ហេតុអ្វីបានជាម្ដាយឪពុកត្រូវអានសៀវភៅឲ្យកូនស្ដាប់តាំងពីនៅក្នុងផ្ទៃ?

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2021-05-11

 ការអានមានអត្ថប្រយោជន៍ជាច្រើនសំរាប់កុមារតូចៗដូចជា ជួយឲ្យកុមារអភិវឌ្ឍភាសា រៀនពាក្យថ្មីៗ បង្កើនចំណងទំនាក់ទំនងជាមួយអាណាព្យាបាល មានអារម្មណ៍ស្ងប់ និងចូលចិត្តការរៀនសូត្រ ជាដើម។ យ៉ាងណាមិញការអានក៏អាចជួយដល់ការលូតលាស់របស់ទារកនៅក្នុងផ្ទៃផងដែរ ដូច្នេះ ស្ត្រីដែលមានផ្ទៃពោះ ឬស្វាមីគួរអានសៀវភៅអោយទារកស្តាប់អំឡុងពេលទារកនៅក្នុងផ្ទៃម្តាយ។

តើទារកនៅក្នុងផ្ទៃប៉ុន្មានខែទើបអ្នកគួរចាប់ផ្ដើមអានសៀវភៅឲ្យពួកគេស្ដាប់?

លោកអ្នកគួរចាប់ផ្ដើមអានចាប់ពីពេលទារកនៅក្នុងពោះនៅពេលដែលពួកគេមានអាយុចាប់ពី ២៣ ទៅ ២៥ សប្ដាហ៍ឡើងទៅ ព្រោះក្នុងអំឡុងពេលនេះទារកអាចទម្លាប់ខ្លួននឹងបរិយាកាសនៅក្នុងស្បូន និងស្ដាប់លឺសម្លេងនៅខាងក្រៅបានខ្លះដែលធ្វើឲ្យទារកអាចចាប់បាននូវអ្វីដែលអ្នកបានអានឲ្យគេស្ដាប់។

តើការអានឲ្យទារកក្នុងផ្ទៃស្ដាប់មានអត្ថប្រយោជន៍អ្វីខ្លះ?

ការអានមានអត្ថប្រយោជន៍ដូចជា៖

យោងតាមការសិក្សាស្រាវជ្រាវរបស់លោកវេជ្ជបណ្ឌិត Michael Roizen សកលវិទ្យាល័យ Oregon និងការសិក្សាស្រាវជ្រាវមួយចំនួនទៀតបានបង្ហាញថាការអានសៀវភៅឲ្យទារកស្ដាប់ក្នុងផ្ទៃម្ដាយមានអត្ថប្រយោជន៍ដូចជា៖

  • ជួយឲ្យម្ដាយ និងទារកមានអារម្មណ៍ស្ងប់
  • បង្កើតចំណងទំនាក់ទំនងល្អរវាងម្ដាយ និងកូន
  • កុមារអាចអភិវឌ្ឍដំណរភ្ជាប់សរសៃប្រសាទបានលឿនដែលជួយដល់ការអភិវឌ្ឍខួរក្បាលបានល្អ
  • កុមារអាចវិវត្តញាណបានល្អ
  • កុមារអាចរៀនពាក្យថ្មីៗ និងធ្វើការអភិវឌ្ឍន៍ភាសាបានលឿន។

តើអ្នកគួរជ្រើសរើសប្រភេទអត្ថបទបែបណាមកអានឲ្យទារកស្ដាប់?

ប្រភេទអត្ថបទដែលអ្នកគួរជ្រើសរើសមកអានរួមមាន៖

  • ការធ្វើដំណើរទៅកន្លែងប្លែកៗ ឬជុំវិញពិភពលោក៖ វាអាចជួយឲ្យទារកមានអារម្មណ៍រំភើប និងស្រស់ស្រាយ
  • អត្ថបទដែលមានកំណាព្យ ឬមានភាពរណ្ដំ អាចជួយឲ្យទារកងាយយល់តាមរយៈសារសម្លេង ឬអត្ថន័យពាក្យនីមួយៗ
  • អត្ថបទអំពីរឿងទេវកថា ដែលអាចជួយបង្កើនសមត្ថភាពស្រមើលស្រម៉ៃ និងឆ្នៃប្រឌិតដល់ ទារក។

ប្រភព៖ Green Child Magazine II https://www.greenchildmagazine.com

 First Cry Parenting II https://parenting.firstcry.com

, Terra Centre II https://terracentre.ca

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង