តើបច្ចេកវិទ្យាវ៉ែនតាវៃឆ្លាតអាចជួយដល់វិស័យសុខាភិបាលយ៉ាងដូចម្ដេច?

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2021-05-19

បច្ចេកវិទ្យាបានក្លាយជាផ្នែកដ៏សំខាន់មួយក្នុងវិស័យសុខាភិបាល ដោយសារតែសង្គមបច្ចុប្បន្នកំពុងតែពឹងផ្អែកលើបច្ចេកវិទ្យា និងឧបករណ៍អេឡិចត្រូនិចជាជំនួយស្ទើរគ្រប់ផ្នែកនៃជីវិតមនុស្ស។ មួយវិញទៀតដោយសារតែកូវីដ ១៩ បានវាយលុកទូទាំងពិភពលោក តួនាទីរបស់បច្ចេកវិទ្យាកាន់តែមានសារៈសំខាន់។ ការប្រើប្រាស់ ឬគ្រប់គ្រងឯកសារ និងទិន្ន័យនានា អាចដំណើរការបាននៅលើទូរស័ព្ទដៃ ឬឧបករណ៍មួយចំនួនដែលបំពាក់លើរាងកាយមនុស្ស​ដូចជានាឡិកាវៃឆ្លាត ឬវ៉ែនតាវៃឆ្លាតជាដើម។

តើវ៉ែនតាវៃឆ្លាតជាអ្វី?

វ៉ែនតាវៃឆ្លាត ជាវ៉ែនតាដែលអាចបង្ហាញ និងទាញយកព័ត៌មាន ដែលនាំឲ្យអ្នកពាក់វ៉ែនតានេះមើល និងបញ្ជា រូបភាពបានតាមរយៈវ៉ែនតាផ្ទាល់បានតែម្ដង ដោយមិនត្រូវការឧបករណ៍ឆ្លាតវៃផ្សេងទៀតដូចជាកុំព្យូទ័រនោះទេ។

តើវ៉ែនតាវៃឆ្លាតអាចជួយដល់វិស័យសុខាភិបាលបានយ៉ាងដូចម្ដេច?

អត្ថប្រយោជន៍របស់វាក្នុងវិស័យសុខាភិបាលមាន៖

១. ជួយសម្រួលដល់ការហ្វឹកហាត់ផ្នែកវេជ្ជសាស្ត្រ៖ បច្ចេកវិទ្យាបង្ហាញរូបភាពសុប្បនិម្មិតទំនើបៗដូចជា Augmented Reality Virtual Reality និង​ Extended Reality ត្រូវបានបំពាក់លើវ៉ែនតាវៃឆ្លាត អាចជួយសម្រួលដល់ការអនុវត្ត ឬហ្វឹកហាត់ជំនាញផ្នែកវេជ្ជសាស្ត្របានយ៉ាងល្អ។

២. បង្កើនប្រសិទ្ធភាពនៃការធ្វើរោគវិនិច្ឆ័យ៖ បច្ចេកវិទ្យានេះអាចជួយដល់ការធ្វើរោគវិនិច្ឆ័យ ដោយសារវ៉ែនតាប្រភេទនេះអាចរក្សាទុក និងផ្ញើព័ត៌មានអំពីអាការៈសុខភាពរបស់អ្នកជំងឺ ដែលអ្នកជំងឺអាចផ្ញើទៅវេជ្ជបណ្ឌិតបានដោយមិនតម្រូវឲ្យធ្វើការណាត់ជួបផ្ទាល់។

៣. ជួយដល់ការវះកាត់៖ ការប្រើវ៉ែនតាវៃឆ្លាតអាចផ្ដល់នូវភាពងាយស្រួល និងប្រសិទ្ធភាពដល់គ្រូពេទ្យវះកាត់ ដោយសារគ្រូពេទ្យអាចមើលឃើញព័ត៌មានសំខាន់ៗបានច្បាស់នៅទីកន្លែងដែលមិនអាចប្រើកុំព្យូទ័របាន។

៤. ប្រឆាំងជំងឺកូវីដ ១៩៖ វាមានអត្ថប្រយោជន៍ដល់ការប្រឆាំងការឆ្លងជំងឺកូវីដ ១៩ ឬមានគ្រោះថ្នាក់ដល់ជីវិតដោយសារកូវីដ ១៩។ តួនាទីពិសេសរបស់វា គឺ ការតាមដានបម្រែបម្រួលនៃកម្រិតអុកស៊ីសែន និងចង្វាក់បេះដូងបាន ដើម្បីបញ្ចៀសហានិភ័យដល់ជនរងគ្រោះ។ សមត្ថភាពនៃការធ្វើរោគវិនិច្ឆ័យដោយអ្នកជំងឺផ្ទាល់ អនុញ្ញាតឲ្យអ្នកជំងឺកាត់បន្ថយការជួបគ្រូពេទ្យ ឬចេញក្រៅច្រើនក្នុងសម័យកូវីដ ១៩។

ប្រភព៖  HealthIntelligence II healthintelligence.com​, healthtechmagazine.net​

 រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង