្ទះ ឬនៅការិយាល័យ។ ម៉ាស៊ីន Microwave ជាម៉ាស៊ីនចម្អិនអាហារដែលជួយឲ្យលោកអ្នកចម្អិន ឬកម្ដៅអាហារច្រើនប្រភេទ ប៉ុន្តែអ្វីដែលសំខាន់អំពីម៉ាស៊ីននេះគឺការសន្សំសម្ចៃពេលវេលា និងការផ្ដល់ភាពងាយស្រួលសំរាប់លោកអ្នកដោយមិនចាំបាច់ចម្អិនផ្ទាល់ដៃ។

តើម៉ាស៊ីន Microwave ដំណើរការបែបណា ចង់ដឹងទេ?

ម៉ាស៊ីនចម្អិនអាហារនេះប្រើរលកនៃថាមពល ដែលស្រដៀងនឹងរលកវិទ្យុសកម្ម ប៉ុន្តែខ្លីជាងរលកវិទ្យុសកម្ម។  រលកនេះនឹងមានប្រតិកម្មជាមួយនឹងទឹក និងម៉ុលេគុលផ្សេងៗទៀតដែលមានអគ្គិសនីបញ្ច្រាស់គ្នា បូកដក វិជ្ជមាន និងអវិជ្ជមាន។ Microwave ធ្វើឲ្យម៉ូលេគុលទាំងនេះញ័រ បន្ទាប់មកក៏បង្កើតថាមពលកម្ដៅភ្លាមៗ។

តើអ្នកញ៉ាំអាហារដែលចម្អិនដោយម៉ាស៊ីននេះ តើវាមានសុវត្ថិភាពដល់សុខភាពដែរឬទេ?

នៅពេលអាហារត្រូវបានកម្ដៅ សារធាតុបំប៉ននានា​ នឹងត្រូវបានបាត់បង់ទៅតាមកម្ដៅ ជាពិសេសគឺវីតាមីន C។ ប៉ុន្តែដោយសារការចម្អិនតាមម៉ាស៊ីន Microwave មានរយៈពេលខ្លី និងលឿន​ វាមានប្រសិទ្ធភាពខ្ពស់ក្នុងការរក្សាវីតាមីន C និងសារធាតុបំប៉នផ្សេងៗទៀតពីការបាត់បង់ទៅតាមកម្ដៅ។

ម្យ៉ាងទៀតបន្លែគឺជាអាហារដែលងាយបាត់បង់សារធាតុបំប៉នទៅតាមទឹក បើសិនជាអ្នកចម្អិនអាហាដែលប្រើទឹកច្រើន។ ឧទាហរណ៍ ការចម្អិនផ្កាខាត់ណាដែលប្រើទឹកច្រើន អាចធ្វើឲ្យបាត់ glucosinolate ដែលជាសារជាតុមួយជួយប្រឆាំងជំងឺមហារីក​ ផ្ទុយទៅវិញការប្រើ Microwave នឹងរក្សា glucosinolate បានល្អជាងការចម្អិនធម្មតា។

សរុបសេចក្ដីមក ការចម្អិនដោយ Microwave ពិតជានាំឲ្យមានភាពងាយស្រួលដល់មេផ្ទះ និងសមាជិកគ្រួសារទាំងឡាយដែលត្រូវការជំនួយក្នុងការចម្អិនម្ហូប។ អ្វីដែលពិសេសជាងនេះទៀតគឺ វាអាចជួយឲ្យអ្នកមានសុខភាពល្អ ព្រោះវាមានសមត្ថភាពរក្សាវីតាមីន និងសារធាតុរ៉ែបានល្អជាងវិធីចម្អិនផ្សេងទៀតដោយការប្រើប្រាស់ទឹកតិច។

ប្រភព៖  Harvard Health Publishing II https://www.health.harvard.edu

 រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង