នៅតាមគេហដ្ឋាននីមួយៗ លោកអ្នកគួរមានម៉ាស៊ីនវាស់សម្ពាធឈាម ដើម្បីងាយស្រួលតាមដានសម្ពាធឈាមរបស់លោកអ្នកប្រចាំថ្ងៃ ជាពិសេសសម្រាប់អ្នកដែលមានជំងឺលើសម្ពាធឈាម។ ការប្រើប្រាស់ម៉ាស៊ីនវាស់សម្ពាធឈាមមិនត្រឹមត្រូវ វាអាចផ្តល់លទ្ធផលសម្ពាធឈាមខុស និងមិនច្បាស់លាស់ ដូចនេះលោកអ្នកគួរអនុវត្តតាមជំហានខាងក្រោមនេះ៖
១. មុនពេលវាស់សម្ពាធឈាម លោកអ្នកគួរសម្រាក និងពុំត្រូវមានអារម្មណ៍ស្ត្រេស ឬរសាប់រសល់នោះទេ ដើម្បីទទួលបានលទ្ធផលច្បាស់លាស់។
២. អង្គុយលើកៅអីឲ្យត្រង់ ហើយផ្អែកខ្នងអ្នកលើកៅអី និងដាក់ដៃរបស់លោកអ្នកឲ្យស្ងៀមនៅលើតុ។
៣. ដាក់ប្រដាប់រុំដៃនៅលើដើមដៃស្តាំ ហើយរឹតវាឲ្យតឹងដោយទុកចន្លោះដែលអាចដាក់ម្រាមដៃពីរចូលបាន ហើយដាក់ឲ្យខ្សែរត់ទៅចុងដៃស្តាំ។
៤. ចុចប៊ូតុងបើក ហើយបន្តរក្សាដៃនៅឲ្យស្ងៀម និងមិនគួរនិយាយឡើយ។
៥. លោកអ្នកនឹងអាចមានអារម្មណ៍ថាតឹងដៃ ប៉ុន្តែវានឹងបាត់ទៅវិញក្នុងរយៈពេលខ្លី។ ប្រសិនបើលោកអ្នកមានអារម្មណ៍ថាតឹងខ្លាំង លោកអ្នកអាចចុចប៊ូតុងបិទបាន។
៦. លោកអ្នកគួរវាស់ម្តងទៀត បន្ទាប់ពីវាស់ ២ ទៅ ៣ នាទីរួច ដើម្បីប្រាកដថាលទ្ធផលនោះត្រឹមត្រូវ ហើយច្បាស់លាស់ ហើយលោកអ្នកគួរកត់លទ្ធផលទាំងនោះទុក ដើម្បីតាមដានសុខភាពរបស់លោកអ្នក។
៧. ប្រសិនបើលោកអ្នកត្រូវបានស្នើសុំឲ្យវាស់សម្ពាធឈាមខ្លួនឯង លោកអ្នកគួរវាស់ពីរដងក្នុងមួយថ្ងៃ ដោយវាស់ពេលព្រឹកម្តង និងពេលល្ងាចម្តង។
ប្រភព៖ BHF II https://www.bhf.org.uk
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង